រដ្ឋាភិបាលបានសម្រេចអនុម័តទាំងស្រុងលើសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ គណៈរដ្ឋមន្រ្តីសម្រេចអនុម័តទាំងស្រុងលើ សេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ដែលជាច្បាប់សម្រាប់ការចាយវាយរបស់រដ្ឋក្នុងឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានសរសេរលើបណ្តាញសង្គម Facebook ថា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២១ ត្រូវបានរៀបចំឡើងនៅក្នុងបរិការណ៍ដែលជំងឺកូវីដ-១៩ ដ៏កាចសាហាវបាននិងកំពុងយាយី ហើយនាំមកនូវផលប៉ះពាល់ អវិជ្ជមានបញ្ហាប្រឈម និងហានិភ័យជាច្រើន ដែលមិនធ្លាប់មានពីមុនមកចំពោះតំបន់ និងពិភពលោកទាំងមូលដោយគ្មានការលើកលែងចំពោះប្រទេសណាមួយឡើយ ព្រមទាំងបានធ្វើឱ្យមនុស្សរាប់លាននាក់បាត់បង់ការងារធ្លាក់ចុះនូវប្រាក់ចំណូលហើយ ប្រជាជនមួយចំនួនធំនៅលើពិភពលោកធ្លា ក់ចូលទៅក្នុងភាពក្រីក្រវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមការវាយតម្លៃពាក់កណ្តាលឆ្នាំកន្លងមក សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២០ ត្រូវបានប៉ាន់ស្មានថា នឹងមានកំណើនអវិជ្ជមានក្នុងអត្រា-១,៩% ក្នុងពេលដែលការវាយតម្លៃឡើងវិញរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិធំៗនាពេលថ្មីៗនេះ បានខិតមកគៀកនឹងកម្រិតអវិជ្ជមានជាង-២%។ ដោយឡែកសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២១ ត្រូវបានព្យាករថា នឹងងើបឡើងវិញ ហើយរំពឹងថានឹងសម្រេចបានកំណើនក្នុងរង្វង់ ៣,៥%ដែលធ្វើឱ្យ ផ.ស.ស. ថ្លៃបច្ចុប្បន្ន ស្ថិតក្នុងរង្វង់ ១១៧ ៩៣៩ ប៊ីលានរៀល សមមូលនឹងប្រមាណ២៩ ០១៣លានដុល្លារអាមេរិក ស្របពេលដែល ផ.ស.ស. សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងថានឹងកើនឡើងដល់១ ៧៧១ដុល្លារអាមេរិក បើប្រៀបធៀបនឹង១ ៦៨៣ដុល្លារអាមេរិក ក្នុងឆ្នាំ២០២០។

វិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងងើបឡើងវិញក្នុងអត្រាកំណើន ៤,១%ក្នុងឆ្នាំ២០២១ ពីកំណើនអវិជ្ជមានក្នុងអត្រា -២,២% ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនូវការងើបឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរត្រូវបានរំពឹងថា នៅរក្សាបានកំណើនល្អប្រសើរ។ វិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនក្នុងអត្រាទាប៣,៦%ក្នុងឆ្នាំ២០២១ បើប្រៀបធៀបនឹងកំណើនអវិជ្ជមានក្នុងអត្រា -៣,០% ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកនៃការងើបឡើងវិញក្នុងកម្រិតទាបនៃសកម្មភាពសេដ្ឋកិច្ច ពិសេសក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុកបន្ទាប់ពីវិបត្តិកូវីដ-១៩។

ជាមួយគ្នានេះ វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថាកើនឡើងក្នុងអត្រា១,៦% ក្នុងឆ្នាំ២០២១ ពីកំណើន០,៩% ក្នុងឆ្នាំ២០២០ ដោយសារការកើនឡើងនៃអនុវិស័យដំណាំ អនុវិស័យចិញ្ចឹមសត្វ និងអនុវិស័យនេសាទ។ អនុវិស័យដំណាំត្រូវបានព្យាករថានឹងសម្រេចបានកំណើនខ្ពស់ជាងឆ្នាំ ២០២០ ដោយសារការរំពឹងទុកនូវកំណើនផលិតកម្មកសិកម្ម ស្របពេលដែលថ្លៃ និងតម្រូវការខាងក្រៅមានការកើនឡើង។

អត្រាអតិផរណាមធ្យមប្រចាំឆ្នាំត្រូវបានប៉ាន់ស្មានថា ស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា៣,១%ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកការកើនឡើងថ្លៃប្រេងលើទីផ្សារអន្តរជាតិ បន្ទាប់ពីការធ្លាក់ចុះយ៉ាងគំហុក ក្នុងឆ្នាំ២០២០។

