រដ្ឋាភិបាល៖ សេដ្ឋកិច្ចកម្ពុជារំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥%នៅឆ្នាំ២០២១

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករថានឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥%។ នេះបើយោងតាមសិក្សារបស់រដ្ឋាភិបាលចេញផ្សាយនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០ អំឡុងកិច្ចពិភាក្សាលើរបៀបវារៈស្ដីពី “សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១”។

ការសម្រេចបានកំណើនក្នុងរង្វង់ ៣,៥%នេះ នឹងធ្វើឱ្យផលិតផលសរុបក្នុងស្រុក (ផ.ស.ស.) ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ២៩ ០១៣លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់១ ៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។

– វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញក្នុងអត្រាកំណើន ៤,១%ក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមានក្នុងអត្រា -២,២% ក្នុងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

– វិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាទាប៣,៦%ក្នុងឆ្នាំ២០២១បើប្រៀបធៀបនឹងកំណើនអវិជ្ជមានក្នុងអត្រា -៣,០%ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងកម្រិតទាបនៃសកម្មភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកបន្ទាប់ពីវិបត្តិកូវីដ-១៩។

– វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា១,៦%ក្នុងឆ្នាំ២០២១ ពីកំណើន០,៩%ក្នុងឆ្នាំ២០២០ ដោយសារការកើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ។ អនុវិស័យដំណាំត្រូវបានព្យាករថានឹងសម្រេចបានកំណើនខ្ពស់ជាងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវកំណើនផលិតកម្មកសិកម្ម ស្របពេលដែលថ្លៃ និងតម្រូវការខាងក្រៅមានការកើនឡើង។

អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា៣,១%ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក ក្នុងឆ្នាំ២០២០៕

ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៣,៥% ក្នុងបរិបទនៃ ការកើនឡើងនូវភាពមិនប្រាកដប្រជា ទាំងក្នុង និងក្រៅប្រទេស។

+ ការរក្សាលំនឹងសង្គម-សេដ្ឋកិច្ច តាមរយៈការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវី៨-១៩ និងការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្ម ព្រមទាំងការបន្តរក្សាលំនឹងជីវភាពប្រជាជន ដែលរួមមាន៖
– ការបន្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ- ១៩ តាមរយៈវិធានការសំខាន់ៗរួមមាន៖ការបង្កើនចំណាយលើវិស័យសុខាភិបាល និងការជំរុញអនុវត្តកម្មវិធីលើកកម្ពស់សុខភាពសាធារណៈ ដោយផ្តោតលើវិធានការការពារនិងព្យាបាល។

– ការបន្តរក្សាលំនឹងសកម្មភាពអាជីវកម្មតាមរយៈការផ្តល់នូវការលើកទឹកចិត្តនិងការអនុគ្រោះផ្នែកសារពើពន្ធ គួបផ្សំនឹងការជំរុញផ្តល់ឥណទាន ព្រមទាំងការបង្កើនសន្ទនីយភាពទៅក្នុងទីផ្សារ ដើម្បីឱ្យអាជីវកម្មអាចបន្តដំណើរការបាន។

– ការបន្តរក្សាលំនឹងជីវភាពប្រជាជន តាមរយៈការបន្តអនុវត្តនូវកម្មវិធីផ្ទេរសាច់ប្រាក់កម្មវិធីសាច់ប្រាក់ពលកម្ម និងកម្មវិធីបណ្តុះបណ្តាលជំនាញរយៈពេលខ្លី ដើម្បីបង្កើនលទ្ធភាពបង្កើតអាជីវកម្មផ្ទាល់ខ្លួន ចាប់យកការងារក្នុងវិស័យថ្មី ឬមានបច្ចេកទេសខ្ពស់ជាងមុន បង្កើតការងារថ្មីជំនួសការងារ ដែល បាត់បង់ជំរុញសកម្មភាព អាជីវកម្មរបស សហគ្រាសធុនតូច និងមធ្យម និងជួយសម្រួលការផ្លាស់ប្តូរការងារពីវិស័យដែលទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ ទៅវិស័យផ្សេងទៀត។

+ ការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបន្តលើកកម្ពស់ភាពប្រកួតប្រជែង ការជំរុញការធ្វើពិពិធ-កម្មសេដ្ឋកិច្ច និងការបន្តកែទម្រង់ជារចនាសម្ព័ន្ធ ដែលរួមមាន៖
– ការបន្តបង្កើនភាពប្រកួតប្រជែង តាមរយៈវិធានការសំខាន់ៗរួមមាន ការជួយសម្រួលកាត់បន្ថយថ្លៃដើមពេលវេលា និងបង្កើនភាពងាយស្រួលដល់កាធ្វើអាជីវកម្ម ដោយបន្តពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម បន្តកាត់បន្ថយថ្លៃ និងធានាស្ថិរភាពនៃការផ្គត់ផ្គង់អគ្គិសនី កាត់បន្ថយថ្លៃដឹកជញ្ជូន និង ឡូជីស្ទីក បង្កើនការតភ្ជាប់ឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត បង្កើនការបណ្តុះបណ្តាលជំនាញ កាត់បន្ថយកម្រៃសេវាមិនផ្លូវការ លើកកម្ពស់សេវាបង់ពន្ធ កាត់បន្ថយការធ្វើសវនកម្ម និងអធិការកិច្ចត្រួតគ្នា និងជំរុញការប្រកួតប្រជែងដោយស្មើភាព។

– ការជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច តាមរយៈ៖
• ការជំរុញការធ្វើពិពិធកម្មផលិតកម្ម និងសេវាកម្ម ដោយអនុម័តច្បាប់វិនិយោគថ្មីច្បាប់ស្តីពីការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស និងច្បាប់ស្តីពីការប្រកួតប្រជែងរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង បន្តលើកទឹកចិត្តផ្នែកសារពើពន្ធ ដើម្បីលើកកម្ពស់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនភាព និងជំរុញអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល។

• ការជំរុញការធ្វើពិពិធកម្មទីផ្សារ ដោយស្វែងរកទីផ្សារក្រៅស្រុកបន្ថែម ទាំងពហុភាគីនិងទ្វេភាគី តាមរយៈការពង្រីកទីផ្សារក្រៅប្រទេសទៅក្នុងល្អាកពាណិជ្ជកម្មថ្មីៗ ទាំងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី កិច្ចព្រម-ព្រៀងពាណ

ិជ្ជកម្មសេរីអាស៊ាន-សហភាពអឺរ៉ុប និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទូលំទូលាយ និងប្រកបដោយវឌ្ឍនភាពសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងពង្រឹងភាពជាដៃគូវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ជាមួយដៃគូសំខាន់ៗរួមមានជាមួយ ចិន កូរ៉េ ជប៉ុន ថៃ និងវៀតណាម ជាដើម។

– ការបន្តកែទម្រង់ជារចនាសម្ព័ន្ធ ដោយពង្រឹងសមត្ថភាពស្ថាប័នក្នុងការដឹកនាំ និងអនុវត្តគោលនយោបាយ និងវិធានការនានា បង្កើនប្រសិទ្ធភាពនៃការសម្របសម្រួលស្ថាប័ន ឬមុខងារដោយធ្វើវិចារណកម្ម មុខងារ និងភារកិច្ច ព្រមទាំងលើកកម្ពស់ភាពម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់របស់ក្រសួងស្ថាប័ន និងបន្តជំរុញការអភិវឌ្ឍធនធានមនុស្ស ទាំងបរិមាណ និងគុណភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here