កិច្ចព្រមព្រៀង RCEP រំពឹងថានឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសចូលរួម

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ដែលមានសមាជិក ១៥ប្រទេស រួមបញ្ចូលទាំងកម្ពុជា ត្រូវបានរំពឹងថា នឹងជួយស្តារសេដ្ឋកិច្ចរបស់ប្រទេសចូលរួមចរចា និងតំបន់ទាំងមូល ពីផលប៉ះពាល់ធ្ងន់ធ្ងរបង្កឡើងដោយវិបត្តិកូវីដ–១៩។

ការអះអាងដូច្នេះ គឺដោយសារតែ កិច្ចព្រមព្រៀង RCEP នេះទាំងមូល មានផលិតផលក្នុងស្រុកសរុបជិត ៤០% នៃផលិតផលក្នុងស្រុកពិភពលោក ទីផ្សារអ្នកប្រើប្រាស់សរុបប្រមាណ ៣,៥ប៊ីលាន ឬ ជិត៥០%នៃប្រជាជនពិភពលោក ចំណែក ទំហំពាណិជ្ជកម្មសរុបមានជិត ២៩% នៃទំហំពាណិជ្ជកម្មពិភពលោក និងវិនិយោគផ្ទាល់ពិភពលោកហូរចូលមកក្នុងតំបន់អាសិបប្រមាណ២០%។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សូមបញ្ជាក់ថា ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប) គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលត្រូវបានស្នើឡើងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិករវាងរដ្ឋសមាជិកទាំង១០ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងដៃគូពាណិជ្ជកម្មសេរីរបស់អាស៊ានចំនួន៥ ដែលមានដូចជាប្រទេសជប៉ុន ចិន នូវែលសេឡង់ អូស្ត្រាលី និងកូរ៉េខាងត្បូង

ក្រសួងពាណិជ្ជកម្មកម្ពុជា បញ្ជាក់បន្ថែមក្នុងសប្តាហ៍នេះថា កិច្ចព្រមព្រៀងRCEPនេះ នឹងត្រូវចុះហត្ថលេខា នៅក្នុងខែ វិច្ឆិកា ដែលនឹងបើកទីផ្សារកាន់តែធំ ហើយនឹងជួយស្តារសេដ្ឋកិច្ច បន្ទាប់ពីវិបត្តិកូវីដ។

ក្រសួងពាណិជ្ជកម្ម បានប្រកាសពីកាលបរិច្ឆេទនៃការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើង នៅក្នុងអន្តរកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី១១ ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ដោយមានការចូលរួមពី ប្រទេសចរចា អាសិប ទាំងអស់ និងអគ្គលេខាធិការអាស៊ាន។

ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និងតាមដានចុងក្រោយលើវឌ្ឍនភាពនៃការរៀបចំការចុះហត្ថលេខាកិច្ចព្រមព្រៀង អាសិប ដែលគ្រោងធ្វើឡើងនៅក្នុង កិច្ចប្រជុំកំពូលអាសិបលើកទី៤ នៅខែវិច្ឆិកា ខាងមុខ។

ក្រសួងពាណិជ្ជកម្ម បញ្ជាក់បន្ថែមថា អង្គប្រជុំរដ្ឋមន្ត្រីអាសិប បានឯកភាពលើភាពចាំបាច់ក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងនៅចុងឆ្នាំនេះ ដែលនឹងបង្កើតនូវក្របខណ្ឌភាពជាដៃគូ មានលក្ខណៈទំនើប ទូលំទូលាយ គុណភាពខ្ពស់ ព្រមទាំងផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចឱ្យគ្នាទៅវិញទៅមក ដែលនឹងសម្រួលដល់ការពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងជាពិសេសជាសញ្ញាទៅកាន់ពិភពលោកអំពីការគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដែលផ្អែកលើគោលការណ៍ច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here