វិភាគសង្គមៈ តើបញ្ហារបស់មេក្រុមហ៊ុនទូរស័ព្ទនៅកម្ពុជា ជាបញ្ហារវាង សីលធ៌ម និងដុំបាយ?

ដោយៈយិន លាងគង់ៈអគ្គនាយកគេហទំព័រPropertyarea.asia

       ភ្នំពេញៈ នៅក្នុងរឿងនិទានបែបFolk tails ដ៏ល្បីល្បាញរបស់បារាំងបានដំណាលអំពី “សីលធ៌ម និងដុំបាយ”ដែលឆ្លុះបញ្ចាំងអំពីជនក្រីក្រត្រូវថ្លឹងថ្លែងអំពីសីលធ៌ម និងក្រពះរបស់ពួកគេ។

ប៉ុន្តែនៅកម្ពុជាបណ្តាមេធំៗនៃក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនទូរគមនាគ​មន៍ដែលផ្តល់សេវាកម្មទូរស័ព្ទ និងអ៉ីនធើណេត មិនមែនជារឿងសីលធ៌ម និងដុំបាយទេ ប៉ុន្តែវាជារឿង “ទទួលខុសត្រូវ និងក្រមសីលធ៌ម”ជំនួសវិញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វដ្តនៃអភិជនកំណាញ់ក្រៅតម្រា

       នៅក្នុងរឿងដ៏ល្បីល្បាញមួយទៀត របស់ជនជាតិបារាំង ក៏បាននិយា​យអំពី “ជនកំណាញ់ក្រៅតម្រា” ដែលសាច់រឿងនេះមានភាពស៊ីសង្វាក់គ្នា និងសង្គមអភិជននៅកម្ពុជានាពេលបច្ចុប្បន្ន។ សាច់រឿងនេះ បាននិយាយអំពីអ្នកមានប្រាក់ដ៏ច្រើនក្នុងសង្គមបារាំង ប៉ុន្តែអភិជនរូបនោះបានធ្វើបាបអ្នកបម្រើ និងមានចរិកជាអ្នកកំណាញ់ក្រៅតម្រា ដែលវាជាប្រភេទជមង្ងឺម្យ៉ាង ដែលកើតមានលើអ្នកធ្លាប់មានជីវភាពក្រីក្រ ប៉ុន្តែនៅពេលមានបាន ពួកគេក៏ភ័យខ្លាចពីការធ្លាក់ខ្លួនចូលក្នុងភាពក្រីក្រវិញ។

ជាក់ស្តែង ក្រុមមនុស្សមួយចំនួននៅកម្ពុជា កំពុងមានជម្ងឺបែបនេះ  និងមានផ្នត់គំនិតខ្លួនទីពឹងខ្លួន ប៉ុន្តែនៅពេលពួកគេមិនយល់ពីជម្រៅពាក្យនេះ ពួកគេក៏កម្លាយពាក្យនេះទៅជា “សក់អ្នកណា ក្បាលអ្នកហ្នឹង”។

ពាក្យ “សក់អ្នកណាក្បាលអ្នកហ្នឹង” បានចាក់ឬសយ៉ាងជ្រៅក្នុងសង្គ​ម​កម្ពុជា ចាប់តាំងពីប្រជាជាតិនេះ ប្រកាន់យកជំនឿពុទ្ឋសាសនា ដែលជាសាសនាមួយល្អ ប៉ុន្តែការមិនពន្យល់ឲ្យបានគ្រប់ជ្រុងជ្រោយ និងស៊ីជម្រៅពីអ្នកបួសបានធ្វើឲ្យសង្គម ដែលបដិបត្តិសាសនានេះទាំងងងឹតងងល់​ រងការបំពុលនូវប្រព័ន្ឋ នៃការគិតរបស់ពួកគេដ៏គួរឲ្យភ័យខ្លាច ហើយប្រជាពលរដ្ឋមិនបានដឹង និងបដិសេធនូវគំនិតមួយចំនួន ដោយសា​រជំនឿទាំងនោះបានក្លាយជាឈាមពួកគេរួចទៅហើយ។

