ដោយ៖ ម៉ាណេត
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា ការព្យាករណ៍សេដ្ឋកិច្ចកម្ពុជាពីសំណាក់ធនាគារពិភពលោក និងអភិវឌ្ឍន៍អាស៊ី គឺប្រហាក់ប្រហែលនឹងការព្យាករណ៍របស់រាជរដ្ឋាភិបាល។

ការលើកឡើងរបស់សម្តេចតេជោ ត្រូវបានធ្វើឡើង ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្តខ្នាតយក្សនៅកម្ពុជា «ព្រីនស៍ ម៉ាណ័រ» ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ២៤ ភូមិដីឥដ្ឋកោះផុស២ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០។

សម្តេចតេជោ មានប្រសាសន៍ថា “ពីមុននេះគេព្យាករសម្រាប់យើងថា សេដ្ឋកិច្ចរបស់យើងអាចធ្លាក់ដល់ ៩ភាគរយ, ពី ៧ភាគរយទៅ៩ភាគរយ។ ដែលមុននេះ ក្នុងពេលដែលយើងព្យាករសេដ្ឋកិច្ចរបស់យើង អវិជ្ជមាន ១,៩ភាគរយ ប៉ុន្តែឥឡូវ ស្ថាប័នហិរញ្ញវត្ថុធំៗ រាប់ទាំង ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី បានធ្វើការព្យាករណ៍ឡើងវិញ ប្រហាក់ប្រហែលនឹងការព្យាករណ៍របស់រាជរដ្ឋាភិបាលហើយ”។

លោក មានប្រសាសន៍បន្តថា “បើធនាគារពិភពលោកចាត់ថា អវិជ្ជមានត្រឹម ២ភាគរយ យើង ១,៩ភាគរយ មានអ្វីខុសគ្នា។ កាលពីមុននេះ គេមើលឃើញស្ថានភាពរបស់យើងផ្សេង ក៏ប៉ុន្តែនៅដែលយើងប្រឹងដោយខ្លួនឯង ងើបឈរដោយខ្លួនឯង គ្រប់គ្រងកូវីដផង ខិតខំរក្សាលំនឹងសេដ្ឋកិច្ចសង្គមផង ធ្វើឱ្យស្ថានភាពជីវភាពប្រជាពលរដ្ឋរបស់យើង មានភាពល្អប្រើសើរ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ធនាការពិភពលោក (World Bank) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២០ នឹងមានកំណើនអវិជ្ជមាន គឺត្រឹម -២ភាគរយ ។

យ៉ាងណាក្តី របាយការណ៍របស់ធនាគារពិភពលោក បានបញ្ជាក់ថា សកម្មភាពសេដ្ឋកិច្ចផ្ទៃក្នុងរបស់កម្ពុជាបានចាប់ផ្តើមកម្រើកបណ្តើរៗឆ្ពោះទៅរកប្រក្រតីភាពឡើងវិញហើយ ក្រោយពីមានការសម្រាលលើវិធានការរក្សាគម្លាតសុវត្ថិភាពសង្គម។ តម្រូវការក្នុងស្រុក រួមមានការធ្វើដំណើរនិងសកម្មភាពទេសចរណ៍ក្នុងស្រុកផង កំពុងតែងើបឡើងវិញ។

របាយការណ៍ បានឱ្យដឹងទៀតថា កម្ពុជានិងចិន បានប្រកាសបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ (CCFTA) រួចហើយៗកិច្ចព្រមព្រៀងនេះទំនងជានឹងចូលជាធរមានក្នុងឆ្នាំ២០២១។ នៅក្នុងពាក់កណ្តាលឆ្នាំដំបូងនៃឆ្នាំ២០២០ គម្រោងវិនិយោគផ្ទាល់ពីបរទេសដែលទទួលការអនុម័តរួច មានតម្លៃសរុបកើនប្រហែល ៤០ភាគរយ ប្រៀបធៀបទៅនឹងរយៈកាលដូចគ្នាក្នុងឆ្នាំ២០១៩។

កាលថ្មីៗនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ក៏បានដំឡើង តួលេខនៃការព្យាករសេដ្ឋកិច្ចកម្ពុជាសម្រាប់ឆ្នាំ ២០២០ ដោយផ្អែកលើភាពប្រសើរជាងមុន នៃផលិតកម្ម វិស័យកសិកម្ម និងការកើនឡើង នៃការនាំចេញផលិតផលមិនមែនសំលៀកបំពាក់ ដូចជាកង់ និង គ្រឿងអេឡិចត្រូនិច។

លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេសកម្ពុជា របស់ធនាគារអភិវឌ្ឍន៍អាស៊ីបានមានប្រសាសន៍ថា “ជំងឺរាតត្បាតបណ្តាលពីវីរុសកូរ៉ូណា ជាបញ្ហាប្រឈមពិភពលោក ដែលមិនធ្លាប់ មានពីមុនមក ប៉ុន្តែជាសំណាងល្អ ប្រទេសកម្ពុជាមិនបានមានវិបត្តិផ្នែកសុខាភិបាលនោះទេ”។

លោកស្រី បានថ្លែងថា “យើងរំពឹងថាកំណើនសេដ្ឋកិច្ចនឹងស្ទុះងើបឡើងវិញដល់ ៥,៩% នៅក្នុងឆ្នាំ ២០២១ ដោយសារកំលាំងជំរុញ នៃគោលនយោបាយគាំទ្រ របស់រាជរដ្ឋាភិបាល ដើម្បីជួយដល់ជនក្រីក្រ និងការគាំទ្រផ្នែកហិរញ្ញប្បទាន ដល់សហគ្រាសធុនតូច និងមធ្យម”។

លោកស្រី បានឱ្យដឹងទៀត វិធានការណ៍ទាំងនេះ រួមជាមួយនឹងការកែទម្រង់រចនាសម្ព័ន្ធ ដែល ចាំបាច់ នឹងកាត់បន្ថយផលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោល នៃកូវីដ១៩ ទៅលើគ្រួសារ និង អាជីវកម្មនានា ហើយនឹងជួយឱ្យសេដ្ឋកិច្ចកម្ពុជាងើបឡើងខ្លាំងជាងមុន ក្រោយកូវីដ១៩”៕

LEAVE A REPLY

Please enter your comment!
Please enter your name here