កម្ពុជា រំពឹងថា ការនាំចេញទំនិញធ្វើដំណើរនឹងមានទំហំទឹកប្រាក់ដល់ទៅ ១០០០លានដុល្លារឆ្នាំនេះ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ការនាំចេញទំនិញធ្វើដំណើរ និងកាបូបរបស់ប្រទេសកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងដល់ប្រហែល ១ ពាន់លានដុល្លារនៅឆ្នាំ ២០២០ ខណៈចំនួនរោងចក្រដែលផលិតផលិតផលធ្វើដំណើរ បានកើនឡើងដល់ ១០១រោងចក្រ។

នុវត្តតាមស្មារតីអនុស្សរណៈ នៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា (ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនិងក្រសួងពាណិជ្ជកម្ម), សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការអន្តរជាតិខាងការងារ ស្តីពី “គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា” ដែលបានចុះកាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលគ្រប់ភាគីបានឯកភាពក្នុងការពង្រីកវិសាលភាពនៃការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា ដោយដាក់បញ្ចូលវិស័យផលិតផលធ្វើដំណើរ និងកាបូប ក្នុងការធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ តាមរយៈការអនុវត្តច្បាប់ស្តីពីការងារកម្ពុជា និងបទដ្ឋានការងារស្នូលដែលបានទទួលស្គាល់ជាអន្តរជាតិ សម្រាប់អាណត្តិពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២ខាងមុខនេះ។

ថ្លែងនៅក្នុងកិច្ចប្រជុំគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា(ILO-BFC) សម្រាប់រោងចក្រ សហគ្រាសផលិតផលធ្វើដំណើរ និងកាបូប កាលពីម្សិលមិញនៅទីស្តីការក្រសួងការងារ លោក អ៉ិត សំហេង រដ្ឋមន្រ្តីការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា វិស័យផលិតផលសម្ភារៈធ្វើដំណើរ និងកាបូប ដែលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ហើយបើតាមការប៉ាន់ស្មាននៅឆ្នាំនេះ មានការរីកចម្រើនដូចជាវិស័យ វាយនភ័ណ្ឌដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យនេះនឹងជំរុញឲ្យមានកំណើនការងារធ្វើក៏ដូចជាជំរុញដល់ការលើកកម្ពស់កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ស្របពេលដែលកម្ពុជាបានប្ដេជ្ញាយ៉ាងខ្ពស់ក្នុងការអនុវត្តវិជ្ជាជីវៈមួយ ក៏ដូចជាការគោរពនូវលក្ខខណ្ឌការងារកាន់តែប្រសើរ ស្របទៅតាមអនុសញ្ញាអន្តរជាតិដែលបានធ្វើសច្ចាប័នកន្លងទៅ។

កម្ពុជាក៏បានគោរពនូវលក្ខខណ្ឌការងារទាំងឡាយ ដើម្បីឆ្លើយតបនឹងការនាំផលិតផលទៅកាន់ទីផ្សារអន្តរជាតិ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាប្រកបដោយនិរន្តរភាព។

លោក អ៉ិត សំហេង បានថ្លែងថា រហូតមកដល់ពេលនេះរាជរដ្ឋាភិបាលបានប្រកាន់ខ្ជាប់នូវគោលនយោបាយ ដើម្បីឲ្យការអនុវត្តគម្រោងមានភាពប្រសើរថែមទៀត។ ទោះជាមានបញ្ហាប្រឈម និងការលំបាកមួយចំនួនក៏ដោយ ប៉ុន្តែយើងបានសហការជាមួយភាគីពាក់ព័ន្ធ ធ្វើកិច្ចការនេះយ៉ាល្អប្រសើរ។

យ៉ាងណាក៏ដោយ លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា មកដល់ពេលនេះបញ្ហាត្រូវបានដោះស្រាយ ដែលទាមទារឲ្យអ្នកពាក់ព័ន្ធទាំងអស់ចូលរួមឲ្យបានកាន់តែសកម្ម ដើម្បីផលប្រយោជន៍សម្រាប់រោងចក្រ ក៏ដូចជាប្រជាពលរដ្ឋក្នុងការទទួលបានការលើកទឹកចិត្ត ពីរដ្ឋាភិបាលកម្ពុជា និងទទួលបានការបញ្ជាទិញកាន់តែច្រើនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here