ការវិនិយោគលើវិស័យមូលបត្រនឹងអាចរកប្រាក់ចំនេញបានដូច ការវិនិយោគអចលនទ្រព្យ

ដោយៈ វឌ្ឍនៈ

ភ្នំពេញៈ ការវិនិយោគលើផ្សារមូលបត្រក្នុងប្រទេសកម្ពុជា ត្រូវបានមើលឃើញថា កំពុងមានការពេញ និយមជាបន្តបន្ទាប់ និងបានជំរុញឱ្យវិស័យមូលបត្រកម្ពុជា មានការចាប់អារម្មណ៍ ពីសំណាក់វិនិយោគក្នុងស្រុកកាន់តែច្រើនឡើង។

លោកហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានបញ្ជាក់ថា ការវិនិយោគលើវិស័យមូលបត្រ នៅកម្ពុជានឹងអាចរកប្រាក់ចំណេញបានច្រើន ដូចជាការវិនិយោគវិស័យអចលនទ្រព្យនៅពេលឆាប់ៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបញ្ជាក់ថា “នៅក្នុងការប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ អ្នកវិនិយោគភាគច្រើន ផ្ដោតលើវិស័យអចលនទ្រព្យ ដោយសារតែវិស័យនេះ បានធ្វើឱ្យពួកកាត់ទទួលបានប្រាក់ចំណេញខ្ពស់”។លោកបន្ថែមថា “ប៉ុន្តែយ៉ាងណាក្ដី ដើម្បីទួលបានប្រាក់ចំណេញខ្ពស់ តម្រូវឱ្យវិនិយោគិនប្រើពេលវេលាផងដែរ ដោយមិនមែនដាក់ភ្លាមចំណេញភ្លាមនោះទេ។ ដូចគ្នាការវិនិយោគលើវិស័យមូលបត្រ ក៏ត្រូវការពេលវេលា ដើម្បីទទួលបានប្រាក់ចំណេញដែរ”។

លោកហុង សុហួរបានន្តថា នៅប្រទេសរីកចម្រើននានានៅលើពិភពលោក ការវិនិយោគមូលបត្របាននាំឱ្យពួកគេ ទទួលបានប្រាក់ចំណេញខ្ពស់ និងធ្វើឱ្យពួកគេក្លាយជាអ្នកមានលឿនរហ័សផងដែរ ។ សម្រាប់វិស័យមូលបត្រកម្ពុជាក៏រំពឹងថា នឹងជួយឱ្យពួកគេក្លាយជាអ្នកមាន ដូចដែលអ្នកវិនិយោគលើអចលនទ្រព្យដូចគ្នាផងដែរ។

លោកបានលើកជាឧទាហរណ៍ថា ជាក់ស្ដែងក្រុមហ៊ុនចុះបញ្ជីនៅក្នុងផ្សារមូលបត្រកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ នេះសបញ្ជាក់ថា វិនិយោគិនបានចាប់ផ្ដើមជឿជាក់ លើវិស័យមូលបត្រកម្ពុជាជាបន្តបន្ទាប់ ទើបបណ្ដាក្រុមហ៊ុនបានចុះបញ្ជី ក្នុងផ្សារមូលបត្រជាបន្តបន្ទាប់ដូចគ្នា ។

លោកហុង សុហួរបានបន្ថែមថា ពេលនេះ ជាឱកាសមាសសម្រាប់ការបណ្ដាក់ទុនវិនិយោគ លើវិស័យមូលបត្រសម្រាប់ ហើយនឹងទទួលបានផលត្រលប់មកវិញ នៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ប៉ុន្តែដើម្បីឱ្យទទួលបានឱកាសចំណេញនៅពេលខាងមុខ ក៏ត្រូវមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ ដើម្បីជំរុញទីផ្សារមួយនេះឱ្យកាន់តែរីកចម្រើនបន្ថែម ។

លោកស៊ូ សុជាតិ អគ្គនាយកនិយ័តករមូលបត្រកម្ពុជាបានថ្លែងផងដែរថា លោកមិនលើកទឹកចិត្តដល់បណ្ដាវិនិយោគិន ក្នុងវិស័យមូលបត្រក្នុងការយកកម្ចីពីគ្រឹះស្ថានធនាគារ ឬហិរញ្ញវត្ថុ ឬក៏កម្ចីដែលនាំឱ្យកើតការប្រាក់មកបណ្ដាក់ទុនវិនិយោគមូលបត្រទេ តែវិនិយោគិនអាចយកទុន ដែលខ្លួនសល់មកដាក់ទុនវិនិយោគ ក្នុងមូលបត្រទើបមិនមានហានិភ័យ ឬក៏មានហានិភ័យទាប ។

លោកបញ្ជាក់ថា “ទីផ្សារមូលបត្រកម្ពុជាបានក្នុងរយៈ”ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ មានការរីកចម្រើនជាបន្តបន្ទាប់ ទាំងដើមទុនចុះបញ្ជី ចំនួនក្រុមហ៊ុនចុះបញ្ជី និងកំណើនការជួញដូរក្នុងផ្សារមូលបត្រជាដើម”៕

LEAVE A REPLY

Please enter your comment!
Please enter your name here