ក្រសួងបរិស្ថានផ្តោតលើការលើកកំពស់តំបន់ដីសើមរ៉ាមសារ

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ ការស្តារឡើងវិញនូវ តំបន់ដីសើម” ជាប្រធានបទសម្រាប់ទិវាដីសើមអន្តរជាតិ ២កុម្ភៈ ឆ្នាំ២០២៣ នេះ ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ។

ទិវាតំបន់ដីសើមអន្តរជាតិ ២កុម្ភៈ ២០២៣ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ “ការស្តារឡើងវិញនូវ តំបន់ដីសើម” នៅបរិវេណសាលាបឋមសិក្សាទួលស្លែង ភូមិទួលស្លែង ឃុំលើកដែក ស្រុកកោះធំ ខេត្ដកណ្ដាល ក្រោមអធិបតីភាពលោកជំទាវ ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមន្រ្តីមូលដ្ឋាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកគ្រុយ ម៉ាឡែនអភិបាលរងខេត្តកណ្តាល បានលើកឡើងនូវអនុសាសន៍ណែនាំចំនួន១០ចំណុច សំដៅលើកកម្ពស់ការយល់ដឹង ពីសារៈសំខា​ន់នៃតំបន់ដីសើមដល់ប្រជាសហគមន៍ និងលើកទឹកចិត្ដឱ្យមានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធក្នុងការថែរក្សា ការពារ និងគ្រប់គ្រងតំបន់ដីសើមសម្រាប់ជាឧត្តមប្រយោជន៍របស់មនុស្សជាតិ និងជីវៈចម្រុះប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ លោកជំទាវ ម៉ុម ថានី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នៃកម្ពុជា បានកំណត់យកថ្ងៃទី២ ខែកុម្ភៈ ជារៀងរាល់ឆ្នាំ ក្នុងការប្រារព្ធទិវាតំបន់ដីសើមអន្តរជាតិ ក្នុងគោលបំណងលើកកម្ពស់ ការយល់ដឹងដល់ស្ថាប័នពាក់ព័ន្ធ សាធារណជន និងសហគមន៍មូលដ្ឋាន អំពីភាពចាំបាច់ និងអត្ថប្រយោជន៍នៃតំបន់រ៉ាមសារ ដែលជាតំបន់ដីសើម មានសារៈសំខាន់ជាអន្តរជាតិ ព្រមទាំងចលនាប្រជាពលរដ្ឋ ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមថែរក្សា ការពារ ស្តារ និងអភិរក្សតំបន់ដីសើមនៅកម្ពុជា ជាពិសេស ធនធាននៅក្នុង និងជុំវិញតំបន់ដីសើម។

ដោយមើលឃើញពីសារៈសំខាន់ នៃតំបន់ដីសើម ចំពោះជីវភាពរស់នៅប្រចាំថ្ងៃ ដូចជាផ្តល់នូវទឹកស្អាតសម្រាប់ប្រើប្រាស់ និងស្រោចស្រព ជាប្រភពស្បៀងអាហារ និងជាតំបន់ទេសចរណ៍ធម្មជាតិ ព្រមទាំងជួយកាត់បន្ថយគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួត។ល។

លោកជំទាវបានអំពាវនាវដល់ប្រជាជនគ្រប់រូប ត្រូវតែផ្តល់តម្លៃ ចូលរួមអភិរក្ស ការពារ ដាំស្តារ និងធ្វើសកម្មភាពបង្ហាញនូវសេចក្តីស្រឡាញ់ចំពោះតំបន់ដីសើម។

បច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានតំបន់រ៉ាមសារ ដែលជាតំបន់ដីសើមចំនួន ៥កន្លែង គឺ ១)តំបន់រ៉ាមសារកោះកាពិ ២)តំបន់រ៉ាមសារព្រែកទាល់ ៣)តំបន់រ៉ាមសារស្ទឹងសែន ៤)តំបន់រ៉ាមសារបឹងទន្លេឆ្មារ និង៥)តំបន់រ៉ាមសារស្ទឹងត្រែង៕

LEAVE A REPLY

Please enter your comment!
Please enter your name here