CREAស្នើឱ្យស្ថាប័នពាក់ព័ន្ធផ្សព្វផ្សាយឱ្យបានទូលាយពីច្បាប់គតិយុត្តិពីការធ្វើអាជីវកម្មអចលនទ្រព្យស្របច្បាប់

  ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ សមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា(CREA) បានស្នើឱ្យស្ថាប័នពាក់ព័ន្ធននា ផ្សព្វផ្សាយរាល់នីតិបញ្ញត្តិបទដ្ឋានគតិយុត្តិ ដែលមានស្រាប់ឱ្យបានទូលំទូលាយ។

លោកឧកញ៉ាឃាង ពុទ្ធីប្រធានក្រុមប្រឹក្សាភិបាលសមាគមអ្នកជំនាញអច​លនទ្រព្យកម្ពុជា បានមានប្រសាសន៍ក្នុងកិច្ចប្រជុំ កាលពីចុងសប្តាហ៍មុនថា ដើម្បីឱ្យការធ្វើអាជីវកម្មអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជាកាន់តែមានទំនុកចិត្ត ទៅលើច្បាប់កាន់តែខ្លាំងនោះ អាជ្ញាធរស្ថាប័នពាក់ព័ន្ធដូចជាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និយ័តករអចលនវត្ថុនិងបញ្ចាំ អគ្គនាយកដ្ឋា​នពន្ធដារ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមបង្កើនការផ្សព្វផ្សាយរាល់នីតិបញ្ញត្តិ បទដ្ឋានគតិយុត្តិ និងរបៀបធ្វើការទាំងឡាយដែលមានស្រាប់ ។

លោកឧកញ៉ាបន្តថា ការផ្សព្វផ្សាយនេះ អាចធ្វើឡើងតាមរយៈប្រព័ន្ធផ្ស​ព្វផ្សាយរប់សក្រសួងស្ថាប័ននីមួយៗ ដែលមានស្រាប់ដូចជាfacebook , Telegram បណ្ដាញសារព័ត៌មាន ឬក៏អាចរៀបចំធ្វើជាសិក្ខាសាលាជាសាធារណៈ ដើម្បីឱ្យអ្នកប្រកបអាជីវកម្មនេះ បានចូលរួមទទួលដឹងលឺកែតម្រូវចំនុចខ្វះខាត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកឧកញ៉ាបន្ថែមថា ការផ្សព្វផ្សាយនេះ នឹងជួយកាត់បន្ថយនូវចំនុចខ្វះខាតមួយចំនួន ដូចជា ការយឺតយ៉ាវការដាក់របាយការណ៍ អាជីវកម្មរបស់ពួកគាត់ ការខ្វះខាតនូវឯកសារនានា ហើយនៅពេលពួកគាត់ដាក់ទៅបែរទទួលរងពិន័យពីស្ថាប័ន ក្រសួងមួយចំនួន ដែលអាចធ្វើឱ្យពួកគាត់ភ័យខ្លាចច្បាប់ ដោយមិនហ៊ានស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្ម។

លោកឧកញ៉ាឃាង ពុទ្ឋីបានបន្ថែមទៀថា នៅពេលដែលអ្នកធ្វើអាជីវកម្មអចលនទ្រព្យ ដែលមិនមានអាជ្ញាបណ្ណកាន់តែច្រើន ឬមានចំនួនច្រើននឹងធ្វើឱ្យវិនិយោគិននានា មានការព្រួយបារម្ភពីរឿងនេះដែរ។ ដូច្នេះហើយទើបយើងស្នើសុំឱ្យក្រសួង ស្ថាប័ននានាពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យនេះ បន្តបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយ ។

ជាមួយគ្នានេះ លោកច្រឹក សុខនីម អគ្គនាយកនៃក្រុមហ៊ុន Century 21 Mekong បានលើកឡើងថាអាជីវកម្ម អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាបានឡើងខ្ពស់ក្នុងនោះ ភ្នាក់ងារអចលនវត្ថុក៏ឃើញថា កើនឡើងច្រើនដូចគ្នា ប៉ុន្តែមួយចំនួននៃពួកគេមិនទាន់ មានអាជ្ញាបណ្ណប្រកបអាជីវកម្មនៅឡើយ ដែលយើងគួរតែជំរុញឱ្យពួកគាត់ ត្រូវចុះបញ្ជីស្នើសុំអាជ្ញាបណ្ណឱ្យបានត្រឹមត្រូវ ដើម្បីប្រកួតប្រជែងដោយស្មើភាពគ្នា និងបង់ពន្ធជូនរដ្ឋច្បាស់​លាស់ផងដែរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here