ក្រោយដាំក្បាលចុះអស់ជាយូរទីផ្សារលំនៅដ្ឋានកូរ៉េកំពុងបង្ហាញពីសញ្ញានៃការងើបឡើងវិញ

ដោយ: គង់ លាងហួរ

សេអ៊ូល: ទិន្នន័យបានបង្ហាញឱ្យដឹងនៅថ្ងៃអង្គារនេះថា ទីផ្សារលំនៅដ្ឋានរបស់ប្រទេសកូរ៉េ កំពុងបង្ហាញសញ្ញានៃការស្ទុះងើបឡើងវិញដ៏ផុយស្រួយ ដែលជំរុញមកពីកំណើនប្រតិបត្តិការ ដោយអតិថិជនកាន់តែច្រើនបានទិញអាផាតម៉ិន ព្រោះពួកគេសង្ឃឹមថា អត្រាការប្រាក់នឹងមិនកើនឡើងខ្លាំងទៀតនោះទេ។

យោងតាមទិន្នន័យពីក្រុមប្រឹក្សាភិបាល អចលនទ្រព្យកូរ៉េបានឱ្យដឹងថា តម្លៃអាផាតម៉ិន ជាមធ្យមបានធ្លាក់ចុះ០,៤៣ភាគរយ ក្នុងសប្តាហ៍ចាប់ពីថ្ងៃទី១៣ ខែកុម្ភៈ បើធៀបនឹងសប្តាហ៍មុននេះ។

ទោះបីជាតម្លៃអាផាតម៉ិន មិនទាន់ស្ទុះងើបឡើងវិញយ៉ាងណាក្តី ប៉ុន្តែការធ្លាក់ចុះលើកនេះមានអត្រាទាបជាង បើធៀបនឹងការធ្លាក់ចុះ០,៤៩ភាគរយកាលពីសប្តាហ៍មុននេះ ដែលនេះត្រូវបានជំរុញពីការកើនឡើង នៃប្រតិ​បត្តិការនៅក្នុងទីផ្សារលំនៅដ្ឋាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមទិន្នន័យពីក្រុមហ៊ុន Real Estate 114 ដែលជាក្រុមហ៊ុនស្រាវជ្រាវអចលនទ្រព្យ បានបង្ហាញថា ចំនួនប្រតិបត្តិការអាផាតម៉ិននៅក្នុងទីក្រុងសេអ៊ូល និងទីក្រុងជុំវិញមានការកើនឡើងបន្តិចម្តងៗ ក្នុងរយៈពេល៤ខែចុងក្រោយនេះ បន្ទាប់ពីបានដាំក្បាលចុះ ដល់កម្រិតទាបជាប្រវត្តិសាស្ត្ររហូតដល់ត្រីមាសទី៣ ឆ្នាំ២០២២។

យោងតាមតួលេខ ដែលបានចងក្រងកាលពីថ្ងៃទី១៦ ខែកុម្ភៈ បានបង្ហាញថា “មានប្រតិបត្តិការអាផាតម៉ិន សរុបចំនួន៦.៦៤៧នៅទីក្រុងសេអ៊ូល និងតំបន់ជិតនេះ ក្នុងខែមករា ពោលគឺកើនឡើង៣៦ភាគរយធៀបនឹងខែធ្នូ ឆ្នាំ២០២២។

យោងតាមទិន្នន័យបានឱ្យដឹងថា ទោះបីជាមានការកើនឡើងនៃបន្ទុកកម្ចីទិញផ្ទះក្តី ក៏មនុស្សកាន់តែច្រើន បានជ្រើសរើសទិញលំនៅដ្ឋាន ដោយសង្ឃឹមថាអត្រាការប្រាក់ បានឈានដល់កម្រិតខ្ពស់បំផុតរួចទៅហើយ។

ធនាគារកណ្តាលកូរ៉េ (BOK) បានបង្កើនអត្រាការប្រាក់រហូតដល់៣,៥​ភាគរយ ប៉ុន្តែគេព្យាករណ៍ថា ធនាគារនឹងផ្អាកការដំឡើង ក្នុងអំឡុងពេលកិច្ចប្រជុំកំណត់អត្រាការប្រាក់ នាពេលខាងមុខនៅថ្ងៃទី២៣ ខែកុម្ភៈ ដោយសារការកើនឡើង នៃការភ័យខ្លាចចំពោះវិបត្តិសេដ្ឋកិច្ច។

លោក Kim Dae-jong សាស្ត្រាចារ្យផ្នែកគ្រប់គ្រងពាណិជ្ជកម្មនៅសាកលវិទ្យាល័យSejong បានអះអាងថា “ខណៈធនាគារកណ្តាលត្រូវបានគេព្យាករណ៍ថា នឹងរក្សាកម្រិតខ្ពស់នៃអត្រាការប្រាក់ គោលពេញមួយឆ្នាំនេះ ឱកាសហាក់ដូចជាមានកម្រិតទាប សម្រាប់ទីផ្សារលំនៅដ្ឋាន ដើម្បីសម្រេចបាននូវការងើបឡើងវិញ គួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៣នេះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here