រដ្ឋមន្រ្តីក្រសួងព័ត៌មានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនិងក្រុមការងារគេហទំព័រ Propertyarea.asia ចូលជួបសម្តែងការគួរសមនិងជូនពរក្នុងឱកាសឆ្នាំថ្មី

ដោយ៖ សហការី

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអនុញ្ញាតឱ្យថ្នាក់ដឹកនាំនិងក្រុមការងារគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com ចូលជួបសម្តែងការគួរសម និងជូនពរក្នុងឱកាសឆ្នាំថ្មី២០២៣ ព្រមទាំងស្នើសុំអនុសាសន៍ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ។

លោក យិន លាងគង់ សហស្ថាបនិក និងជាអគ្គនាយកនៃគេហទំព័រ Propertyarea.asia និង Cambodiafinancialtimes.com បានគោរពថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះលោករដ្ឋមន្ត្រីនិងបានជម្រាបលោករដ្ឋមន្ត្រីអំពីប្រវត្តិនៃការកសាង និងបង្កើតក្រុមហ៊ុនទាំងពីរ ព្រមទាំងភាពជោគជ័យ បញ្ហាប្រឈម ដែលបានជួបប្រទះនៅក្នុងដំណើរការ និងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ក្នុងរយៈពេលជិត៣ឆ្នាំកន្លងមក។

ក្នុងឱកាសអញ្ជើញចូលជួបសម្ដែងការគួរសមនេះ លោកអគ្គនាយកក៏បានស្នើសុំអនុសាសន៍ និងការណែនាំពីលោករដ្ឋមន្ត្រី ដើម្បីឱ្យដំណើរការគេហទំព័រ Property Area Asia កាន់តែទទួលបានប្រជាប្រិយភាព និងការគាំទ្រពីសំណាក់សាធារណជន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានសម្ដែងនូវការរីករាយដោយបានជួបជុំសំណេះសំណាលគ្នា និងបានកោតសរសើរចំពោះក្រុមហ៊ុន Propertyarea.asia និង Cambodiafinancialtimes.com ដែលកន្លងមកបានបំពេញការងារយ៉ាងល្អប្រសើរបំផុត និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តការរួមចំណែកក្នុងការលើកកម្ពស់វិស័យសារព័ត៌មាន ជាពិសេស នៅក្នុងការផ្តោតលើការផ្សព្វផ្សាយព័ត៌មានទាក់ទងនឹងសេដ្ឋកិច្ច អចលនទ្រព្យ គម្រោងអភិវឌ្ឍន៍ ។ល។ ដែលបច្ចុប្បន្ននេះនៅខ្វះធនធានមនុស្សផ្នែកនេះជាច្រើនទៀត។

លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ក្នុងការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច និងអចលនទ្រព្យ គឺជាប្រភេទព័ត៌មានជំនាញ ដែលអាចទាក់ទាញអ្នកអាន អ្នកស្តាប់ និងទស្សនិកជន តាមរយៈការបង្កើតមាតិកា ដែលមានភាពទាក់ទាញបន្ថែមទៀត ដោយសារបច្ចុប្បន្នមានសារព័ត៌មាន និងប្រភពផ្តល់ព័ត៌មានត្រូវបានបង្កើតឡើងច្រើនឡើងៗ ហើយក៏មានភាពប្រកួតប្រជែងកាន់តែច្រើន។

លោករដ្ឋមន្ត្រីបានណែនាំដល់លោកអគ្គនាយកថា សហគ្រិនទាមទារឱ្យមានការគិតគូរ មានផែនការ និងមានការប្រថុយប្រថាន ដើម្បីទទួលបានជោគជ័យ និងមានភាពលេចធ្លោ នៅក្នុងអាជីវកម្ម និងអាចប្រកួតប្រជែង នៅក្នុងបរិបទបច្ចុប្បន្នបាន។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា “នាពេលបច្ចុប្បន្ន ការរត់តាមតម្រូវការគឺជារឿងល្អមួយហើយ ប៉ុន្តែសហគ្រិនត្រូវបង្កើតតម្រូវការ” ក្នុងន័យនេះលោករដ្ឋមន្រ្តីសំដៅថា ប្រសិនបើអាជីវកម្មមួយអាចបង្កើតនូវតម្រូវការថ្មី ជាជាងការរត់តាមតម្រូវការនិងព្យាយាមបំពេញតម្រូវការរបស់អតិថិជន និងទស្សនិកជន នោះអាជីវកម្មនឹងទទួលបានភាពជោគជ័យបន្ថែមទៀត។

ជាទីបញ្ចប់ លោកអគ្គនាយកបានគោរពជូនពរ លោករដ្ឋមន្ត្រីនិងក្រុមការងារ សុខភាពល្អបរិបូរណ៍
និងទទួលបានជោគជ័យដ៏ត្រចះត្រចង់ ធំធេងថ្មីៗថែមទៀត និងជួបប្រទះតែមហាវិបុលសុខ សុភមង្គល និងជួបប្រទះនូវពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លៀតឡើយ៕

   

LEAVE A REPLY

Please enter your comment!
Please enter your name here