តម្លៃដីនៅទូទាំងប្រទេសថៃហក់ឡើងខ្លាំងរហូតដល់ជិត៩ភាគរយ

ដោយ: លាងហួរ

បាងកក: លោក Chamroen Phothiyod អគ្គនាយកដ្ឋានរតនាគារបានមានប្រសាសន៍ថា តម្លៃដីនៅតំបន់ Huai Khwang កណ្តាលទីក្រុងបាងកក បានកើនឡើងខ្ពស់បំផុតបើយោងតាមការវាយតម្លៃថ្មីមួយ។

តម្លៃដី ដែលបានវាយតម្លៃថ្មីទូទាំងប្រទេស នឹងត្រូវប្រើប្រាស់ចាប់ពីថ្ងៃទី០១ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦។

តម្លៃដីនៅទូទាំងប្រទេសថៃ កើនឡើង៨,៩៣ភាគរយ ធៀបនឹងតម្លៃដែលបានប្រើប្រាស់ ក្នុងអំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Chamroen បានមានប្រសាសន៍ថា នៅក្នុងទីក្រុងបាងកក តម្លៃដីនៅតំបន់Huai Khwang បានកើនឡើង២១,៥ភាគរយ ធៀបនឹងតម្លៃពីមុន ខណៈតម្លៃដីនៅលើផ្លូវ Wireless ពី Phloenchit ទៅ Khlong Saen Saep កើនឡើងទ្វេដងដល់១លានបាត (ប្រហែល២៨.៥៨៧ដុល្លារអាមេរិក)ក្នុង៤ម៉ែត្រការ៉េ។

ដីឡូតិ៍ ដែលមានតម្លៃ១លានបាតក្នុង៤ម៉ែត្រការ៉េ នៅទីក្រុងបាងកក រួមមានដីនៅផ្លូវ Silom និងតំបន់ចាប់ពីផ្លូវ Rama IV ទៅ Narathiwat Rajanagarindra Road ដែលនៅតែមិនផ្លាស់ប្តូរ ពីការវាយតម្លៃកាលពីលើកមុន។

ដីឡូតិ៍នៅផ្លូវ Phloenchit ចាប់ពីផ្លូវ Ratchadamri ទៅ Chalerm Maha Nakhon Expressway បានកើនឡើង១១,១ភាគរយដល់១លានបាតក្នុង៤ម៉ែត្រការ៉េ។

តម្លៃដីនៅផ្លូវ Rama I ពីផ្លូវ Ratchadamri ទៅផ្លូវ Phaythai ក៏កើនឡើង១១,១ភាគរយដល់១លានបាតពី៩០០.០០០បាត ខណៈតម្លៃដីនៅលើផ្លូវ Wireless ពីផ្លូវ Rama IV ទៅ Phloenchit Road បានកើនឡើង៣៣,៣ភាគរយដល់១លានបាត កើនឡើងពី៧៥០.០០០បាត។

នៅក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ នាយកដ្ឋានរតនាគារមិនបានធ្វើការវាយតម្លៃដីថ្មី ដែលត្រូវចាប់ផ្តើមពីឆ្នាំ២០២០នោះទេ  ដោយប្រើប្រាស់តម្លៃដីចាប់ពីឆ្នាំ២០១៦-១៩ ដើម្បីសម្រាលបន្ទុករបស់ម្ចាស់ដី ដែលត្រូវបង់ពន្ធពាក់ព័ន្ធដោយផ្អែកលើតម្លៃដី។

លោកបានមានប្រសាសន៍បន្ថែមថា ចំនួនដីឡូត៍នៅទូទាំងប្រទេសបានកើនឡើងដល់៣៣,៤លានឡូតិ៍ ពីចំនួន៣១លានឡូតិ៍កាលពីមុននេះ ដោយសារម្ចាស់ដី បានបែងចែកដីរបស់ពួកគេទៅជាឡូត៍ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here