ចំណេះដឹង! តើ​កត្តា​អ្វីខ្លះ​ដែល​អាចធ្វើឱ្យ​ថ្លៃ​ហ៊ុន​ប្រែប្រួល?

ដោយៈ ម៉ា​ណេ​ត

ភ្នំពេញៈ​ជាទូទៅ ថ្លៃ​ភាគហ៊ុន​ប្រែប្រួល​ជា​រៀងរាល់ថ្ងៃ។ ការប្រែប្រួល​នេះ​អាចនិយាយបាន​យ៉ាង​សាមញ្ញ​ថា ដោយសារ​កម្លាំង​នៃ​ផ្គត់ផ្គង់​និង​តម្រូវការ​នៅលើ​ទីផ្សារ។

បានសេចក្តីថា​ប្រសិនបើ​មានការ​ផ្គត់ផ្គង់(ការលក់) ច្រើនជាង​តម្រូវការ(ការទិញ) នោះ​ថ្លៃ​មាន​ទំនោរ​ធ្លាក់ចុះ។ ផ្ទុយ​មកវិញ ប្រសិនបើ​មាន​អ្នកត្រូវការ(អ្នកទិញ) ច្រើនជាង​អ្នកផ្គត់ផ្គង់(អ្នកលក់) នោះ​ថ្លៃ​នឹងមាន​ទំនោរ​កើនឡើង​វិញ។ ប៉ុន្តែ​សំណួរ​សួរថា តើ​មាន​កត្តា​អ្វីដែល​នៅ​ពីក្រោយ​នេះ ដែល​ធ្វើឱ្យ​វិនិយោគិន​សម្រេចចិត្ត​ទិញ ឬក៏​លក់​ភាគហ៊ុន ដែល​ធ្វើឱ្យ​តម្រូវការ​និង​ផ្គត់ផ្គង់​ប្រែប្រួល និង​ជា​លទ្ធផល​ធ្វើឱ្យ​ថ្លៃ​ភាគហ៊ុន និង​ទំហំ​ជួញដូរ​ភាគហ៊ុន​ប្រែប្រួល?។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈ​សំណួរ​ខាងលើ យើង​ឃើញ​យ៉ាងច្បាស់​ថា ចម្លើយ​គឺ​ស្ថិតនៅលើ​មនុស្ស​ជា​វិនិយោគិន ដែលជា​កត្តា​អត្តនោម័តិ(subjective)។ បានសេចក្តីថា ថ្លៃ​ភាគហ៊ុន​អាច​ប្រែប្រួល​គ្រប់ពេល ទៅតាម​ការយល់ឃើញ​ឬ​ការវិនិច្ឆ័យ​របស់​វិនិយោគិន។ ជាទូទៅ​បើទោះជា​ព័ត៌មាន ដែល​បាន​ផ្សព្វ​ផ្សា យ​ឬ​ដែលមាន​នៅលើ​ទីផ្សារ​ដូចគ្នា​តែមួយ​ក៏ដោយ ក៏​ការវិភាគ​របស់​វិនិយោគិន មិន​ប្រាកដថា​ដូចគ្នា​ដែរ។ អ្នកខ្លះ​ចង់​លក់ អ្នកខ្លះ​ចង់​ទិញ។

អ្នកលក់​និង​អ្នកទិញ​មានការ​យល់ឃើញ​ផ្ទុយគ្នា។ នៅពេល​មនុស្ស​ម្នាក់​ទិញ​ភាគហ៊ុន​មួយ មានន័យថា​គាត់​សង្ឃឹម​និង​ជឿជាក់ថា ភាគហ៊ុន​នោះ​នឹង​ផ្តល់​ប្រាក់ចំណេញ​ឱ្យ​គាត់​នាពេល​អនាគត​ច្រើនជាង​បច្ចុប្បន្ន។ ផ្ទុយ​មកវិញ នៅពេល​មនុស្ស​ម្នាក់​លក់​ភាគហ៊ុន​មួយ​ចេញ មានន័យថា​គាត់​មិន​សង្ឃឹមថា នៅពេល​អនាគត​ភាគហ៊ុន​នោះ នឹង​ផ្តល់​ប្រាក់ចំណេញ​ឱ្យ​គាត់​ច្រើនជាង​ពេលបច្ចុប្បន្ន​ឡើយ។ ដូច្នេះហើយ បានជា​ពេលខ្លះ​គេ​និយាយថា ផ្សារ​ហ៊ុន​ជា​វេទិកា​តស៊ូ​មតិ​លើ​ថ្លៃ​ភាគហ៊ុន ឬ​តម្លៃ​របស់​ក្រុមហ៊ុន​ចុះបញ្ជី។

