កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិលើការងារសហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងក្របខណ្ឌអាស៊ាន

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ដាក់ចេញអនុសាសន៍សំខាន់ៗ ៧ចំណុច ដើម្បីបន្តពង្រឹង និងពង្រីកសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

លោកឧបនាយករដ្ឋមន្រ្តី បានមានប្រសាសន៍បែបនេះ ក្នុងពិធីបិទទិវាអេកូជាតិទេសចរណ៍កាលពីថ្ងៃទី២២ វិច្ឆិកាកន្លងមកនេះ។

ជាមួយនឹងការអបអរសាទរចំពោះលទ្ធផល នៃវេទិកាជាតិអេកូទេស​ចរណ៍លើកទី៣ និងសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះការបន្តអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ប្រកបដោយចីរភាព និងបរិយាប័ន្ន សម្រាប់វិស័យទេសចរណ៍ទាំងមូល ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវអនុសាសន៍ ណែនាំបន្ថែមចំនួន៧ចំណុច ដល់គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ សំដៅធ្វើយ៉ាងណា អនុវត្តឱ្យទទួលបានជោគជ័យ ដើម្បីបន្តពង្រឹង និងពង្រី​កសក្តានុពលនៃការអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងទេសចរណ៍បានអះអាងថា កម្ពុជាត្រូវបានទទួលស្គាល់ជាលក្ខណៈអន្តរជាតិ លើការងារសហគមន៍ និងអេកូទេសចរណ៍ ពិសេសក្នុងក្របខណ្ឌអាស៊ាន តាមរយៈការអនុវត្តគំរូអភិវឌ្ឍន៍ សហគមន៍ទេសចរណ៍ ក្រោមទម្រង់ភាពជាដៃគូ-រដ្ឋ-ឯកជន-ប្រជាជន(4Ps : Public Private People Partnership) ដើម្បីផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋសហគមន៍ ផ្តល់ប្រយោជន៍អតិបរមាដល់មូលដ្ឋាន កាត់បន្ថយភាពក្រីក្រ និងគោរពតាមគោលការណ៍ចីរភាព និងទទួលខុសត្រូវស្របតាមទស្សនទាន “ការអភិរក្សបម្រើដល់ការអភិវឌ្ឍ ការអភិវឌ្ឍបម្រើដល់ការអភិរក្ស” និងស្របតាមគោលការណ៍នៃការបែងចែកផលប្រយោជន៍ប្រកបដោយសមធម៌។

ឈរលើមូលដ្ឋានទាំងអស់នេះ រាជរដ្ឋាភិបាលបានអនុម័តដាក់ឲ្យប្រើប្រាស់ផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះ អនុវិស័យអេកូទេសចរណ៍ គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំង៤ (ទេសចរណ៍ វប្បធម៌ ទេសចរណ៍ឆ្នេរ អេកូទេសចរណ៍ និងភាពជាខ្មែរ) ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា។

ក្នុងន័យនេះក្រសួងទេសចរណ៍បានរំពឹងថា កម្ពុជាអាចទទួលបានភ្ញៀវទេសចរផ្ទៃក្នុងប្រមាណ១១លាននាក់ ក្នុងឆ្នាំ២០២៣ តាមផែនការដែលបានដាក់ចេញ និងភ្ញៀវទេសចរអន្តរជាតិប្រមាណ៧លាននាក់ រហូតដល់ឆ្នាំ២០២៦ ឬឆ្នាំ២០២៧ ជាមួយភាពមិនប្រាកដប្រជា នៃវិបត្តិជំងឺកូវីដ-១៩ និងវិបត្តិសកលលោកនានា ខណៈដែលរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិ ប្រមាណ១,៥ លាននាក់ និងរំពឹងថានឹងទទួលបានប្រមាណ ២លាននាក់ សម្រាប់ឆ្នាំ២០២២នេះ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here