ក្រសួងប្រៃសណីយ៍តម្រូវឲ្យម្ចាស់បុរី និងអគារសហកម្មសិទ្ធិឈប់ទារលុយពីក្រុមហ៊ុនInternet

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានស្នើម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួន ត្រូវបញ្ឈប់ការលំបាកដល់ក្រុមហ៊ុនអ៊ីនធឺណិត ដើម្បីផ្ដល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់។

យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងប្រៃសណីយ៍ និងទូរគ​មនាគមន៍ ចេញផ្សាយនៅល្ងាចថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានលើកឡើងថា បន្ទាប់ពីក្រុមការងារលើកកម្ពស់គុណភាពសេវា នៅតាមបុរីក្នុងរាជធានីភ្នំពេញចំនួន៨ក្រុម បានចុះពង្រឹងគុណភាពសេវា ទូរគមនាគមន៍តាមបុរី និងអគារសហកម្មសិទ្ធិ ក្នុងរយៈពេលកន្លងមក ដោយទទួលបាននូវព័ត៌មានជាក់លាក់ អំពីឧបសគ្គមួយចំនួន ដែលធ្វើឱ្យមានការលំបាកក្នុងការតភ្ជាប់បណ្តាញសេវាអ៊ីនធឺណិតចូលក្នុងបុរី និងអគារសហកម្មសិទ្ធិមួយចំនួន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងសូមអំពាវនាវដល់ម្ចាស់បុរី និងអគារសហកម្មសិទ្ធិមួយចំនួនត្រូវបញ្ឈប់៖ ការទារលុយជាថ្នូរ នឹងការអនុញ្ញាតឱ្យតភ្ជាប់បណ្តាញសេវាអ៊ីនធឺណេត ចូលក្នុងលំនៅដ្ឋានរបស់អ្នកប្រើប្រាស់នៅក្នុងបុរី និងអគារសហកម្មសិទ្ធិ ដែលផ្ទុយនឹងច្បាប់ស្តីពីទូរគមនាគមន៍ និងប្រតិបត្តិការផ្តល់សេវាអ៊ីនធឺណិតដោយខ្លួនឯង និងគ្មានអាជ្ញាបណ្ណពីនិយ័តករ ទូរគមនាគមន៍កម្ពុជា នៅក្នុងបុរីនិងអគារសហកម្មសិទ្ធិ។

ក្រសួងប្រៃសណីយបានព្រមានថា “ក្នុងករណីម្ចាស់បុរីនិងអគារសហកម្មសិទ្ធិមួយចំនួនតូច នៅតែបន្តធ្វើសកម្មភាពខាងលើ ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ស្របតាមច្បាប់ស្តីពី ទូរគមនាគមន៍និងលិខិតបទដ្ឋានគតិយុត្តជាធរមាន”។

សេចក្តីអំពាវនាវរបស់ក្រសួងបានបន្តថា ម្ចាស់បុរី និងអគារសហកម្មសិទ្ធិ ប្រតិបត្តិករទូរគមនាគមន៍ និងសាធារណជនទាំងអស់ នឹងចូលរួមសហការចំពោះការងារនេះផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here