ប្រទេសអូស្ត្រាលីផ្តល់ជំនួយជាង៥១លានដុល្លារដើម្បីគាំទ្រកម្ពុជាស្តារសេដ្ឋកិច្ចឡើងវិញនិងក្លាយជាប្រទេសចំណូលមធ្យមត្រឹមឆ្នាំ២០៣០

ដោយ៖ សុផារី

ភ្នំពេញ៖ ប្រទេសអូស្ត្រាលីគ្រោងផ្តល់នូវជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ប្រមាណ៨១លានដុល្លារអូស្ត្រាលី ស្មើនឹង៥១លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២២-២០២៣ ដើម្បីជួយគាំទ្រកម្ពុជាឆ្លើយតបនឹងវិបត្តិកូវីដ-១៩ និងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ និងឈានទៅកាន់ប្រទេស ដែលមានចំណូលមធ្យមត្រឹមឆ្នាំ២០៣០។

នៅក្នុងជំនួបជាមួយលោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី០៣ ខែវិច្ឆិកា លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា បានបញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលី នឹងបន្តពង្រីកចំណងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរអោយកាន់តែស៊ីជម្រៅ ហើយគ្រោងនឹងផ្តល់នូវជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជា ប្រមាណ៨១លានដុល្លារអូស្ត្រាលី សម្រាប់ឆ្នាំ២០២២-២០២៣ ដើម្បីជួយគាំទ្រកម្ពុជាឆ្លើយតបនឹងវិបត្តិកូវីដ-១៩ និងស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្នុងអន្តរកាល ប្រកបដោយភាពគន់ និងបរិយាប័ន្ទ ដើម្បីឈានទៅកាន់ប្រទេសដែលមានចំណូលមធ្យមត្រឹមឆ្នាំ២០៣០។

លោកបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលតែងតែបន្តផ្តល់នូវការគាំទ្រ ទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ សម្រាប់ការអភិវឌ្ឍនៅកម្ពុជាស្ទើរគ្រប់វិស័យ និងថ្មីៗនេះ តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី CAP-RED ដែលបានសម្ពោធដាក់ឱ្យដំណើរការកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបណ្ឌិតបានវាយតម្លៃខ្ពស់ ចំពោះបច្ចុប្បន្នភាពអាទិភាពគោលនយោបាយជំនួយអភិវឌ្ឍន៍របស់រដ្ឋាភិបាល អូស្ត្រាលីសម្រាប់កម្ពុជា ដែលមានលក្ខណៈស្របគ្នានឹងអាទិភាពគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជា នាពេលបច្ចុប្បន្ន និងសង្ឃឹមជឿជាក់ថាអាទិភាពគោលនយោបាយជំនួយអភិវឌ្ឍន៍ ដែលស្របទៅនឹងទស្សនវិស័យរួម កម្ពុជា-អូស្ត្រាលី នឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យសម្រេចបាននូវផលទ្ធផលកាន់តែល្អប្រសើរ។

ភាគីទាំងពីរបានសម្តែងនូវសុទិដ្ឋិនិយមចំពោះការបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-អូស្ត្រាលីលើគ្រប់វិស័យ ជាពិសេស រួមសហការគ្នាអនុវត្តកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលីសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពគន់ (CAP-RED) ឱ្យអនុវត្តទៅប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលជាផ្លែផ្កាគួរជាទីមោទន៕

LEAVE A REPLY

Please enter your comment!
Please enter your name here