ឧស្សាហកម្មផលិតសព្វាវុធកំពុងកាក់កបខ្លាំង ខណៈអឺរ៉ុបខាងកើត សម្រុកបំពាក់អាវុធដល់អ៊ុយក្រែន ដើម្បីវាយបករុស្ស៊ី

សុខុម

ក្រុងវ៉ាសូវី: ឧស្សាហកម្មផលិតសព្វាវុធរបស់អឺរ៉ុបខាងកើត កំពុងតែសម្រុកផលិតអាវុធយ៉ាងច្រើនសម្បើមរួមមានកាំភ្លើងធុនតូច កាំភ្លើងធំ និងសម្ភារបរិក្ខារយោធាផ្សេងៗទៀតក្នុងល្បឿនយ៉ាងលឿនមិនធ្លាប់ជួបប្រទះចាប់តាំងពីសង្គ្រាមត្រជាក់មក។

ការសម្រុកផលិតអាវុធយ៉ាងច្រើនសម្បើមនេះកើតមានឡើង ខណៈបណ្ដារដ្ឋាភិបាលក្នុងតំបន់នាំមុខគេក្នុងកិច្ចប្រឹងប្រែងជួយជ្រោមជ្រែងប្រទេសអ៊ុយក្រែន នៅក្នុងការប្រយុទ្ធតតាំងនឹងប្រទេសរុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា។

បណ្ដាប្រទេសសម្ព័ន្ធមិត្តបាននិងកំពុងផ្គត់ផ្គត់សព្វាវុធ និងសម្ភារបរិក្ខារយោធាដល់រដ្ឋាភិបាលទីក្រុងគៀវ ចាប់តាំងពីប្រទេសរុស្ស៊ី បានបញ្ឆេះសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំនេះ ដែលធ្វើឱ្យស្តុកអាវុធរបស់ពួកគេនៅសល់កាន់តែតិចទៅៗ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ផ្អែកតាមទិន្នន័យរបស់វិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចឯករាជ្យដែលមានឈ្មោះថា Kiel Institute for the World Economy បង្ហាញថា សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេស បានប្ដេជ្ញាផ្ដល់ជំនួយយោធាច្រើនជាងគេបំផុតដល់ប្រទេសអ៊ុយក្រែន ចន្លោះពីថ្ងៃទី២៤ ខែមករា ដល់ថ្ងៃទី៣ ខែតុលា ឆ្នាំនេះ ដោយប្រទេសប៉ូឡូញ ជាប់ចំណាត់ថ្នាក់លេខ៣ ចំណែកឯសារធារណរដ្ឋឆែក ជាប់ចំណាត់ថ្នាក់លេខ៩។

ទោះបីជាដឹងច្បាស់ថាប្រទេសរុស្ស៊ី ធ្លាប់ជាបងធំរបស់ខ្លួនក្នុងសម័យសហភាពសូវៀត យ៉ាងណាក្ដី ក៏ប្រទេសមួយចំនួនដែលធ្លាប់ជាហត្ថលេខីនៃកតិកាសញ្ញាក្រុងវ៉ាសូវី (Warsaw Pact) នៅតែយល់ថា ការជួយដល់ប្រទេសអ៊ុយក្រែន គឺជាបញ្ហាសន្តិសុខក្នុងតំបន់។

ទោះជាយ៉ាងណា មន្ត្រីរដ្ឋាភិបាល គណៈគ្រប់គ្រងក្រុមហ៊ុន និងអ្នកវិភាគសរុបប្រមាណជាង១០នាក់បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏បានបង្កើតឱកាសថ្មីៗសម្រាប់ឧស្សាហកម្មផលិតសព្វាវុធក្នុងតំបន់ផងដែរ។

លោក Sebastian Chwalek នាយកប្រតិបត្តិក្រុមហ៊ុនផលិតអាវុធដែលគ្រប់គ្រងដោយរដ្ឋរបស់ប៉ូឡូញ PGZ លើកឡើងថា “បើគិតពីភ្លើងសង្គ្រាមដែលកំពុងបន្តឆាបឆេះនៅអ៊ុយក្រែន និងប្រទេសជាច្រើនមានបំណងបង្កើនការចំណាយក្នុងកញ្ចប់ថវិកាការពារជាតិ ក្រុមហ៊ុនពិតជាមានឱកាសហក់ចូលទីផ្សារថ្មីៗ និងបង្កើនប្រាក់ចំណូលនាំចេញនៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខ”។

ក្រុមហ៊ុនខ្នាតយក្ស PGZ គ្រប់គ្រងក្រុមហ៊ុនជាង៥០ដែលផលិតអាវុធ និងរំសេវផ្ទុះ និងមានភាគហ៊ុនក្នុងក្រុមហ៊ុនរាប់សិបផ្សេងទៀត។

លោក Sebastian Chwalek បានទម្លាយប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ពេលនេះក្រុមហ៊ុននេះមានគម្រោងបោះទុនវិនិយោគរហូតដល់ទៅ១,៨ពាន់លានដុល្លារអាមេរក នៅទសវត្សរ៍ក្រោយ។ នោះរួមបញ្ចូលទាំងការបង្កើតរោងចក្រថ្មីៗនៅឆ្ងាយពីព្រំដែនជាមួយប្រទេសបេឡារូស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ផងដែរដោយសារហេតុផលសន្តិសុខ។

ក្រុមហ៊ុនផលិតផ្សេងៗទៀតក៏កំពុងបង្កើនសមត្ថភាពផលិតអាវុធផងដែរ និងសម្រុកជ្រើសរើសបុគ្គលិក អ្នកធ្វើការនៅតាមក្រុមហ៊ុន និងមន្ត្រីរដ្ឋាភិបាលដែលមកពីប្រទេសប៉ូឡូញ ស្លូវ៉ាគី និងសាធារណរដ្ឋឆែកផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here