ដោយ: លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យបានបង្ហាញ កាលពីថ្ងៃអង្គារម្សិលមិញនេះបានឱ្យដឹងថា តម្លៃប្រចាំខែនៃទីផ្សារលំនៅដ្ឋាន ក្នុងទីក្រុងសេអ៊ូលបានធ្លាក់ចុះដ៏ធំបំផុតនៅក្នុងខែកញ្ញា ចាប់តាំងពីវិបត្តិហិរញ្ញវត្ថុសកលឆ្នាំ២០០៩ ចំពេលអារម្មណ៍ទីផ្សារធ្លាក់ចុះ ដែលបង្កឡើងដោយការដំឡើងអត្រាការប្រាក់យ៉ាងឆាប់រហ័ស។
យោងតាមក្រុមប្រឹក្សាអចលនទ្រព្យកូរ៉េ បានឱ្យដឹងថា តម្លៃលំនៅដ្ឋានជាមធ្យម ក្នុងទីក្រុងសេអ៊ូលបានធ្លាក់ចុះ០,៤៩ភាគរយ កាលពីខែកញ្ញាធៀបនឹងខែសីហា។ នេះជាការធ្លាក់ចុះដ៏ធំបំផុត ក្នុងរយៈពេលជាង១៣ឆ្នាំ ដែលកំណត់ត្រាពីមុន បានធ្លាក់ចុះ០,៥៥ភាគរយក្នុងខែមករា ឆ្នាំ២០០៩។
យោងតាមមន្ត្រីមួយរូបមកពីក្រុមប្រឹក្សាភិបាលបានឱ្យដឹងថា ការដំឡើ ងអត្រាការប្រាក់ជាប់ៗគ្នា ធ្វើឱ្យអារម្មណ៍ទីផ្សារធ្លាក់ចុះ ដូច្នេះមានតែផ្ទះពីរបីខ្នងប៉ុណ្ណោះ ដែលត្រូវបានដាក់លក់ក្នុងតម្លៃទាបជាងផ្ទះ ដែលត្រូវបានទិញពីមុន។
ទីផ្សារលំនៅដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង បានឈានចូលដល់ដំណា ក់កាលនៃការធ្លាក់ចុះ ដែលចាប់ផ្តើមនៅក្នុងត្រីមាសទី២នៃឆ្នាំនេះ ខណៈដែលភាពច្របូកច្របល់ បានកើនឡើងក្នុងល្បឿន ដ៏គួរឱ្យព្រួយបារម្ភមួយដោយសារតែការដំឡើងអត្រាការប្រាក់ជាប់ៗគ្នា។
ធនាគារកណ្តាលកូរ៉េ បានបង្កើនអត្រាការប្រាក់របស់ខ្លួន ដល់៣ភាគរយពីកម្រិតទាបចំនួន០,៥ភាគរយកាលពី១៥ខែមុន។
ការផ្លាស់ប្តូរនេះ គឺជៀសមិនរួចចំពេលមានការកើនឡើង នៃសម្ពាធអតិផរណា និងជំហររូបិយវត្ថុកាន់តែអាក្រក់របស់ ធនាគារកណ្តាលFederal Reserve របស់សហរដ្ឋអាមេរិក។
តម្លៃជាមធ្យមនៃអាផាតម៉ិន នៅទូទាំងប្រទេសក៏បានធ្លាក់ចុះ១,៨៨ភាគរយនៅក្នុងខែសីហា។
នៅចន្លោះខែមករាដល់ខែសីហា តម្លៃនៃអាផាតម៉ិន បានធ្លាក់ចុះមកនៅត្រឹម៥,១៦ភាគរយ។ នេះគឺជាការធ្លាក់ចុះដ៏ខ្លាំងបំផុត ចាប់តាំងពីឆ្នាំ២០០៦ នៅពេលដែលក្រុមប្រឹក្សាភិបាល បានចាប់ផ្តើមចងក្រងទិន្នន័យពាក់ព័ន្ធ ហើយការធ្លាក់ចុះនេះ មានសភាពខ្លាំងជាងកំណត់ត្រា១,៧១ភាគរយក្នុងឆ្នាំ២០១០។
យោងតាមភ្នាក់ងារអចលនទ្រព្យ នៅទីក្រុងសេអ៊ូលបានឱ្យដឹងថា មានមនុស្សតិចណាស់ ដែលមកមើលអាផាតម៉ិនដើម្បីទិញ ហើយមានតែគូស្វាមីភរិយាថ្មីថ្មោងមួយចំនួនប៉ុណ្ណោះ ដែលកំពុងសាកសួរអំពីតម្លៃជួល៕