បញ្ហាបណ្តាញសេវាទូរស័ព្ទ និងអ៉ីនធើណេតនៅកម្ពុជា

       សេវាកម្មអ៉ីនធើណេត និងទូរស័ព្ទនៅកម្ពុជា បានរងការជេរប្រទេច ផ្តាសារ ពីប្រជាពលរដ្ឋអ្នកប្រើប្រាស់ស្ទើរតែទាំងអស់ ដោយសារពួកគេមិនអាចទំនាក់ទំនងគ្នាបាន ខណៈពេលក្រុមហ៊ុនទូរស័ព្ទធំៗនៅកម្ពុជា ដូចជា​Cell card, Met phone, Smartជាដើម សុទ្ឋតែមិនបំពេញតាមក្រមសីលធ៌មនៃមុខជំនួញ និងការទទួលខុសត្រូវផ្នែកសង្គមរបស់ពួកគេ។

លោកសុផលបានលើកជាសំណួរថា “តើម្ចាស់ក្រុមហ៊ុនទូរស័ព្ទ ដែលមានប្រាក់ម្នាក់ៗរាប់រយលានដុល្លារ ទាំងអស់នោះ ពួកគេដេកលក់ឬ? ខណៈពួកគេ រងការជេរប្រទេចពីប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ”។

មែនទែនទៅ នៅក្នុងនរៈវិទ្យា ដែលនិយាយអំពីមនុស្សបានលើកឡើងជាច្រើននូវទស្សនវិស័យ និងរបៀបរស់នៅរបស់មនុស្ស ក្នុងសង្គមនិមួយៗ ដែលប្រព័ន្ឋនៃការគិតរបស់ពួកគេ មានភាពបត់បែនអាស្រ័យលើផ្នត់គំនិតវប្បធ៌ម ប្រវត្តិសាស្រ្តនិងរបៀប ដែលមេដឹកនាំរបស់ពួកគេបានបង្ហាញឡើង។

ជំនួញនិងក្រមសីលធ៌ម

       នៅក្នុងទិដ្ឋភាពសាមញ្ញមួយ ប្រសិនជាស្រ្តីមេផ្ទះម្នាក់ដើរផ្សារ ពួកគេទិញត្រី ក្នុងតម្លៃ៥០,០០០រៀលក្នុងមួយគីឡូក្រាម ស្រ្តីរូបនោះច្បាស់ជាចង់បាន “ត្រីស្រស់ និងគ្រប់ភ្នែកជញ្ជីង” ដូចគ្នានេះដែរ ប្រជាពលរដ្ឋកម្ពុជា ដែលបង់ប្រាក់ប្រចាំថ្ងៃ ប្រចាំសប្តាហ៍ និងប្រចាំខែ ទៅក្រុមហ៊ុនទូរស័ព្ទ និងក្រុមហ៊ុនសេវាកម្មអ៉ឺនធើណេត ពួកគេប្រាថ្នាចង់បានសេវាកម្មល្អ សេវារហ័ស លឿន តាមកញ្ចប់ទឹកប្រាក់ដែលពួកគេបានចំណាយ។

នៅក្នុងទិដ្ឋភាពបែបនេះ ក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទ និងអ៉ីនធើណេតនៅកម្ពុជា ក៏គួរសិក្សាលើទិដ្ឋភាពនេះ ដោយផ្តល់នូវសមធ៌មរវាងអ្នកលក់ និងអ្នកទិញ ព្រោះសេវាកម្មទូរស័ព្ទ និងអ៉ីនធើណេតមានសភាពយ៉ាប់យឺនបែបនេះ បានបង្កការខាតបង់យ៉ាងច្រើន ទី១ ទៅលើពេលវេលា ទី២ ទៅលើផ្នែកចិត្តសាស្រ្ត (ធ្វើឲ្យមនុស្សស្រ្តេស) និងទី៣ ធ្វើឲ្យខាតបង់សេដ្ឋកិច្ច តាមរយៈការចំណាយពេលវេលាច្រើន  ប៉ុន្តែប្រសិទ្ឋភាពការងារតិច។

