NBC៖ ប្រព័ន្ធធនាគារត្រូវបានស្តារចេញពីចំណុចសូន្យ រហូតមានការអភិវឌ្ឍដោយជោគជ័យ

ដោយ៖ ម៉ាណេត

ភ្នំពេញ៖ លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា (NBC) បានលើកឡើងថា ប្រព័ន្ធធនាគារត្រូវបានស្តារចេញពីចំណុចសូន្យ និងបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ។

ការលើកឡើងបែបនេះ ត្រូវបានធ្វើឡើងកាលចុងសប្តាហ៍នេះ អំឡុងពេលធនាគារជាតិនៃកម្ពុជា បានប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ៤១ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ (១០ តុលា ១៩៧៩ – ១០ តុលា ២០២០) នៅអគារធនាគារជាតិនៃកម្ពុជា សែនសុខ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោកទេសាភិបាល បានលើកឡើងពីអត្ថប្រយោជន៍នៃការបង្កើតធនាគារកណ្តាល និងតួនាទីដ៏សំខាន់របស់ធនាគារកណ្តាលនិងរូបិយវត្ថុជាតិនៅក្នុងប្រវត្តិសាស្ត្រពិភពលោកនិងកម្ពុជា ដែលបានពង្រឹងនូវអធិបតេយ្យភាពជាតិនិងអំណាចរបស់រដ្ឋ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍កាលពីខួបអនុស្សាវរីយ៍លើកទី ៤០ នៃការបង្កើតធនាគារជាតិនៃកម្ពុជាឡើងវិញ ថា “ការសម្រេចបង្កើតធនាគារកណ្តាលនិងរូបិយវត្ថុជាតិឡើងវិញយ៉ាងឆាប់រហ័ស ក្រោយពីថ្ងៃមហាជ័យជម្នះ ៧ មករា ១៩៧៩ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាល”។
លោក ទេសាភិបាល ក៏បានបង្ហាញអំពីការវិវត្តរីកចម្រើនរបស់ធនាគារជាតិនៃកម្ពុជា ដោយបានថ្លែងថា “ក្នុងរយៈពេល ៤១ឆ្នាំកន្លងមក ដែលប្រព័ន្ធធនាគារត្រូវបានស្តារចេញពីចំណុចសូន្យ និងបានឆ្លងកាត់នូវដំណាក់កាលអភិវឌ្ឍន៍ជាច្រើនដោយជោគជ័យ”។

លោក ទេសាភិបាល បានថ្លែងថា ធនាគារជាតិនៃកម្ពុជាបានពង្រឹងខ្លួនជាលំដាប់ ជាមួយនឹងសាខារាជធានី-ខេត្តចំនួន ១៩ នៅទូទាំងប្រទេស ដើម្បីអភិវឌ្ឍប្រព័ន្ធធនាគារនិងរូបិយវត្ថុ ប្រកបដោយប្រសិទ្ធភាពនិងទំនុកចិត្ត។ ចាប់ពីឆ្នាំ២០០០មក ប្រព័ន្ធធនាគារបានអភិវឌ្ឍយ៉ាងឆាប់រហ័សនិងប្រកបដោយស្ថិរភាព ក្រោយពីការកែទម្រង់វិស័យធនាគារត្រូវបានបញ្ចប់ដោយជោគជ័យ។

ប្រព័ន្ធធនាគារក៏ត្រូវបានធ្វើទំនើបកម្មជាបន្តបន្ទាប់ ស្របតាមនិម្មាបនកម្មហិរញ្ញវត្ថុអន្តរជាតិ និងបានរួមចំណែកស្នូលក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច, គាំទ្រកំណើនសេដ្ឋកិច្ច, លើកកម្ពស់បរិយាបន្នសេដ្ឋកិច្ចនិងសង្គម និងកាត់បន្ថយភាពក្រីក្រ។
ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ អត្រាអតិផរណាត្រូវបានគ្រប់គ្រងឱ្យមានកម្រិតទាបប្រមាណ ២,៥% ជាមួយនឹងស្ថិរភាពល្អប្រសើរនៃអត្រាប្តូរប្រាក់ក្នុងរង្វង់ ៤.០៥០ រៀលក្នុងមួយដុល្លារអាមេរិក ស្របពេលដែលទុនបម្រុងអន្តរជាតិដុលត្រូវបានគរពូនឱ្យមានកម្រិតខ្ពស់ជាលំដាប់រហូតដល់ ២០ ប៊ីលាន ដុល្លារអាមេរិក ស្មើនឹងប្រមាណ ១០ខែ នៃការនាំចូលទំនិញនិងសេវា ដែលខ្ពស់ជាង ៣ដង នៃកម្រិត អប្បបរមាដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន (៣ខែ)។

ទ្រព្យសកម្មវិស័យធនាគារបានកើនឡើងយ៉ាង ឆាប់រហ័សពីប្រមាណត្រឹមតែ ០,៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ១៩៩៨ ដល់ ៥៦ ប៊ីលានដុល្លារអាមេរិក នាពេលបច្ចុប្បន្ន គឺកើនឡើងប្រមាណ ១១២ដង។
ឥណទានប្រព័ន្ធធនាគារដែលត្រូវបានបែងចែកទៅ កាន់គ្រប់វិស័យនៃសេដ្ឋកិច្ច និងប្រាក់បញ្ញើក្នុងស្រុកបានកើនឡើង ១៦៥ដង ប្រហាក់ប្រហែលគ្នា គឺ ពីចំនួនប្រមាណតែ ០,២ ប៊ីលានដុល្លារអាមេរិក ដល់ជាង ៣៣ ប៊ីលានដុល្លារអាមេរិក។ ប្រព័ន្ធធនាគារក៏បានប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ (Fintech) ក្នុងប្រតិបត្តិការ ជាពិសេសសម្រាប់ការទូទាត់ ដែលបាន លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុកម្ពុជាជាលំដាប់។

ជាក់ស្តែង ប្រជាជនពេញវ័យដែលទទួលបានសេវា ហិរញ្ញវត្ថុផ្លូវការកើនឡើងដល់ប្រមាណជាង ៧០% ធៀបនឹងពីរទសវត្សរ៍មុន (តិចជាងប្រមាណ ១០% ប៉ុណ្ណោះ)។

លោក ទេសាភិបាល ក៏បានបញ្ជាក់ថា “សមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៤១ ឆ្នាំនេះ កើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមរបស់រាជរដ្ឋាភិបាល ធនាគារជាតិនៃកម្ពុជា និងភាគីពាក់ព័ន្ធទាំងអស់ ក្រោមម្លប់សន្តិភាព ដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្ថាបនាឡើង និងថែរក្សារហូតមកដល់បច្ចុប្បន្ន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here