NBC ដាក់ចេញគោលនយោបាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់ដើម្បីរក្សាស្ថិរភាពវិស័យធនាគារ

ដោយៈ សុផារី

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) ដាក់ចេញការអនុវត្តនយោ បាយរូបិយវត្ថុសម្រាប់គ្រាបន្ទាប់០៥ចំណុច ដើម្បីគាំទ្រសកម្មភាពសេដ្ឋកិច្ច និងបន្តរក្សាបានស្ថិរភាពរឹងមាំ ក្នុងវិស័យធនាគារ ក្នុងកំឡុងវិបត្តិសេដ្ឋកិច្ចសកល ដែលកំពុងផ្តល់ផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ធនាគារជាតិនៃកម្ពុជា ស្តីពីលទ្ធផលនៃកិច្ចប្រជុំ គណៈកម្មាធិការនយោបាយរូបិយវត្ថុ លើកទី៦០ ដែលអង្គប្រជុំបានពិភាក្សា លើបច្ចុប្បន្នភាពនៃស្ថានភាពសេដ្ឋកិច្ចពិភពលោក វឌ្ឍនភាព និងបញ្ហាប្រឈមនៃស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ព្រមទាំងការអនុវត្តនយោបាយរូបិយវត្ថុ។

ធនាគារជាតិបានឱ្យដឹងថា នៅអំឡុងខែមីនា និងខែមេសា ឆ្នាំ២០២២នេះ សកម្មភាពសេដ្ឋកិច្ចពិភពលោកបន្តមានកំណើន ប៉ុន្តែយឺតជាងការរំពឹងទុក ដោយសារការអូសបន្លាយ នៃវិបត្តិភូមិសាស្ត្រនយោបាយរុស្ស៊ី-អ៊ុយក្រែន។ អតិផរណាពិភពលោក បានកើនឡើងខ្ពស់នៅស្ទើរគ្រប់ប្រទេស ដោយសារផលប៉ះពាល់ នៃការឡើងថ្លៃប្រេងឥន្ធនៈ និងកំណើនតម្រូវការ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះកម្ពុជា សកម្មភាពសេដ្ឋកិច្ច បានបន្តងើបឡើងដែលគាំទ្រ ជាចម្បងដោយកំណើននៃវិស័យកម្មន្តសាល និងការងើបឡើងសន្សឹមៗនៃវិស័យទេសចរណ៍ ខណៈកំណើនវិស័យកសិកម្ម និងវិស័យសំណង់បានថមថយ។

ជាមួយគ្នានេះ ការកើនឡើងថ្លៃប្រេងឥន្ធនៈ និងម្ហូបអាហារពិភពលោក បាននាំឱ្យកម្រិតអតិផរណានៅកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់មិនធ្លាប់មាន បើគិតក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយនេះ។

អត្រាប្ដូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព ដើម្បីរួមចំណែកការពារអំណាចទិញ និងបន្ថយផលប៉ះពាល់ ពីការកើនឡើងនៃអតិផរណា ស្របពេល ដែលទុនបម្រុងអន្តរជាតិ បន្តមានកម្រិតខ្ពស់គ្រប់គ្រាន់ សម្រាប់គាំទ្រដល់ការអនុវត្តនយោបាយ អត្រាប្តូរប្រាក់ និងរក្សាជំនឿទុកចិត្តលើស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជា។

សេចក្តីប្រកាសព័ត៌មានដដែលឱ្យដឹងថា អង្គប្រជុំបានវាយតម្លៃខ្ពស់ចំពោះលទ្ធផល នៃការអនុវត្តនយោបាយរូបិយវត្ថុ ដែលបានចូលរួមយ៉ាងសកម្មក្នុងការគាំទ្រសកម្មភាពសេដ្ឋកិច្ច និងបន្តរក្សាបានស្ថិរភាពរឹងមាំ ក្នុងវិស័យធនាគារ។ ចំពោះទស្សនវិស័យខាងមុខ សកម្មភាពសេដ្ឋកិច្ចកម្ពុជារំពឹងបន្តកើនឡើងមួយកម្រិតទៀត ហើយអតិផរណាត្រូវបានព្យាករថា នឹងថយល្បឿនជាលំដាប់ ជាពិសេសនៅក្នុងអំឡុងឆមាសទី២ ដោយសារ ការរំពឹងទុក ពីការថយចុះសម្ពាធថ្លៃប្រេងឥន្ធនៈនិងម្ហូបអាហារ។

ក្នុងស្ថានភាពនេះ គណៈកម្មាធិការបានសម្រេចអនុវត្តន៍ នយោបាយរូបិយវត្ថុសម្រាប់ គ្រាបន្ទាប់ ដូចខាងក្រោម៖
១/- រក្សាស្ថិរភាពអត្រាប្ដូរប្រាក់រៀល ធៀបនឹងដុល្លារអាមេរិក ដោយប្រើប្រាស់ឧបករណ៍ផ្សេងៗ រួមទាំងការធ្វើអន្តរាគមន៍ និងការបញ្ចេញសន្ទនីយភាពជាប្រាក់រៀល។

២/- រក្សាអត្រាការប្រាក់ដេញថ្លៃ នៃប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការផ្ដល់សន្ទនីយភាពរយៈពេលខ្លី (MLF) ក្នុងកម្រិតសមស្រប។

៣/-ផ្តល់សន្ទនីយភាពតាមយន្តការ LPCO ក្នុងបរិមាណដែលជួយដល់តម្រូវការប្រាក់រៀល របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ។

៤/- រក្សាអត្រាប្រាក់បម្រុងកាតព្វកិច្ចក្នុងអត្រា៧% ទាំងប្រាក់រៀល និងដុល្លារអាមេរិក។
៥/- លើកកម្ពស់ការយល់ដឹង និងការប្រើប្រាស់ប្រាក់រៀល៕

LEAVE A REPLY

Please enter your comment!
Please enter your name here