តើកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ត្រូវបានធ្វើឡើងដើម្បីអ្វី?

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ ស្មារតីនិងខ្លឹមសារនៃ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ត្រូវបានរៀបចំដោយមានកត្តាចម្បងនិងស្ថានភាពជាក់ស្ដែងពីរសំខាន់ៗ។

ទី១, ការបង្ហាញពីទិន្នន័យនៃគម្រោងវិនិយោគ ដែលមានអាទិភាពខ្ពស់ ដែលជាគោលនយោបាយមានចែងនៅក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ មានក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ និងទី២, ការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។

ការវាយតម្លៃការអនុវត្ត ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ ដែលមាននៅក្នុងជំពូកទី២នៃ ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ បានបង្ហាញយ៉ាងច្បាស់លាស់អំពីវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមមួយចំនួនដែលប៉ះពាល់ដល់ដំណើរការនៃការអភិវឌ្ឍន៍របស់យើង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការងារ ដោះស្រាយបញ្ហាប្រឈមទាំងនោះ ទាមទារឱ្យមានការប្រឹងប្រែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ថែមទៀត ដើម្បីធ្វើឱ្យសម្រេចបាននូវកំណើនសេដ្ឋកិច្ច(ផ.ស.ស) ក្នុងរង្វង់៧% ក្នុងមួយឆ្នាំនិងទិសដៅអាទិភាពនានា ដែលគាំទ្រប្រជាជនក្រីក្រ និងជនបទ ដូចជាអភិវឌ្ឍកសិកម្មនិងជនបទ តាមរយៈការលើកម្ពស់ផលិតភាពនិងពិពិធកម្មកសិកម្មដូចដែលបានកំណត់នៅក្នុង យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣។

ការងារទាំងនេះ គឺជាអាទិភាពតែមួយគត់ដែលអាចផ្តល់នូវផលប្រយោជន៍ចំពោះមុខនិងយូរអង្វែង ក៏ដូចជាផ្តល់នូវបណ្ដាញសុវត្ថិភាពសង្គមដ៏ឆាប់រហ័សសម្រាប់ប្រជាជនក្រីក្រដែលភាគច្រើនរស់នៅតំបន់ជនបទ ព្រមទាំងអាចបង្កើននូវអំណាចទិញនិងសុខុមាលភាពរបស់ពួកគាត់ធានានូវចីរភាពកំណើនសេដ្ឋកិច្ច និងជំរុញការធ្វើពិពិធកម្មនិងពង្រីកមូលដ្ឋានសេដ្ឋកិច្ចឱ្យបានទូលាយជាមុន។

កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលមានតម្លៃសរុបប្រចាំឆ្នាំ ត្រូវបានរៀបចំឡើងដោយផ្អែកលើតម្រូវការចំណាយសរុបសម្រាប់ការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ដើម្បីឱ្យបានស្របតាមស្ថានភាពជាក់ស្ដែងនៃការប្រែប្រួលថ្លៃទំនិញ និងអតិផរណាហើយក៏ផ្អែកលើបរិមាណហិរញ្ញប្បទានសហប្រតិបត្តិការដែលដៃគូអភិវឌ្ឍធ្លាប់បានសន្យា។

វិធីសាស្រ្តកែសម្រួលត្រូវបានយកមកអនុវត្តក្នុងការរៀបចំ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ២០២១-២០២៣ ដែលក្នុងនោះ “គម្រោងកំពុងដំណើរការ” គឺជាគម្រោងដែលកំពុងត្រូវបានអនុវត្តឬមានកិច្ចសហការ និងសម្របសម្រួលជាមួយស្ថាប័នរបស់រាជរដ្ឋាភិបាលហើយការអនុវត្តគម្រោងទាំងនោះនឹងត្រូវបន្តនៅក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២១-២០២៣ និង “គម្រោងសម្រាប់អនុវត្តផ.យ.អ.ជ.ឬគម្រោងថ្មី” ដែលនឹងត្រូវអនុវត្តក្នុងអំឡុងពេលនៃ កម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល២០២១-២០២៣”។

ក្នុងបរិការណ៍នេះ ដើម្បីសម្រេចបាននូវចំណុចដៅនៃកំណើនម៉ាក្រូសេដ្ឋកិច្ចជារួមនិងតាមវិស័យនៅក្នុងដំណាក់កាល ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ ការធ្វើឱ្យកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល ក្លាយជាឧបករណ៍ផ្នែកគោលនយោបាយសម្រាប់អនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ២០១៩-២០២៣ តាមរយៈការស្នើឡើងនូវគម្រោងវិនិយោគសាធារណៈ។

គម្រោងវិនិយោគសាធារណៈនេះអាចឆ្លើយតបទៅនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ និងការតម្រឹមតម្រង់ធនធានអភិវឌ្ឍន៍ដ៏មានកម្រិតរបស់យើង មកជាមួយនឹងអាទិភាពរបស់ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ ទាមទារឱ្យមានការបន្តយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការធានានូវគុណភាពនៃព័ត៌មានស្តីពីគម្រោងវិនិយោគសាធារណៈ ដែលក្រសួង ស្ថាប័នត្រូវផ្តល់មកក្រសួងផែនការសម្រាប់ការរៀបចំកម្មវិធីវិនិយោគសាធារណៈ ៣ឆ្នាំរំកិល៕

LEAVE A REPLY

Please enter your comment!
Please enter your name here