កម្ពុជា ទទួលបានឥណទានជាង ៤៧៩លានដុល្លារ ពីដៃគូអភិវឌ្ឍន៍នានា ដើម្បីបង្កើនផលិតភាពសេដ្ឋកិច្ច

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានា សរុបជាង ៤៧៩ លាន ដុល្លារអាមេរិក សំដៅរួមចំណែកទ្រទ្រង់ចិរភាព នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម។

 

ឥណទានសម្បទាននេះ គឺក្នុងគោលដៅនៃការខ្ចីឥណទានសម្បទានទាំងនេះ គឺជាហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ស្ថិតិបំណុលសាធារណៈកម្ពុជា ដែលបានចុះផ្សាយដោយនាយកដ្ឋានគ្រប់គ្រងបំណុល នៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញឲ្យដឹងថា នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងខ្ចីឥណទានសម្បទាន ជាមួយដៃគូអភិវឌ្ឍន៍នានា សរុបជាង ៤៧៩លានដុល្លារអាមេរិក ឬជាង ៣ម៉ឺនលានអេសដេអ៊ែរ ស្មើប្រមាណ២៥% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៤០០ លានអេសដេអ៊ែរ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគីមានចំនួន ៩៣% ត្រូវជាង ៤៤៣ លានដុល្លារអាមេរិក និងក្របខ័ណ្ឌពហុភាគី មានចំនួនប្រមាណ ៧% ត្រូវជាង ៣៥ លានដុល្លារអាមេរិក។

ជុំវិញនិងកម្ចីឥណទានសម្បទាន នៅក្នុងឆមាសទី១ ឆ្នាំ២០២០ នេះ រាជរដ្ឋាភិបាលបានដកសាច់ប្រាក់ពីដៃគូអភិវឌ្ឍន៍ យកមកប្រើប្រាស់ ជាក់ស្តែង សរុបមានចំនួនជាង ៤៤៣ លានដុល្លារអាមេរិក ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានចំនួនប្រមាណ ៦៣% ត្រូវជាង ២៨១ លានដុល្លារអាមេរិក, និងក្របខ័ណ្ឌពហុភាគី មានចំនួនប្រមាណ ៣៧% ត្រូវជាង ១៦២ លានដុល្លារ អាមេរិក។

ក្នុងរយៈពេលនេះដែរ រាជរដ្ឋាភិបាលកម្ពុជា បានទូទាត់សេវាបំណុលជូនដៃគូអភិវឌ្ឍន៍ សរុបជាង ១៥២ លានដុល្លារ ក្នុងនោះ ក្របខ័ណ្ឌបំណុលសាធារណៈក្នុងប្រទេស មានចំនួន ១% ត្រូវនឹង ១,៦១ លានដុល្លារ (ប្រាក់ដើម ១,៥៦ លានដុល្លារ និងការប្រាក់ ០,០៥ លានដុល្លារ) និងក្របខ័ណ្ឌបំណុលសាធារណៈក្រៅប្រទេស មានចំនួនប្រមាណ ៩៩% ត្រូវជាង ១៥០ លានដុល្លារ (ប្រាក់ដើមជិត ១១០ លានដុល្លារ រួមជាមួយការប្រាក់ និងកម្រៃ ផ្សេងៗជាង ៤០ លានដុល្លារអាមេរិកផងដែរ)។

គោលដៅនៃការខ្ចីឥណទានសម្បទានទាំងនេះ គឺសុទ្ធតែជាហិរញ្ញប្បទានលើគម្រោងវិនិយោគសាធារណៈ ក្នុងវិស័យអាទិភាពរបស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាព នៃកំណើនរយៈពេលវែង និងបង្កើនផលិតភាព សេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម ដោយក្នុងនោះ វិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្តគ្របដណ្ដប់ប្រមាណ ៩៣% និងវិស័យ អាទិភាពចំពោះមុខផ្សេងទៀតប្រមាណ ៧%។ ជារួម, ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានដែលមានកម្រិតសម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យម ៥៦%៕

LEAVE A REPLY

Please enter your comment!
Please enter your name here