ទោះជា​យ៉ាងនេះ​ក៏ដោយ យើង​អាច​ព្យាយាម​ពន្យល់​មូលហេតុ ដែល​នៅ​ពីក្រោយ​ការសម្រេចចិត្ត​របស់​វិនិយោគិន ដោយ​ចែកជា​ពីរ​កត្តាធំៗគឺ “កត្តា​វិទ្យាសាស្ត្រ” និង “កត្តា​ចិត្តសាស្ត្រ” ។

កត្តា​វិទ្យាសាស្ត្រ

កត្តា​វិទ្យាសាស្ត្រ​គឺ​សំដៅ​ទៅលើ​ការសម្រេចចិត្ត​ទិញ ឬ​លក់​ភាគហ៊ុន តាមរយៈ​ការវិភាគ​ល្អិតល្អន់​ជា​លក្ខណៈ​វិទ្យាសាស្ត្រ ទៅលើ​លទ្ធភាព​ចំណេញ និង​សុខភាព​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​នោះ។ វិនិយោគិន​ពិចារណា​លើ​ព័ត៌មាន​ទាំងឡាយ ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ទាំង​ព័ត៌មាន​ពី​អតីតកាល​និង​បច្ចុប្បន្នកាល រួច​ធ្វើការ​វាយតម្លៃ​អំពី​ភាព​រឹង​ម៉ាំ​របស់​ក្រុមហ៊ុន(ទាំង​ផ្នែក​ហិរញ្ញវត្ថុ​និង​អាជីវកម្ម) ហើយ​ប៉ាន់ស្មាន(educated guess)អំពី​លទ្ធភាព​រកប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​នាពេល​អនាគត។

ថ្វីត្បិតតែ​វិនិយោគិន​អាច​ទទួលបាន​ព័ត៌មានដូចៗគ្នា​ស្តីពី ក្រុមហ៊ុន​ក៏ដោយ ប៉ុន្តែ​ការយល់ឃើញ​របស់​ពួកគាត់ អំពី​កម្រិត​នៃ​ហានិភ័យ និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន មានភាពខុសៗគ្នា​ជាទូទៅ។ ការយល់ឃើញ​ខុសគ្នា​នេះហើយ ដែល​ធ្វើឱ្យ​វិនិយោគិន​ខ្លះ​ដាក់​ទិញ ខ្លះ​ដាក់លក់ ហើយ​ដាក់​នៅ​ថ្លៃខុសៗគ្នា។

ដូច្នេះ យើង​អាច​និយាយបានថា រាល់​ថ្លៃ​ដែល​វិនិយោគិន​ដាក់​ទិញ​ឬ​លក់ គឺ​បាន​ឆ្លងកាត់​ការពិចារណា​លើ​ព័ត៌មាន​ដែលមាន ដែល​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​នោះ​រួចហើយ (គ្រាន់តែ​ការពិចារណា​ឃើញខុសៗគ្នា)។ នៅពេល​មាន​ព័ត៌មាន​ថ្មី​ផ្សព្វផ្សាយ ហើយ​អាច​ប៉ះពាល់​ដល់​ស្ថានភាព និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន នោះ​វិនិយោគិន​នឹង​គិត​បញ្ចូល​ព័ត៌មាន​នោះ ទៅក្នុង​ការពិចារណារ​បស់​គាត់​បន្ថែមទៀត ហើយ​អាច​សម្រេចចិត្ត​ប្តូរ​ថ្លៃ​ទិញ/លក់​របស់គាត់។

ប៉ុន្តែ​ជា​ញឹកញាប់ បើទោះជា​នៅលើ​ទីផ្សារ​មិនមាន​ព័ត៌មាន​ថ្មី​ក៏ដោយ ក៏​ថ្លៃ​ភាគហ៊ុន​នៅតែ​ប្រែប្រួល នោះ​គឺ​ដោយសារតែ​ភាពមិនច្បាស់លាស់​នៃ​អនាគត ទាក់ទង​នឹង​សកម្មភាព​អាជីវកម្ម និង​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន ហើយ​និង​ការប្រែប្រួល​នៃ​ការយល់ឃើញ​របស់​វិនិយោគិន​ទៅតាម​ពេលវេលា។

