ផ្ទះ “តម្លៃខ្ពស់”រាប់លានយូនីតត្រូវបានរដ្ឋាភិបាលកូរ៉េតម្រូវឱ្យ បង់ពន្ធពិសេសក្នុងឆ្នាំនេះ

ដោយៈ សុខុម

សេអ៊ូល: រដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រកាសថា ម្ចាស់ផ្ទះរហូតដល់ទៅ១,២លានយូនីត នឹងត្រូវបានតម្រូវឱ្យបង់ពន្ធពិសេសក្នុងឆ្នាំនេះ ហើយនេះជាវិធានការដាក់ពិន័យ លើអ្នកមានផ្ទះមួយដែលមាន “តម្លៃខ្ពស់” ឬ ផ្ទះច្រើន។

នេះជាលើកទី១ហើយ ដែលម្ចាស់ផ្ទះដល់ទៅជាង១លានយូនីត នឹងត្រូវបានតម្រូវឱ្យបង់ពន្ធពិសេស ដែលគេហៅថាពន្ធអចលនទ្រព្យគ្រប់ជ្រុងជ្រោយ ចាប់តាំងពន្ធគ្រប់ជ្រុងជ្រោយនេះ ត្រូវបានដាក់ចេញឱ្យអនុវត្តន៍ក្នុងឆ្នាំ២០០៥មក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្ដើមផ្ញើវិក្កយបត្រពន្ធ ដែលត្រូវបង់ទៅតាមផ្ទះនិមួយៗហើយកាលពីថ្ងៃច័ន្ទ ទី២១ ខែវិច្ឆិកា។

ដោយមានគោលបំណង ទប់ស្កាត់ការទិញដីផ្អឹបទុកចោល ដើម្បីលក់ចំណេញពេលដីឡើងថ្លៃ គោលនយោបាយទាក់ទង នឹងពន្ធអចលនទ្រព្យគ្រប់ជ្រុងជ្រោយនេះ ត្រូវបានកែសម្រួល ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ ស្របតាមការឡើងថ្លៃនៃលំនៅដ្ឋាន។

ផ្ទះមួយចំនួនធំ ក្នុងចំណោមម្ចាស់ផ្ទះ១,២លានយូនីត ខាងលើនេះគឺជាអ្នកមានប្រាក់ចំណូលមធ្យម ដែលមានផ្ទះតែមួយ ហើយពួកគេត្រូវបានតម្រូវឱ្យបង់ពន្ធពិសេសនេះ ខណៈតម្លៃផ្ទះហក់ឡើងកប់ពពក ដោយសារតែគោលនយោបាយអចលនទ្រព្យ របស់រដ្ឋាភិបាលបាលមុនរបស់អតីតប្រធានាធិបតី Moon Jae-in បានបរាជ័យធ្ងន់ធ្ងរ។

 

គោលនយោបាយចុងក្រោយបង្អស់នេះ កំណត់យកពន្ធអចលនទ្រព្យគ្រប់ជ្រុងជ្រោយលើអ្នកមានផ្ទះ១ ដែលមានតម្លៃរហូត១,១ពាន់លានវ៉ុន (៨០៩.០០០ដុល្លារអាមេរិក) ឬច្រើនជាងនេះ ព្រមទាំងអ្នកមានផ្ទះច្រើនដែលមានតម្លៃបូកបញ្ចូលគ្នា លើសពី៦០០លានវ៉ុន (៤៤១.៧០០ដុល្លារអាមេរិក) ផងដែរ។

តម្លៃលំនៅដ្ឋាន បានធ្លាក់ចុះទូទាំងប្រទេសកូរ៉េខាងត្បូង កាលពីពេលថ្មីៗនេះ ដោយសារធនាគារកណ្ដាលប្រទេសនេះ ដំឡើងអត្រាការប្រាក់ខ្ពស់ពេក។

យោងតាមទិន្នន័យបង្ហាញថា ចំនួនអ្នកបង់ពន្ធដែលតម្រូវឱ្យបង់ពិសេសនៅឆ្នាំនេះ គឺកើនឡើង២៩%ធៀបនឹងឆ្នាំមុន។

តាមការរំពឹងទុក រដ្ឋាភិបាលកូរ៉េខាងត្បូង នឹងប្រមូលបានជាង៤ទ្រីលានវ៉ុន (ប្រមាណ៣ពាន់លានដុល្លារអាមេរិក) ពីពន្ធអចលនទ្រព្យគ្រប់ជ្រុងជ្រោយនៅឆ្នាំនេះ ដែលច្រើនជាងកាលពី៥ឆ្នាំមុនប្រមាណ១០ដង៕ Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here