អត្រាប្តូរប្រាក់រៀលធៀបនឹងប្រាក់ដុល្លារអាមេរិក ត្រូវបានប៉ាន់ស្មានថានឹងនៅតែបន្តមានស្ថិរភាពក្នុងរង្វង់៤ ០៦៥រៀល ក្នុងមួយដុល្លារអាមេរិកក្នុងឆ្នាំ២០២១ ដោយសារស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំនឿទុកចិត្តពីសំណាក់សាធារណជនលើការប្រើប្រាស់ប្រាក់រៀល តាមរយៈការអនុវត្តវិធានការលើកកម្ពស់ប្រាក់រៀលរបស់ធនាគារជាតិនៃកម្ពុជា និងការបន្តពង្រឹងគោលនយោបាយគ្រប់គ្រងសាច់ប្រាក់ក្នុងវិស័យហិរញ្ញវត្ថុ ។

ឱនភាពគណនីចរន្ត (រួមបញ្ចូលបង្វែរ) ត្រូវបានព្យាករថារួមតូចបន្តិចមកត្រឹម ១៧,៣%នៃផ.ស.ស. ដោយសារការរំពឹងនៃការងើបឡើងវិញសន្សឹមៗនូវការនាំចេញ និងវិស័យទេសចរណ៍។ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថានឹងកើនឡើងដល់១៦ ៩៨១លានដុល្លារអាមេរិក និងធានាការនាំចូលបាន៨,០ខែ ដោយហេតុថាការនាំចូលរបស់កម្ពុជាក៏នឹងងើបឡើងបន្តិចវិញ។
– ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ច ក្នុងរង្វង់ ៣,៥% ក្នុងបរិបទនៃ ការកើនឡើងនូវភាពមិនប្រាកដប្រជា ទាំងក្នុង និងក្រៅប្រទេស។

លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ក្របខណ្ឌថវិកាឆ្នាំ២០២១ មានគោលដៅបង្កើនចំណូលចរន្តថវិការដ្ឋ ឱ្យបានស្មើនឹង១៨,០% នៃដែលមានការថយចុះចំនួន៥,៦៣ពិន្ទុភាគរយនៃផ.ស.ស. ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២០ ពោលគឺនឹងសម្រេចបានទាបជាងគោលដៅនៃការប្រមូលចំណូលចរន្តថវិការដ្ឋ ដែលត្រូវបានកំណត់ឱ្យកើនជាមធ្យម០,៣ពិន្ទុភាគរយ នៃផ.ស.ស. ក្នុងមួយឆ្នាំ នៅក្នុងយុទ្ធសាស្ត្រកៀរគរចំណូលឆ្នាំ២០១៩-២០២៣ គឺដោយសារកត្តាសត្យានុម័តនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩។

ចំណាយបន្ទុកបុគ្គលិកនេះ ត្រូវបានគ្រោងដោយរក្សាកម្រិតប្រាក់បៀវត្សអប្បបរមា និងប្រាក់បៀវត្សមន្ត្រីរាជការស៊ីវិល និងកម្លាំងប្រដាប់អាវុធឆ្នាំ២០២១ ស្មើនឹងកម្រិតឆ្នាំ ២០២០ ដើម្បីសន្សំថវិកាសម្រាប់ទប់ទល់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានបង្កនូវផលប៉ះពាល់ដល់សេដ្ឋកិច្ច សុខភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេសកម្មករនិយោជិតនៃឧស្សាហកម្មកាត់ដេរ និងវាយនភណ្ឌកម្មករក្រៅប្រព័ន្ធ ក៏ដូចជាប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។

ទន្ទឹមនេះ សម្រាប់ឆ្នាំ២០២១ នេះដែលរាជរដ្ឋាភិបាល បានគ្រោងថវិកាចំនួន៤០ប៊ីលានរៀលដោយឡែកផ្សេងទៀត សម្រាប់ផ្តល់លទ្ធភាពដល់ក្រសួងស្ថាប័នអាចជ្រើសរើសមន្ត្រីមានសមត្ថភាពនិងជំនាញខ្ពស់ចូលបម្រើការងាររដ្ឋ។
ដូចឆ្នាំមុនដែរ រាជរដ្ឋាភិបាលក៏បានគ្រោងថវិកាចំនួន៥០ប៊ីលានរៀល សម្រាប់មូលនិធិថែទាំសុខភាពមន្ត្រីសាធារណៈ អតីតមន្ត្រីរាជការនិងអតីតយុទ្ធជន និងបានបន្តគ្រោងថវិកាចំនួន ៦ប៊ីលានរៀលសម្រាប់របបសន្តិសុខសង្គមផ្នែកហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ ដើម្បីលើកកម្ពស់សុខភាពមន្ត្រីរាជការស៊ីវិល នៅក្នុងកញ្ចប់ថវិការបស់ក្រសួងសុខាភិបាល។