តាមរយៈការសាកសួរផ្ទាល់ខ្លួន នៅលើផេកផ្លូវការរបស់ខ្ញុំ “យិ​ន លាងគង់” ប្រជាពលរដ្ឋចំនួន៨៥នាក់ សុទ្ឋតែបានរអ៊ូរទាំ និងរិះគន់ពីបញ្ហានេះ។

ការឆ្លើយតបរបស់ប្រមុខរដ្ឋាភិបាល

       សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា ធ្លាប់បានលើកឡើងពីបញ្ហានេះដូចប្រជាពលរដ្ឋទូទៅផងដែរ ប៉ុន្តែឆ្លើយតបនឹងបញ្ហានេះ និងតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ សម្តេចតេជោបានចេញបញ្ជាឲ្យ​លោកជា វ៉ាន់ដេតរដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៍ធ្វើការលើរឿងនេះ។

ជាលទ្ឋផល តាមរយៈការចុះស្រាវជ្រាវរបស់ក្រុមមន្រ្តីជំនាញ បានរកឃើញថា “បណ្តាក្រុមហ៊ុនផ្តល់សេវាកម្មទូរស័ព្ទ និងអ៉ីនធើណេត”មិនបានបំពេញតាមលក្ខខ័ណ្ឌបច្ចេកទេស ដែលក្រុមហ៊ុនត្រូវធ្វើសម្រាប់សាធារណៈជន ពិសេសបណ្តាក្រុមហ៊ុនទាំងនោះបាន “លួច”ល្បឿនរលកប្រេកង់ ដែលជាមូលហេតុធ្វើឲ្យបណ្តាញសេវា មិនអាចគ្របដណ្តប់ និងមានល្បឿនតាមលក្ខខ័ណ្ឌបច្ចេកទេស ដែលអាចប្រើប្រាស់បាន។

ការងារដូចវែកចកក្នុងសមុទ្រ

       នៅពេលភាពមិនស្មោះត្រង់ មានចំពោះបុគ្គល ឬស្ថិតក្នុងចិត្តគំនិតរបស់បុគ្គលណាមួយហើយ បុគ្គលនោះតែងតែប្រព្រឹត្តនូវកំហុស ឬបង្ក      បញ្ហានៅពេលណាមួយក្រោយៗទៀត។

ជាក់ស្តែងនៅពេលសម្តេចតេជោ ប្រកាសពីបញ្ហាប្រឈមនេះ និងជម្រុញឲ្យមានដំណោះស្រាយ ដើម្បីប្រជាពលរដ្ឋរបស់សម្តេច ដែលសម្តេចតែងតែនៅរួមសុខរួមទុក្ខជាមួយ ក្នុងរយៈពេលជាង៤០ឆ្នាំាំមកនេះ បន្តិចក្រោយ​មកបញ្ហាសេវាទូរស័ព្ទ និងអ៉ីនធើណេតចាប់ផ្តើមមានភាពប្រសើរឡើង។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងក្រុមមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក៏បានដុតដៃដុតជើងធ្វើការងារនេះផងដែរ ប៉ុន្តែបញ្ហាកំពុងលេចឡើងជាថ្មី ពីភាពរអាក់រអួលរបស់បណ្តាញសេវាកម្មអ៉ីនធើណេត និងទូរស័ព្ទនៅទូទាំាំងប្រទេស។

ការលើកឡើងរបស់ស្មេគ្មានចេតនាណាមួយ ដើម្បីបំពេញមហិច្ចតា ឬឈរលើមូលដ្ឋាន នៃផលប្រយោជន៍ណាមួយឡើយ គ្រាន់តែការសរសេរនេះ ផ្តោតលើភាព “ទទួលខុសត្រូវ និងក្រមសីលធ៌មប៉ុណ្ណោះ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here