បើកទំព័រថ្មីៈកម្ពុជា និងកូរ៉េខាងត្បូងចាប់ផ្តើមចរចាកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីនៅថ្ងៃនេះ

ដោយម៉ា ណេត

ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរនៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះ បន្ទាប់ការសិក្សាលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងប្រទេសពីររកឃើញផលចំណេញសម្រាប់ប្រទេសទាំងពីរ។

លោកស៊ាង ថៃ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានប្រាប់គេទំព័រ Propertyarea.asia នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០ នេះថា នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២០នេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងកូរ៉េខាងត្បូងបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) រវាងប្រទេសទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបាថ្លែងថា “ភាពគីទាំងពីរបានធ្វើការសិក្សាលទ្ធភាព នៃការបង្កើតកិច្ចព្រមព្រៀ​ងពាណិជ្ជកម្មសេរី ហើយការសិក្សានេះបង្ហាញពីផលចំណេញទាំងសងខាង ដូច្នេះទើបផ្តើមការចរចា”។

កាលពីចុងឆ្នាំ២០១៩ សម្តេចតេជោ បានអញ្ជើញទៅប្រទេសកូរ៉េ ហើយរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា និងកូរ៉េបានចុះលត្ថលេខាងលើសេចក្តីប្រកាសមួយថា យើងនឹងសិក្សាមើលថា តើយើងធ្វើFTAជាមួយគ្នាបាន ឬអត់ ហើយក្រុមការងារបានសិក្សាចប់កាលពីខែ ដែលយើងឃើញថាមានផលចំណេញសម្រាប់ភាគីទាំងសងខាង”។

លោកស៊ាង ថៃបានឱ្យដឹងថា ក្រុមការងារទាំងពីរ បានស្នើសុំថ្នាក់ដឹកនាំនៃប្រទេសរៀងខ្លួន ដើម្បីបើកការចរចា ហើយទទួលបានភ្លើងខៀវពីប្រទេសទាំងពីរ ដូច្នេះថ្ងៃនេះរដ្ឋមន្ត្រីទាំងពីរបានជួបគ្នាតាមTele Conference ប្រកាសការចរចា ហើយបើកចរចារបន្តបន្ទាប់មកទៀត។

លោក បាននិយាយថា “និយាយឱ្យខ្លីទៅ ដូចគេថា ឥឡូវយើងភ្ជាប់ពាក្យរួចហើយ យើងរង់ចាំថ្ងៃការម្តង”។

ទំហំពាណិជ្ជកម្មរវាងកូរ៉េខាងត្បូង និងកម្ពុជាក្នុងឆ្នាំ២០១៩ ឈានដល់១ពាន់លា​នដុល្លារ។ ក្នុងនោះការនាំចេញរបស់កូរ៉េខាងត្បូង មកកម្ពុជាមានចំនួន៧០០លានដុល្លារ ហើយការនាំចូលពីប្រទេសនៅអាស៊ីអាគ្នេយ៍នេះ មានត្រឹមតែ៣០០លានដុល្លារ។ ប្រទេ​សកូរ៉េភាគច្រើន នាំចេញយានយន្ត ដូចជារថយន្តមួយទឹក និងរថយន្តដឹកទំនិញមកកាន់ប្រទេសកម្ពុជា។

ទំនិញនាំចេញផ្សេងទៀតរួមមានភេសជ្ជៈ និងសម្ភារៈវាយនភ័ណ្ឌ។ កូរ៉េខាងត្បូងភាគច្រើននាំចូលសម្លៀកបំពាក់ និងស្បែកជើងពីប្រទេសកម្ពុជា។ រោងចក្រកាត់ដេរកូរ៉េមួយចំនួនបានបង្កើតរោងចក្រនៅកម្ពុជា ដើម្បីនាំចូលទំនិញ ដែលផលិតនៅទីនោះ។ មួយរយៈចុងក្រោយនេះ ប្រទេសកម្ពុជាផលិតគ្រឿងបន្លាស់ខ្សែភ្លើងរថយន្តយ៉ាងច្រើន។

ប្រទេសកូរ៉េខាងត្បូង និងប្រទេសកម្ពុជា បានបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ ១៩៧០ ប៉ុន្តែចំណងទំនាក់ទំនងរបស់ពួកគេ ត្រូវបានកាត់ផ្តាច់នៅឆ្នាំ១៩៧៥ នៅពេលដែលប្រទេសកម្ពុជាធ្លាក់ចូលក្នុងសង្គ្រាម។ ទំនាក់ទំនងការទូតទ្វេភាគី ត្រូវបានបង្កើតឡើងម្តងទៀតនៅឆ្នាំ១៩៩៧ ហើយចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរបានបង្កើតទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នា។

ប្រទេសកម្ពុជា គឺជាទីផ្សារនាំចេញភេសជ្ជៈធំជាងគេទីបី សម្រាប់ប្រទេសកូរ៉េខាងត្បូង។ នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េខាងត្បូង និងកម្ពុជាត្រូវបានបញ្ចប់ ឧស្សាហកម្មផលិតកម្ម របស់ប្រទេសកូរ៉េត្រូវបានគេរំពឹងថា នឹងមានការកាត់បន្ថយពន្ធ ១០០ភាគរយ ខណៈដែលអត្ថប្រយោជន៍របស់អ្នកប្រើប្រាស់ ត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងចំនួន៣៣លានដុល្លារ។ ទោះយ៉ាងណាក្តី ការរំពឹងទុកមិនមែនសុទ្ធតែមានជោគជ័យនោះទេ។

លោក Kim Hyun-su ប្រធានក្រុមអ្នកស្រាវជ្រាវនៅវិទ្យាស្ថាន សម្រាប់ពាណិជ្ជកម្មអន្តរជាតិ នៅក្រោមសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េបានថ្លែងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការពង្រឹងទំនាក់ទំនងនយោបាយ និងសេដ្ឋកិច្ចជាមួយបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍។

ជាមួយគោលនយោបាយ ដែលគេហៅថា “គោលនយោបាយខាងត្បូង” ប្រទេសកូរ៉េ ព្យាយាមបង្កើនទំនាក់ទំនងរបស់ខ្លួន ជាមួយអាស៊ានឱ្យមានកម្រិតដូចគ្នានឹងប្រទេសដែលមានប្រទេសធំៗ ចំនួនបួនដូចជាសហរដ្ឋអាមេរិក ចិន ជប៉ុន និងរុស្ស៊ី។ កាលពីខែវិច្ឆិកាឆ្នាំមុន ប្រទេសកូរ៉េខាងត្បូង និងប្រទេសកម្ពុជាបានចាប់ផ្តើមការសិក្សាលទ្ធភាពរួមគ្នាស្តីពី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) របស់ពួកគេស្របតាមកិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-អាស៊ាន៕

LEAVE A REPLY

Please enter your comment!
Please enter your name here