ចំពោះប្រាក់សោធននិវត្តន៍ ក៏ត្រូវបានគ្រោងថវិកាចំនួន៣០ប៊ីលានរៀល សម្រាប់ការកាត់បន្ថយគម្លាតរបបសោធនរបស់និវត្តជន រវាងអ្នកចូលនិវត្តន៍ចាស់ និងអ្នកចូលនិវត្តន៍ថ្មី ជូនដល់និវត្តជនដែលជាអតីតមន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធផងដែរ។
ការគ្រោងថយចុះនេះ សម្រេចបានជារួម ដោយសារគ្រប់ក្រសួងស្ថាប័នទាំងអស់ជាទូទៅគោរពបាននូវពិតានចំណាយគោល ដែលរាជរដ្ឋាភិបាលបានផ្តល់ជូនសម្រាប់ចំណាយមិនមែនបន្ទុកបុគ្គលិក ក្នុងកម្រិតថវិកាវិចារណកម្មចំណាយឆ្នាំ២០២០ ក្នុងក្របខណ្ឌនៃការធ្លាក់ចុះនៃចំណូល និងក្នុងគោលដៅសន្សំធនធានសម្រាប់បន្តអន្តរាគមន៍ទប់ទល់នឹងផលប៉ះពាល់ពីវិបត្តិជំងកូវីដ-១៩។

ចំណាយនេះមួយភាគធំ គឺមានមុខសញ្ញាចំណាយច្បាស់លាស់រួចហើយ តែតម្រូវឱ្យកត់ត្រក្នុងខ្ទង់ចំណាយមិនទាន់បែងចែកនេះសិន ដោយសារការតម្រូវខាងទិដ្ឋភាពបច្ចេកទេស ដែលកំណត់ដោយច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ និងនីតិវិធីហិរញ្ញវត្ថុជាធរមាន លើកលែងតែចំណាយត្រៀមបម្រុងសម្រាប់ គ្រោះមហន្តរាយធម្មជាតិ និងមុខចំណាយដូចរៀបរាប់ក្នុងមុខសញ្ញាផ្សេងៗទៀត។ ក៏ប៉ុន្តែចំណាយ មានមុខសញ្ញាច្បាស់លាស់ នេះ នឹធ្វើការផ្ទេរភ្លាមទៅតាមមុខសញ្ញា ចំណាយដែលបានគ្រោងទុក តាមនីតិវិធីហិរញ្ញវត្ថុ ក្រោយពេលដែលច្បាប់ហិរញ្ញវត្ថុប្រចាំឆ្នាំចូលជាធរមាន។

លោក ផៃ ស៊ីផាន បានបន្តទៀតថា “ថវិកាឆ្នាំ២០២១ អាចត្រូវបានសន្និដ្ឋានថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលអាចជួយឱ្យរាជរដ្ឋាភិបាលឆ្លើយតបទៅនឹងបញ្ហាប្រឈម និងហានិភ័យផងទាំងពួង ទាំងក្នុង និងក្រៅប្រទេស សំដៅធានាលំនឹងសង្គម-សេដ្ឋកិច្ចកម្ពុជា និងការពារអាយុជីវិតប្រជាជនពីការរាតត្បាតនៃជំងឺកូវីដ-១៩ ព្រមទាំងការស្តារ និងជំរុញការងើបឡើងវិញនូវកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺកូវីដ-១៩ បានស្រាកស្រាន្ត ហើយអាចប្រសិទ្ធនាមបានថា ជា «ថវិកាប្រយុទ្ធការពារអាយុជីវិតប្រជាជន រក្សាលំនឹងសង្គម-សេដ្ឋកិច្ច និងជីវភាពរបស់ប្រជាជន ព្រមជាមួយនឹងការតម្រង់ធនធានឆ្ពោះទៅស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ នៅក្រោយពេលស្រាកស្រាន្តពីវិបត្តិជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីថ្មីដើម្បីធានាសុខសន្តិភាព ស្ថិរភាពសង្គម និងចីរភាព នៃកំណើនសេដ្ឋកិច្ច ព្រមទាំងភាពប្រកួតប្រជែងរបស់កម្ពុជា ជាមួយនឹងការបន្តលើកស្ទួយសុខុមាលភាពរបស់ប្រជាជន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here