រាជរដ្ឋាភិបាលជំរុញឌីជីថលភាវូបនីយកម្មក្នុងការទូទាត់ប្រាក់កម្រៃសេវាសាធារណៈក្នុងវិស័យសាធារណការ និងដឹកជញ្ជូន

ដោយ៖ សហការី

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាជំរុញការធ្វើឌីជីថលភាវូបនីយកម្ម ទៅលើការផ្តល់សេវាសាធារណៈ ផ្តល់ជម្រើសសំបូរបែប ក្នុងការទូទាត់ប្រាក់ កម្រៃសេវាសាធារណៈ ក្នុងវិស័យសាធារណការ និងដឹកជញ្ជូន ដោយការពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ-ធនាគារធំៗចំនួន១៤។

លោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានដឹកនាំកិច្ចប្រជុំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងគ្រឹះស្ថានហិរញ្ញវត្ថុ-ធនាគារដៃគូ ចំនួន១៤គ្រឹះស្ថាន ដោយមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក សមុទ្រ និងកំពង់ផែ និងនាយកដ្ឋានហិរញ្ញវត្ថុ នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីក្រសួងបានធ្វើបច្ចុប្បន្នភាពឡើងវិញនូវអនុស្សរណៈ នៃការយោគយល់រវាងក្រសួង និងគ្រឹះស្ថានហិរញ្ញវត្ថុ-ធនាគារដៃគូទាំងអស់ ដើម្បីណែនាំពីគោលការណ៍រួម ជុំវិញការប្រមូលចំណូលតាមប្រព័ន្ធឌីជីថល ការចងក្រង ការផ្ញើ ការផ្ទៀងផ្ទាត់ និងការបង្វែរប្រាក់កម្រៃពីគ្រឹះស្ថានមកកាន់ក្រសួង ព្រមទាំងវិធានក្នុងការដោះស្រាយបញ្ហាផ្សេងៗផងដែរ។

ដើម្បីការជំរុញឱ្យការផ្តល់ចំណូលសេវាសាធារណៈ កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមការដឹកនាំ របស់លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន និងកំពុងធ្វើការពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ-ធនាការជាច្រើនបន្តបន្ទាប់ ក៏ដូចជាការរៀបចំនូវប្រព័ន្ធបច្ចេកវិទ្យាឌីជីថលជាច្រើន បម្រើឱ្យជាប្រយោជន៍សាធារណៈ និងក្នុងក្រសួងស្ថាប័នរបស់ខ្លួន៕

LEAVE A REPLY

Please enter your comment!
Please enter your name here