ធនាគារជាតិនៃកម្ពុជា៖ អតិផរណានៅកម្ពុជានឹងធ្លាក់ចុះមក៣,២ភាគរយនៅឆមាសទី២

ដោយ៖ សហការី

ភ្នំពេញ៖ អត្រាអតិផរណានៅកម្ពុជា នៅក្នុងឆមាសទី២ ឆ្នាំ២០២២ រំពឹងថានឹងអាចថមថយមកវិញ ក្នុងអត្រា៣,២% បន្ទាប់ពីកើនឡើងដល់៦,៥% នៅឆមាសទី១ឆ្នាំនេះ ខណៈរាជរដ្ឋាភិបាលបានត្រៀមថវិកាជាង៨០០លានដុល្លារ សម្រាប់ជួយពលរដ្ឋក្រីក្រ ឆ្លើយតបនៃការកើនឡើងនៃអតិផរណានៅកម្ពុជា និងទាំងវិបត្តិផ្សេងៗដែលកើតឡើងជាយថាហេតុ រួមទាំងការស្តារនូវសេដ្ឋកិច្ចឡើងវិញផងដែរ។

របាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ដែលចេញផ្សាយដោយធនាគារជាតិ បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២២ អតិផរណាជាមធ្យមនៅកម្ពុជា មានកម្រិត៦,៥% ខ្ពស់ជាងឆមាសទី២ ឆ្នាំ២០២១ ដែលមានអត្រា៣,៤% និងឆមាសទី១ ឆ្នាំ២០២១ ក្នុងកម្រិត២,៥% ប៉ុន្តែត្រូវបានព្យាករថា នឹងថមថយមកវិញត្រឹម៣,២% នៅឆមាសទី២ ឆ្នាំ២០២២នេះ ដែលធ្វើឱ្យអត្រាអតិផរណាគិតជាមធ្យមប្រចាំ ឆ្នាំ២០២២ អាចស្ថិតក្នុងរង្វង់៤,៨%។

របាយការណ៍ឱ្យដឹងថា “អតិផរណាមាននិន្នាការកើនឡើង នៅក្នុងឆមាសទី១នេះ ដោយសារការកើនឡើងនៃថ្លៃប្រេងឥន្ធនៈ ការរអាក់រអួលនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល និងការងើបឡើងវិញនៃតម្រូវការក្នុងស្រុក។ ថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ បានបន្តកើនឡើង១៨,២% នៅឆមាសនេះ ស្របតាមនិន្នាការថ្លៃប្រេងឆៅពិភពលោក ដោយការផ្គត់ផ្គង់ប្រេងពិភពលោក ទទួលរងឥទ្ធិពលពីភាពតានតឹង ភូមិសាស្ត្រនយោបាយ គួបផ្សំនឹងការងើបឡើងវិញនៃតម្រូវការពិភពលោក។ ថ្លៃក្រុមម្ហូបអាហារបានកើនដល់៥,៥% ដែលបណ្ដាលមកពីការរំខានផ្នែកផ្គត់ផ្គង់ ការកើនឡើងថ្លៃជី កសិកម្ម និងឥទ្ធិពលពីការឡើងថ្លៃប្រេងឥន្ធនៈ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ធនាគារជាតិបានបញ្ជាក់ថា ស្ថានភាពអតិផរណានាឆមាសទី២ ផ្អែកតាមការព្យាករដោយសុទិដ្ឋិនិយម អតិផរណាក្នុងឆមាសទី២ ឆ្នាំ២០២២ ត្រូវបានព្យាករថាមានកម្រិតជាមធ្យមប្រមាណ៣,២%។ ការព្យាករនេះត្រូវបានធ្វើឡើង តាមរយៈការអង្កេតពីនិន្នាការថមថយល្បឿន នៃកំណើនថ្លៃក្រុមទំនិញ និងសេវាពាក់ព័ន្ធនឹងប្រេងឥន្ធនៈមកត្រឹម៩,៣% ដោយសារថ្លៃប្រេងឆៅពិភពលោក ត្រូវបានព្យាករថានឹងថមថយចាប់ពីខែកក្កដា ដល់ចុងឆ្នាំ២០២២ ក្នុងបរិការណ៍ដែលប្រទេសសមាជិក OPEC នឹងបង្កើនការផ្គត់ផ្គង់ ស្របពេលដែលតម្រូវការ អាចថមថយមកវិញ នៅពេលអត្រាការប្រាក់កើនឡើង។

ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី “សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ” នៅទីស្តីការគណៈរដ្ឋមន្ត្រី នាថ្ងៃទី០២ ខែសីហា លោក មាស សុខសេនសាន អគ្គលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ជាក្រសួងដែលចូលរួមឃ្លាំងមើលស្ថានភាពអតិផរណានៅកម្ពុជា និងបានចូលរួមចំណែកមួយភាគ ដើម្បីដោះស្រាយអតិផរណា តាមរយៈគោលនយោបាយសារពើពន្ធជាដើម។

លោកបន្តថា ក្នុងពេលដែលអតិផរណាបានកើនឡើងនេះ ក្រសួងបានត្រៀមកញ្ចប់ថវិកា ដើម្បីជួយដល់ពលរដ្ឋក្រីក្រ ក្នុងការដោះស្រាយ និងឆ្លើយតបនៃការកើនឡើងនៃអតិផរណានៅកម្ពុជាផងដែរ។

លោកមានប្រសាសន៍ថា “សម្រាប់ក្រសួងសេដ្ឋកិច្ច យើងបានបម្រុងថវិកាថា បើមិនបានជួយខ្លាំង នៅក្នុងការគ្រប់គ្រងស្ថានភាពអតិផរណា ក៏យើងបានរៀបចំកញ្ចប់ថវិកា ដើម្បីជួយដល់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីអតិផរណាដែលមិនមានលទ្ធភាពក្នុងការទិញ ព្រោះថា កម្រិត ឬលទ្ធភាពនៃការទិញរបស់គាត់ អាចនឹងមានការធ្លាក់ចុះ នៅពេលតម្លៃឡើងថ្លៃ អ៊ីចឹងនៅក្នុងកិច្ចការនេះ យើងបានត្រៀមកញ្ចប់ថវិកា ជួយទៅដល់ប្រជាជន ក្រីក្របន្តទៀត ក្នុងការដែលធ្វើយ៉ាងម៉េចឱ្យពួកគាត់ ឆ្លើយតបទៅនឹងស្ថានភាពនៃកិច្ចការទាំងអស់នេះ បានទាន់ពេល”។

បើតាមអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ចរូបនេះ កាលពីឆ្នាំ២០២០ រដ្ឋបានត្រៀមថវិកា ប្រមាណ៨២៤លានដុល្លារ ឆ្នាំ២០២១ ចំនួន១២៩១លានដុល្លារ និងឆ្នាំ២០២២ រដ្ឋត្រៀមថវិកាជាង៨០០លានដុល្លារ ដើម្បីជួយដល់ពលរដ្ឋក្រីក្រ និងសម្រាប់ទប់ទាល់នឹងវិបត្តិផ្សេងដែលអាចកើតមានឡើងជាយថាហេតុ បូករួមទាំងការស្តារសេដ្ឋកិច្ចឡើងវិញផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here