ដោយៈ ម៉ាណេត
ភ្នំពេញៈ រដ្ឋាភិបាលអូស្ត្រាលី និងគណៈកម្មការមូលប័ត្រកម្ពុជា (គ.ម.ក) សហការគ្នា បើកឱ្យដំណើរការ គម្រោងកៀងគរទុនវិនិយោគ សម្រាប់ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ក្នុងទីផ្សារមូលប័ត្រ។
ការសហការគ្នានេះ ត្រូវបានធ្វើឡើងក្រោមអធិបតីភាព លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងលោកស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលប័ត្រកម្ពុជាកាលពីម្សិលមិញ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មការមូលប័ត្រកម្ពុជាចេញផ្សាយនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ។
ទីផ្សារមូលធនក្នុងស្រុក ប្រកបដោយប្រសិទ្ធភាពនឹងជួយឱ្យកម្ពុជា អាចធ្វើពិពិធកម្ម ប្រភពមូលធនសម្រាប់វិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួនបាន ហើយក៏សម្រួលឱ្យកម្ពុជា មានលទ្ធភាពបត់បែនបានងាយស្រួល ក្នុងការឆ្លើយតបនឹងកិច្ចប្រឹងប្រែង ក្នុងការស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ពីការប៉ះពាល់ពីជំងឺកូវីដ-១៩ ។
លោក Pablo Kang បានមានប្រសាសន៍ថា “យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាំមួយ គ.ម.ក និងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីសម្រួលដល់ការបង្កើតលក្ខខណ្ឌ សម្រាប់ទីផ្សារមូលធនរយៈពេលវែងមួយ ប្រកបដោយភាពរស់រវើក ដែលគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់កម្ពុជា” ។
តាមរយៈកញ្ចប់ថវិកា ៥០លានដុល្លារអូស្ត្រាលី ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងកម្ពុជា កម្មវិធីវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធ (3i) រដ្ឋាភិបាលអូស្ត្រាលីធ្វើការជាដៃគូជាមួយគណៈកម្មករមូលប័ត្រកម្ពុជា ពង្រឹងការកៀងគរមូលធនក្នុងស្រុក សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ។ រួមមាន ការផ្តល់ជំនួយបច្ចេកទេស ដើម្បីអភិវឌ្ឍក្របខ័ណ្ឌច្បាប់ សម្រាប់បំណុលរយៈពេលវែង ពង្រឹងសមត្ថភាពភាគីពាក់ព័ន្ធ និងការបង្កើតវិធាការណ៍នានា ដើម្បីបង្កើតយន្តការបន្ថែម សម្រាប់វិស័យឯកជនវិនិយោគ លើហេដ្ឋរចនាសម្ព័ន្ធ។ ជំនួយបច្ចេទេសនេះ នឹងបង្កើតគម្រោងហេដ្ឋារចនាសម្ព័ន្ធមួយឱ្យដំណើរផងដែរ។
ឯកអគ្គរាជទូត Kang មានប្រសាសន៍ថា “អូស្ត្រាលីប្តេជ្ញាជួយកម្ពុជា ក្នុងដំណើរពិពិធកម្មប្រភពមូលធនក្នុងស្រុក សម្រាប់ការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ព្រោះយើងជឿជាក់ថា ដំណើរពិពិធកម្មនេះមានសារៈសំខាន់ ក្នុងការដំណើរអភិវឌ្ឍន៍សេដ្ឋកិច្ចមួយដែលធន់ និងគិតគូរដល់ផលប្រយោជន៍ប្រជាជនគ្រប់ៗគ្នា។ លោកបន្ថែមថា “វាពិតជាមានសារៈសំខាន់ជាពិសេស ក្នុងពេលដេលកម្ពុជាក្នុងស្តារសេដ្ឋកិច្ចរបស់ខ្លួនឡើងវិញ ពីផលប៉ះពាល់របស់ជំងឺកូវីដ-១៩ ។
លោក Kang បានថ្លែងបន្តថា “ខ្ញុំទន្ទឹងរង់ចាំមើល សក្តានុពលនៃទីផ្សារមូលធនក្នុងស្រុករបស់កម្ពុជា ចេញផ្លែផ្កា” ៕