ចំនួនរថយន្តប្រើប្រាស់ថាមពលអគ្គិសនីនៅកម្ពុជាបានដល់ជិត៨០០គ្រឿងនៅឆ្នាំនេះ

 ដោយៈ លក្ខិណា

ភ្នំពេញៈ ចំនួនរថយន្តប្រើប្រាស់ថាមពលអគ្គិសនី នៅក្នុងប្រទេសកម្ពុជាមានកំណើនឡើងគួរឱ្យកត់សម្គាល់ ដោយក្នុងឆ្នាំ២០២១ ចំនួនរថយន្តប្រើប្រាស់ ថាមពលអគ្គិសនីមានតែ៦៦គ្រឿងប៉ុណ្ណោះ ប៉ុន្តែគិតមកត្រឹមខែមករា ឆ្នាំ ២០២៣ ចំនួនរថយន្តបានកើនរហូតដល់ជិត៨០០គ្រឿង។

នេះបើតាមប្រសាសន៍លោកស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនថ្លែង នៅក្នុងពិធីដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថានីយបញ្ចូ​លថាមពលយានយន្តអគ្គិ នៅនៅព្រឹកថ្ងៃទី១មីនា ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថាចំនួនរថយន្តប្រើប្រាស់ ថាមពលអគ្គិសនីនៅកម្ពុជាមានការកើនឡើងជាង១០ដង ធៀបនឹងឆ្នាំ២០២១ ហើយកំណើននៃចំនួនរថយន្តប្រើប្រាស់ថាមពលអគ្គិសនីនៃ បានធ្វើឱ្យតម្រូវការកន្លែងបញ្ចូលថាមព​លរថយន្តអគ្គិសនី ក៏មានចំនួនច្រើនដែរ។ ដូច្នេះហើយទើបក្រសួងបានស្វះស្វែងរកដៃគូ ក្នុងការវិនិយោគលើស្ថានីយបញ្ចូលថាមពល យានយន្តអគ្គិសនីបន្ថែមជាបន្តបន្ទាប់ ។

លោកស៊ុន ចាន់ថុលបានបន្ថែមថា បច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជាមានស្ថានីយ៍ បញ្ចូលថាមពលយានយន្តអគ្គិសនីចំនួន១៣ ក្នុងនោះ៤កន្លែងនៅក្រសួងសាធារណការ និងដឹកជញ្ជូន១នៅបាត់ដំបង ១កន្លែងនៅសៀមរាប ១នៅក្រុងព្រះសីហនុ ១នៅព្រៃស ១នៅមណ្ឌលគីរី ផ្សារទំនើបអ៊ីអនម៉លសែនសុខ១កន្លែង និង៣កន្លែងរបស់ក្រុមហ៊ុនភធីធី និងរំពឹងថាក្នុងឆ្នាំ ២០២៣នេះនឹងកើនឡើងបន្ថែមទៀត ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ដែលទិញរថយន្តអគ្គិសនីលែងបារម្ភ ក្នុងការរកកន្លែងបញ្ចូលថាមពល ។

លោកបន្ថែមទៀថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានជំរុញឱ្យមានការប្រើប្រាស់យានយន្តអគ្គិសនីដូចជាម៉ូតូ និងរថយន្តឱ្យបានកាន់តែច្រើន រហូតដល់៧០ភាគរយនៅក្នុងឆ្នាំ២០៥០ ដើម្បីកាត់បន្ថយការបំពុលបរិស្ថានដោ​យឧស្ម័នកាបូនិក ។ ក្រៅពីជំរុញឱ្យមានការប្រើប្រាស់ ថាយានយន្តថាមពលអគ្គិសនី រាជរដ្ឋាភិបាលក៏បានជំរុញ ការកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗទៀត ដូចជាការកសាងសង់បានសម្រេចនូវផ្លូវល្បឿនលឿនភ្នំពេញក្រុងព្រះសីហនុ គ្រោងនឹងបើកការដ្ឋានសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ បាវិត កំពុងសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ សៀមរាប ពង្រីកនិងពង្រឹងផ្លូវជាតិលេខ៥ បើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៧ និងផ្លូវជាច្រើនទៀតទូទាំងប្រទេស។

រាជរដ្ឋាភិបាលក៏បានកំពុងសិក្សាផ្លូវដែក របស់ប្រទេសកម្ពុជាឱ្យទៅជាផ្លូវដែកផ្លឿនលឿន ដើម្បីតភ្ជាប់ទៅប្រទេសថៃ ពីថៃ ទៅឡាវនិងពីឡាវពីប្រទេសចិន៕

  

LEAVE A REPLY

Please enter your comment!
Please enter your name here