ដោយៈ សុផារី
ភ្នំពេញៈ គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានដល់វិស័យសំណង់សរុប៥៥,៤ទ្រីលានរៀល (១៣,៥ពាន់លានដុល្លារអាមេរិក) ដើម្បីបំពេញតាមតម្រូវការវិនិយោគ និងសកម្មភាពសេដ្ឋកិច្ច។
នេះបើយោងតាមទិន្នន័យបញ្ចេញ ដោយធនាគារជាតិនៃកម្ពុជា នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ឱ្យដឹងថា វិស័យសំណង់ទទួលបានឥណទានច្រើនលំដាប់លេខ១ ដោយមានការកើនឡើង ដល់ទៅ២៩,៣% ធៀបនឹងចុងត្រីមាសទី១ឆ្នាំមុន។

របាយដដែលបានឱ្យដឹងថា “ឥណទានទៅវិស័យឯកជនទាំងនោះ គ្របដណ្តប់លើវិស័យសំណង់ ការជួញដូរដុំនិងរាយ សេវាកម្ម កសិកម្ម អង្គភាពគ្រួសារ និងកម្មន្តសាល ជាដើម”។
ជារួម គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២២ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បានផ្តល់ឥណទាន ដល់វិស័យឯកជនសរុប២០៥,៤ទ្រីលានរៀល (៥០,៧ពាន់លានដុល្លារអាមេរិក) កើនឡើង២២,៤% ធៀបនឹងចុងត្រីមាសទី១ឆ្នាំមុន។
លោកច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានមានប្រសាសន៍ថា ទោះបីប្រឈមនឹងវិបត្តិជំងឺ និងវិបត្តិសេដ្ឋកិច្ចក្តី ធនាគារនិងហិរញ្ញវត្ថុ នៅតែបន្តផ្តល់ជូនអ្នកវិនិយោគ ក្នុងវិស័យអចលនទ្រព្យនិងសំណង់ដដែល ដោយវិស័យមួយនេះ នៅតែបន្តសកម្មភាពនៃការវិនិយោគជាបន្តបន្តាប់។
លោកបន្តថា ប្រៀបធៀបនឹងឆ្នាំ២០២០ និងឆ្នាំ២០២១ នៅដើមឆ្នាំ២០២២នេះ ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជា មានភាពល្អប្រសើរជាងមុនឆ្ងាយ ជាពិសេសទទួលបានការគាំទ្រ ពីសំណាក់វិនិយោគិនក្នុងស្រុក និងប្រព័ន្ធធនាគារ ក្នុងនោះប្រព័ន្ធធនាគារ នៅតែបន្តផ្តល់កម្ចីដល់អតិថិជន ទោះបីប្រឈមនឹងបញ្ហាប្រឈម និងឧបសគ្គក្តី។

លោកបន្តថា “ធនាគារពាណិជ្ជ ធនាគារមួយចំនួននៅតែបន្តផ្តល់កម្ចីដល់វិនិយោគិន ដូច្នេះវិនិយោគិននៅតែបន្តសកម្មភាពអភិវឌ្ឍន៍របស់ខ្លួន”៕







