ប្រធានាធិបតីចិនប្រកាសផ្តល់ជំនួយឥតសំណង៣០០លានយ័នដល់កម្ពុជាសម្រាប់លើកកម្ពស់គម្រោងផ្លូវដែក

ដោយៈ លក្ខិណា

ប៉េកាំងៈ ក្នុងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោហ៊ុន សែននៃកម្ពុជា លោក ស៊ី ជិនពីង ប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិត្យចិន បានឧបត្ថម្ភជំនួយឥតសំណង ក្នុងទំហំទឹកប្រាក់៣០០លានយ័នរឺប្រហាក់ប្រហែល៤៤លានដុល្លារអាមេរិក ចំពោះគម្រោងផ្លូវដែកកម្ពុជា។

ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយប្រធានាធិបតីសាធារណៈរដ្ឋប្រជាមានិត្យចិន នៅទីក្រុងប៉េកាំងកាលពីថ្ងៃទី១០ កុម្ភៈកន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបទ្វេភាគីរវាងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន និងលោកស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណៈរដ្ឋប្រជាមានិត្យចិន ដែលបានចំណាយពេល១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។

ក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរកម្ពុជា-ចិន បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើកិច្ចសហប្រតិបត្តិការទ្វេភាគី ពហុភាគី និងបញ្ហាអន្តរជាតិ ដែលមានការយកចិត្តទុកដាក់គ្នា។ នៅក្នុងជំនួបគ្នានោះមេដឹកនាំទាំងពីរ បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងទ្វេភាគី នៃប្រទេសទាំងពីរ ដែលឈានពីកិច្ចសហប្រតិបត្តិគ្រប់ជ្រុងជ្រោយ ទៅជាមិត្តដែកថែប និងឈានទៅកិច្ចសហប្រតិបត្តិការ “សហគមន៍រួម ជោគវាសនាតែមួយ”។

មេដឹកនាំទាំងពីរ នឹងបន្តពង្រឹងស្មារតីកសាង សហគមន៍តែមួយ ជោគវាសនាតែមួយ ដែលផ្តោតសំខាន់លើវិស័យចំនួន៦ រួមមាន នយោ​បាយ និងការទូត វិស័យសមត្ថភាពផលិត និងវាយភណ្ឌ កសិកម្ម ថាមពល សន្តិសុខ ទំនាក់ទំនងរវាងប្រជាជននិងប្រជាជន រួមទាំងការលើកកម្ពស់វិស័យសុខាភិបាលនៅកម្ពុជា។

ជាមួយគ្នានេះ លោកស៊ី ជីនពីង បានគាំទ្រចំពោះជំហគោលនយោ​បាយរបស់កម្ពុជា ចំពោះភាពឯករាជ្យ បូរណភាពទឹកដី របស់កម្ពុជា។

សម្តេចតេជោបានឆ្លើយតបថា ជំនួយឧបត្ថម្ភរបស់ចិន គឺមិនគ្រាន់តែចូលរួមចំណែកដល់ ការរីកចំរើនរបស់កម្ពុជាប៉ុណ្ណោះទេ តែបានរួមចំណែកដល់ការពង្រឹងឯករាជ្យភាពរបស់កម្ពុជា ខ្ពស់មុខខ្ពស់មាត់លើឆាកអន្តរជាតិ។

ភាគីទាំងពីរបានវាយតម្លៃខ្ពស់ ចំពោះការចូលជាធរមាននៃកិច្ចព្រមព្រៀងសេរីកម្ពុជា ចិន ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករាឆ្នាំ២០២៣  ដែលបានជំរុញការបើកទីផ្សាររបស់ចិន ទទួលកសិផលនិងមច្ឆាជាតិរបស់កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here