កត្តា​ចិត្តសាស្ត្រ

កត្តា​ចិត្តសាស្ត្រ សំដៅ​ដល់​ការសម្រេចចិត្ត​ទិញ/លក់​ភាគហ៊ុន ដោយ​មិនបាន​ឆ្លងកាត់​ការពិចារណា(ឬ​ភ្លេច​ពិចារណា)ល្អិតល្អន់ ប៉ុន្តែ​ធ្វើឡើង​ដោយ​អារម្មណ៍ ដែល​ស្ថិតនៅ​ចន្លោះ​ភាព​ភ័យ​ស្លន់ស្លោ(Fear) ហើយ​និង​ភាព​លោភលន់(Greed)។

ព័ត៌មាន​មិនល្អ​អំពី​ក្រុមហ៊ុន​មួយ ឬ​អំពី​ទីផ្សារ​ទាំងមូល អាចធ្វើឱ្យ​មនុស្សម្នា​ភ័យ​ស្លន់ស្លោរ​ត់រក​ច្រកចេញ​ក្នុងពេល​តែមួយ ដោយ​ដណ្តើម​គ្នា​លក់​ភាគហ៊ុន​ចេញ (Fear)។ ការដណ្តើម​គ្នា​លក់​ចេញ​នេះ អាចធ្វើឱ្យ​ថ្លៃ​ភាគហ៊ុន​ធ្លាក់ចុះ​ខ្លាំង​ក្នុង​រយៈពេល​ដ៏​ខ្លី។ ផ្ទុយ​មកវិញ ព័ត៌មានល្អៗពី​ក្រុមហ៊ុន​មួយ​ឬ​ពី​ទីផ្សារ​ទាំងមូល ក៏​អាចធ្វើឱ្យ​មនុស្ស​រំជើបរំជួល​ដណ្តើម​គ្នា​ទិញ ព្រោះ​ខ្លាច​ទិញ​មិនទាន់​គេ (Greed)។

ការដណ្តើម​គ្នា​លក់/ទិញ បូករួម​នឹង​ចលនា​កេង​រកប្រាក់​ចំណេញ នៅលើ​ទីផ្សារ(speculation movement) ធ្វើ​ឲ្យ​ភាគហ៊ុន​ឡើង​ឬ​ចុះថ្លៃ​កាន់តែ​លឿន និង​ធ្វើឱ្យ​កាន់តែ​ចាក​ឆ្ងាយ​ពី​តម្លៃពិត​ប្រាកដ​របស់​វា(intrinsic value)។

ជាទូទៅ​កត្តា​ទាំងពីរ​នេះ (កត្តា​វិទ្យាសាស្ត្រ​និង​កត្តា​ចិត្តសាស្ត្រ) ចែក​មិន​ដាច់ពីគ្នា​ទេ។ វិនិយោគិន​តែង​គិតពិចារណា ទៅលើ​គុណភាព​របស់​ក្រុមហ៊ុន(តិច​ឬ​ច្រើន) ប៉ុន្តែ​ក៏​តែងមាន​ចិត្ត​មិន​ស្ងប់​ច្រួលច្របល់​ក្នុង​អារម្មណ៍ នៅពេល​មាន​ព្រឹត្តិការណ៍សំខាន់(ល្អ​ឬ​មិនល្អ)កើតឡើង។

ទន្ទឹមគ្នា​នេះដែរ ក៏មាន​ផងដែរ​ចលនា“ទស្ស​ទាយ”ថ្លៃ​ហ៊ុន​នៅលើ​ទីផ្សារ ដោយ​ផ្អែកលើ​ការប៉ាន់ស្មាន​អំពី ទំនោរ​ទិញ/លក់​ភាគហ៊ុន​នៅលើ​ទីផ្សារ។ ការប៉ាន់ស្មាន​នេះ​ត្រូវបាន​ឡើង ដោយ​ផ្អែកលើ​ទិន្នន័យ​ជួញដូរ​ភាគហ៊ុន​នាពេល​កន្លងទៅ និង​ដោយមាន​ក្រា ហ្វិ​ច​កុំព្យូទ័រ​ជា​ជំនួយ។ វិធីសាស្ត្រ​នេះ​គឺ Technical Analysis ដែលមាន​ការវិវត្ត​និង​ពេញនិយម​យ៉ាងខ្លាំង នៅ​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ (នៅពេលដែល​ប្រព័ន្ធ​កុំព្យូទ័រ​កាន់តែ​រីកចម្រើន) ទាំង​ក្នុង​មជ្ឈដ្ឋាន​អ្នកវិនិយោគ អ្នកវិភាគ និង​អ្នកសិក្សា៕ CSX៕

LEAVE A REPLY

Please enter your comment!
Please enter your name here