IMF: កំណើនសេដ្ឋកិច្ចសកលនឹងធ្លាក់ចុះនៅឆ្នាំនេះ មុនពេលស្ទុះងើបឡើងវិញនៅឆ្នាំក្រោយ

ដោយ: គង់ លាងហួរ

អន្តរជាតិ: មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានឱ្យដឹងថា សេដ្ឋកិច្ចសកលនឹងធ្លាក់ចុះនៅឆ្នាំនេះ មុនពេលងើបឡើងវិញនៅឆ្នាំ២០២៤ ដោយ​សារការបើកទ្វាររបស់ប្រទេសចិន និងរដូវរងាកម្រិតស្រាលនៅអឺរុប។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចសកលនឹងស្ថិតនៅត្រឹម២,៩ភាគរយ នៅឆ្នាំនេះ ដោយធ្លាក់ចុះពី៣,៤ភាគរយក្នុងឆ្នាំ២០២២ មុនពេលងើបឡើងដល់៣,១ភាគរយនៅឆ្នាំ២០២៤។

លោក Pierre-Olivier Gourinchas ប្រធានសេដ្ឋវិទូរបស់ IMF បានអះអាងថា “កំណើនសេដ្ឋកិច្ចនឹងនៅតែទន់ខ្សោយ ដោយសារការប្រ​យុ​ទ្ធប្រឆាំងនឹងអតិផរណា និងសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលបានធ្វើឱ្យប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

IMF ធ្លាប់បាន​បញ្ជាក់ថា “កំណើន​សេដ្ឋកិច្ច​បាន​បង្ហាញ​ពី​ភាព​ធន់​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ២០២២”។

រយៈពេលនេះ ត្រូវបានកំណត់ដោយទីផ្សារការងារដ៏រ៉ឹងមាំ ការប្រើប្រាសដ៏រុឹងមាំ និងការវិនិយោគអាជីវកម្ម ក៏ដូចជាការសម្របខ្លួនប្រសើរជាងការរំពឹងទុកចំពោះវិបត្តិថាមពលនៅអឺរ៉ុប។

អត្រាអតិផរណាក៏បានប្រសើរឡើងផងដែរ ទោះបីជាអតិផរណាស្នូល ដែលមិនរាប់បញ្ចូលតម្លៃថាមពល និងតម្លៃអាហារមិនទាន់ឈានដល់កម្រិតកំពូលនៅក្នុងប្រទេសជាច្រើននៅឡើយក្តី។

លើសពីនេះទៀត ការបើកដំណើរការឡើងវិញ របស់ប្រទេសចិនបានត្រួសត្រាយផ្លូវ សម្រាប់ការស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស នៃសកម្មភាព ខណៈលក្ខខណ្ឌហិរញ្ញវត្ថុពិភពលោក មានភាពប្រសើរឡើង ដោយសារសម្ពាធអតិផរណាថមថយចុះ។

លោក Pierre-Olivier Gourinchas បានបញ្ជាក់ថា “កត្តានេះ បូកផ្សំទាំង ការធ្លាក់ចុះនៃតម្លៃប្រាក់ដុល្លារអាមេរិក ពីកម្រិតដ៏ខ្ពស់ កាលពីខែវិច្ឆិកា បានផ្តល់ការដោះបន្ទុកតិចតួច ដល់បណ្តាប្រទេសកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍”។

កំណើនសេដ្ឋកិច្ចអាមេរិក នឹងថយចុះមកត្រឹម១,៤ភាគរយ នៅឆ្នាំនេះ ដោយសារឥទ្ធិពល នៃការដំឡើងអត្រាការប្រាក់ របស់ធនាគារកណ្តាលអាមេរិក។

លក្ខខណ្ឌនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូ កាន់តែមានការប្រកួតប្រជែង ទោះបីជាមានសញ្ញា នៃភាពធន់នឹងវិបត្តិថាមពល  និងការគាំទ្រសារពើពន្ធយ៉ាងណាក្តី។

កំណើនសេដ្ឋកិច្ចតំបន់ចាយប្រាក់អឺរ៉ូ នឹងធ្លាក់ចុះដល់ត្រឹម០,៧ភាគរយនៅឆ្នាំនេះ ខណៈធនាគារកណ្តាលអឺរ៉ុប រឹតបន្តឹងគោលនយោបាយរូបិយវត្ថុ និងលក្ខខណ្ឌអវិជ្ជមាននៃពាណិជ្ជកម្ម  ដោយសារតែការកើនឡើងនៃតម្លៃថាមពលនាំចូល។

ទន្ទឹមនឹងនេះ សេដ្ឋកិច្ចរបស់ប្រទេសដែលកំពុងរីកចម្រើន និងកំពុងអភិវឌ្ឍន៍ត្រូវបានគេរំពឹងថា នឹងកើនឡើងតិចតួច ក្នុងអត្រា៤ភាគរយនៅឆ្នាំនេះ ទៅដល់៤,២ភាគរយនៅឆ្នាំ២០២៤។

ចំណែក កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នឹងកើនឡើងដល់៥,២ភាគរយនៅឆ្នាំ២០២៣នេះ។

ប្រទេសចិន និងប្រទេសឥណ្ឌា នឹងគ្របដណ្តប់ពាក់កណ្តាលនៃកំណើនសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះ បើធៀបនឹងត្រឹមតែ១/១០សម្រាប់តំបន់អាមេរិក និងតំបន់ចាយប្រាក់អឺរ៉ូរួមបញ្ចូលគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here