ក្រសួងនិងក្រុមហ៊ុនសម្រេចបញ្ចុះតម្លៃលើការធ្វើដំណើរលើផ្លូវ ល្បឿនលឿន

 ដោយៈគង់ វិវឌ្ឍន៍

       ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូន និងថ្នាក់ដឹកនាំក្រុមហ៊ុនគ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ក្រុងព្រះសីហនុ ​បានសម្រេច​ទម្លាក់​តម្លៃ​ខ្លះ ដើម្បី​ជួយ​សម្រួល​ឱ្យ​ក្រុមហ៊ុន​ដឹកជញ្ជូន​ ប្រភេទ​រថយន្ត​កុងតឺន័រ ​មានលទ្ធភាព​ប្រើប្រាស់​ផ្លូវ​នេះ​ឱ្យមាន​ភាព​មមាញឹក។

អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹកជញ្ជូន​លោក​ហ៊ាង សុធាយុត្តិ ​បានឱ្យដឹង​នៅ​ថ្ងៃទី​២៤ ​តុលា​ថា ​ការសម្រេច​បញ្ចុះតម្លៃ​ខ្លះ​ពី​សំណាក់​ក្រុមហ៊ុន​ធ្វើឡើង ​ក្រោយ​កិច្ចប្រជុំ​មួយ​រវាង​ក្រសួង​សាធារណការ ​និង​ក្រុមហ៊ុន​ចិន ​China Road and Bridge នាពេល​ថ្មីៗ​នេះ។​

លោក​បន្តថា “យើង​បាន​ដឹកនាំ​ប្រជុំ​ ជាមួយ​ក្រុមហ៊ុន​ជជែក​លើ​តម្លៃ​ដែល​កើតចេញ​ពី​បញ្ហា​មួយចំនួន ​ដូចជា ការ​អូស ​ស្ទូច​ សណ្តោង ​ក្នុង​ករណី​រថយន្ត​ជួប​ឧប្បតិ្តហេតុ​អ្វីមួយ ​និង​តម្លៃ​នៃ​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ ក្រ​សួង​បាន​ចរចា​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​បញ្ចុះ​តម្លៃ​ ហើយ​ជា​លទ្ធផល​ក្រុមហ៊ុន​ក៏​សម្រេច​ទម្លាក់​ខ្លះ។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

​ជា​នីតិវិធី​ក្រុមហ៊ុន​កំណត់​តម្លៃ រីឯ​ក្រសួង​មាន​ភារកិច្ច​ពិនិត្យ ​និង​គាំទ្រ ហើយ​ការប្រកាស​ផ្សព្វផ្សាយ​ពី​តម្លៃ​ប្រើប្រាស់​ផ្លូវ និង​តម្លៃ​អូស ​ស្ទូច ​សណ្តោង ​នឹង​ប្រកាស​នាពេល​ឆាប់ៗ​ ក្រោយ​ភាគី​ទាំង​២​សម្រេច​លើ​តួលេខ​រួម​នៃ​តម្លៃ​។

លោកហ៊ាង សុធាយុត្តិបាន​បញ្ជាក់ថា “បងប្អូន​ប្រជាពលរដ្ឋ​ ដែល​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ​អាច​មើល​តម្លៃ​នៅ​ច្រកចូល​បិទ ​ជាប់​ប៉ាណូ​ពណ៌​ខៀវ​ខាងស្ដាំ​ដៃ”។​

ការគិតគូរ​ពី​តម្លៃ ​នៃ​ការប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ​កើតមាន​បន្ទាប់ពី​វិស័យ​ឯកជន ​និង​ពលរដ្ឋ​ទូទៅ​ស្ទាក់ស្ទើរ​ប្រើប្រាស់​ ព្រោះ​មិនទាន់​មាន​លទ្ធភាព​ចំណាយ​លើ​ថ្លៃ​ប្រើប្រាស់​។

លោក​ស៊ិន​ ចន្ធី ​ប្រធាន​សមាគម​ភ័ស្តុភារ​កម្ម​កម្ពុជា​ស្វាគមន៍​ចំពោះ​ការគិតគូរ​របស់​ក្រសួង ​មកលើ​វិស័យ​ដឹកជញ្ជូន​ឯកជន ​ហើយ​ក្រុមហ៊ុន​ឯកជន​កំពុង​យកចិត្ត​ទុកដាក់ ​លើ​ការត្រួត​ពិនិត្យ​គុណភាព ​និង​បច្ចេកទេស​យានយន្ត​។

លោកបានបន្ត​ថា យើង​ត្រៀម​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ​ដោយ​សុវត្ថិភា​ទាំង​អ្នកបើកបរ ​និង​ការគិតគូ​រលើ​ការត​កន្ទុយ​សណ្តោង ​ហើយ​​យើង​សង្ឃឹមថា ​រដ្ឋាភិបាល​នឹង​សម្របសម្រួល​ បញ្ចុះ​តម្លៃ​ដឹកជញ្ជូន​ឱ្យសមស្រប​។ បើ​តាម​អ្នកជំនួញ​រូបនេះ ​រថយន្ត​កុងតឺន័រ​ ឆ្លងកាត់​ផ្លូវ​ល្បឿន​លឿន​ទៅវិញ​ទៅមក ​មាន​តម្លៃ​១២០​ដុល្លារ​៕

LEAVE A REPLY

Please enter your comment!
Please enter your name here