គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ប្រកាសប្តូរម្ចាស់ភាគហ៊ុនថ្មីជាផ្លូវការ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុថ្មីមួយនៅកម្ពុជា «បាយ័ន ក្រេឌីត » បានប្រកាសប្តូរម្ចាស់ភាគហ៊ុនថ្មីជាមួយផ្លូវការនៅថ្ងៃនេះ បន្ទាប់ពីស្ថាប័នមួយនេះ បានលក់ភាគហ៊ុន ១០០ភាគរយឱ្យទៅក្រុមហ៊ុន Cheng Fung Investment និងកក្រុមហ៊ុន NetGold Investment កាលពីដើមខែ មីនា ២០២០។

លោកស្រី ប៊ុត កេរ៉ាឌី ប្រធានក្រុមប្រឹក្សាភិបាលថ្មី នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាយ័នក្រេឌីត បានមានប្រសាសន៍នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ថា ការសម្រេចវិនិយោគលើមីក្រូវិស័យហិរញ្ញវត្ថុនាពេលនេះ គឺដោយមើលឃើញពីតម្រូវការទីផ្សារខ្ពស់ និងមានសុខុមាលភាពអាជីវកម្មល្អ ក៏ដូចជាដើម្បីរួមចំណែកលើកកម្ពស់ជីវភាពប្រជាជនកម្ពុជា ទាំងទីក្រុង និងជនបទដែលកំពុងមានតម្រូវការហិរញ្ញវត្ថុយកទៅពង្រីក ឬបង្កើត មុខរបររបស់ពួកគាត់ ពិសេសជាងនេះទៅទៀត ដើម្បីរួមចំនែកជាមួយរាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រី បានថ្លែងថា “សម្រាប់ឆ្នាំ២០២១ខាងមុខនេះក្រុមហ៊ុនគ្រោងបន្ថែមដើមទុនវិនិយោគ ២៥លានដុល្លារអាមេរិកបន្ថែមទៀត”។

លោក ញាណ វីរៈ ប្រធានអគ្គនាយក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបាយ័ន ក្រេឌីត ម.ក បានមានប្រសាសន៍ ថា ជាមួយនឹងភាពប៉ិនប្រសប់និងគុណវុឌ្ឍរបស់បុគ្គលិក ក្នុងវិស័យហិរញ្ញវត្ថុជាច្រើនឆ្នាំ អាចធ្វើឲ្យគ្រឹះស្ថានមានសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារសម័យទំនើបនៃវិស័យហិរញ្ញវត្ថុដូចបច្ចុប្បន្ន ។

សម្រាប់គ្រឹះស្ថានបាយ័នក្រេឌីតគឺផ្តោត យកចិត្តទុកដាក់ខ្លាំងលើការបម្រើសេវាកម្មអតិថិជន ក្នុងការប្រកួតប្រជែង ស្របតាមពាក្យស្លោករបស់ខ្លួនគឺ« ផ្តល់ជូនលោកអ្នកនូវសេវាកម្មជាទីគាប់ចិត្ត» ដោយផ្អែកលើការរចនាផលិតផលតាមតម្រូវការអតិថិជន បំពាក់បច្ចេកវិទ្យាធនាគារថ្មីទំនើបៗ គឺធ្វើយ៉ាងណា បំពេញតាមការចង់បានរបស់អតិថិជន និងផ្តល់លទ្ធផលជាវិជ្ជមានជូនម្ចាស់ភាគហ៊ុននិក ដោយអនុលោមតាមច្បាប់ ជាពិសេសការប្រកាន់ភ្ជាប់ និងអនុវត្តតាមសេចក្តីណែនាំរបស់ធនាគារជាតិដែលជាអាណាព្យាបាលរបស់យើង។

លោកបន្តថា គ្រឹះស្ថាន បាយ័ន ក្រេឌីត បានរចនានូវពាណិជ្ជសញ្ញាថ្មី ដែលជាអត្តសញ្ញាណមួយយ៉ាងជាក់លាក់ដល់សាធារណៈជន ជាមួយនឹងបេសកម្មនិងចក្ខុវិស័យយូរអង្វែង ផែនការអាជីវកម្មច្បាស់លាស់ ការសហការគ្នារវាងបុគ្គលិក និងបុគ្គលិកគ្រប់ឋានៈ ព្រមទាំងគោលការណ៍អភិបាលកិច្ចល្អ នឹងធ្វើឲ្យស្ថាប័នមួយនេះដណ្តើមបានការគាំទ្រយ៉ាងខ្លាំងនៅពេលដ៏ខ្លីខាងមុខ ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័ន ក្រេឌីត ម.ក បានបង្កើតតាំងពីឆ្នាំ២០១១ដោយទទួលបានអាជ្ញាប័ណ្ណ ប្រកបអាជីវកម្មហិរញ្ញវត្ថុ និងទទួលបានអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ភតិសន្យា នៅឆ្នាំ២០១៧ ពីធនាគារជាតិនៃព្រះរាជាណាចក្រកម្ពុជា។

គិតមកទល់សព្វថ្ងៃ មានការិយាល័យសាខាប្រតិបត្តិការចំនួន៦កន្លែងនៅតាមបណ្តាលខេត្តសំខាន់ៗ ដែលមានអតិថិជនប្រាក់កម្ចីជាង២.៩៣២នាក់ និងមានបុគ្គលិកកំពុងបម្រើការងារជិត១០០នាក់ មានដើមទុនចុះបញ្ជីថ្មី ៣លានដុល្លារអាមេរិក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here