គ្រួសារកំពូលអ្នកមានក្នុងពិភពលោកកាន់តែច្រើនឡើងសម្រុកទៅបង្កើតការរិយាល័យនៅសិង្ហបុរី

សុខុម

សិង្ហបុរី: គ្រួសារកំពូលអ្នកមានកាន់តែច្រើនឡើងៗកំពុងបង្កើតការិយាល័យផ្ទាល់ខ្លួននៅក្នុងប្រទេសសិង្ហបុរី ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ពួកគេ ដោយចំនួនការិយាល័យបែបនេះបានកើនឡើងជិតទ្វេដងធៀបនឹង២ឆ្នាំមុន។

យោងតាមការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលបង្ហាញថា បច្ចុប្បន្នប្រទេសសិង្ហបុរី មានការិយាល័យលក្ខណៈគ្រួសារប្រមាណ៧០០ការិយាល័យ ដោយកើនឡើងពីចំនួន៤០០ការិយាល័យនៅចុងឆ្នាំ២០២០ និងកើនឡើង៧ដងពីឆ្នាំ២០១៧។ នេះបើយោងតាមសារព័ត៌មាន CNA ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែមករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

គ្រួសារទាំងនេះមិនមែនមានតែមកពីអាស៊ី នោះទេ គឺក៏មានមកពីអឺរ៉ុប និងសហរដ្ឋអាមេរិក ផងដែរ។ ក្រុមអ្នកឃ្លាំមើលស្ថានការណ៍ក្នុងឧស្សាហកម្មលើកឡើងថា តម្រូវការពីតំបន់អាស៊ី គឺកើនឡើងខ្លាំងជាងគេដោយសារទ្រព្យសម្បត្តិឯកជននៅក្នុងតំបន់បានកើនឡើងលឿនជាងតំបន់ផ្សេងៗទៀតក្នុងពិភពលោក។

លោកស្រី Carrie Ng ប្រធានផ្នែកប្រឹក្សាយោបល់អំពីការិយាល័យលក្ខណៈគ្រួសារនៃធនាគារសិង្ហបុរី (Bank of Singapore) ថ្លែងថា “វិបត្តិកូវីដ-១៩ បានជំរុញឱ្យគ្រួសារកំពូលអ្នកមានជាច្រើនពិចារណាឡើងវិញអំពីការគ្រប់គ្រងទ្រព្យសម្បត្តិ និងផែនការបន្តបន្ទាប់របស់ពួកគេ ដើម្បីរៀបចំឱ្យកាន់តែប្រសើរឡើងសម្រាប់ត្រៀមទប់ទល់សភាពការណ៍មិនច្បាស់លាស់នាពេលអនាគត”។

លោកស្រីបន្ថែមទៀតថា “ក្រៅពីការិយាល័យលក្ខណៈគ្រួសារនៅអាស៊ី ការកើនឡើងនូវចំនួនគ្រួសារដែលមិនមែនមកអាស៊ី ក៏កំពុងមកប្រទេសសិង្ហបុរី ផងដែរដើម្បីបង្កើតការិយាល័យលក្ខណៈគ្រួសារ ឬ ការិយាល័យរណបដើម្បីចាប់យក និងគាំទ្រការវិនិយោគរបស់ពួកគេនៅក្នុងតំបន់”។

លោក Richard Loi ប្រធានផ្នែកឯកជនសម្រាប់ទីផ្សារអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុនសវនកម្ម និងប្រឹក្សាយោបល់ឈានមុខគេក្នុងពិភពលោក Deloitte លើកឡើងថា ការកើនឡើងនេះត្រូវបានជំរុញដោយវិបត្តិកូវីដ-១៩ ដែលបានបង្ខំឱ្យបុគ្គលដែលមានទ្រព្យសម្បត្តិមហាសាល និងក្រុមគ្រួសាររបស់ពួកគេគិតឡើងវិញអំពីរបៀបការពារ និងបង្កើនទ្រព្យសម្បត្តិរបស់ពួកគេសម្រាប់មនុស្សជំនាន់ក្រោយៗ៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here