ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ អាចនឹងត្រូវពន្យាពេលបើកសម្ពោធរហូតដល់ខែកញ្ញា ឆ្នាំ២០២២ខាងមុខ

ដោយ៖ សុផារី

ក្រុងព្រះសីហនុ៖ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលធ្លាប់បានគ្រោងថានឹងបើកសម្ពោធនៅក្នុងខែកក្កដា ឆ្នាំ២០២២នេះ អាចនឹងត្រូវពន្យាពេលបើកសម្ពោធរហូតដល់ខែកញ្ញាវិញ ដោយសារបញ្ហាមួយចំនួន។

នេះបើតាមប្រសាសន៍លើកឡើងរបស់ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ នៅក្នុងវេទិកា “សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិស្តីពីការទូតសេដ្ឋកិច្ចក្នុងគន្លងប្រក្រតីភាពថ្មី” នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២នេះ។

លោក ឡុង ឌីម៉ង់ បានឱ្យដឹងថា “ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលកន្លងមកគ្រោងបើកដំណើរការរវាងរាជធានីភ្នំពេញ-ក្រុងព្រះសីហនុ នៅក្នុងខែកក្កដា​ខាងមុខ ប៉ុន្តែពេលនេះ ត្រូវបានលើកពេលរហូតដល់ខែកញ្ញាទៀត”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអភិបាលរងខេត្តព្រះសីហនុបញ្ជាក់ពីហេតុផល ដែលការបើកដំណរការនេះត្រូវបានពន្យាពេល ដោយសារកន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានបើកបរខុសបច្ចេកទេស បានធ្វើឱ្យមានការខូចខាតផ្លូវនេះមួយចំនួន ហើយបានធ្វើឱ្យប៉ះពាល់ដល់ដំណរការសាងសង់គម្រោង។

លោកបញ្ជាក់ថា “កន្លងមក មានបងៗខ្លះប្រើប្រាស់ឥទ្ធិពលមួយចំនួន ប្រើប្រាស់ផ្លូវគេដែលកំពុងធ្វើការដ្ឋាន បណ្តាលឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ទៀត បានធ្វើឱ្យយឺតពេលការសាងសង់របស់យើងផងដែរ”។

យ៉ាងណាក្តីលោកលើកឡើងថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក៏ជាផ្លូវយុទ្ធសាស្ត្រសំខាន់បំផុត ដែលបានចូលរួមចំណែកក្នុងការស្ដារសេដ្ឋកិច្ចជាតិ លើកស្ទួយវិស័យដឹកជញ្ជូន ជាពិសេសលើកស្ទួយវិស័យទេសចរណ៍ផងដែរ។

លោកថា “វាក៏ជាគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលបាននិងកំពុងជួយគាំទ្រដល់មហិច្ឆតារបស់រាជរដ្ឋាភិបាលមួយទៀត ក្នុងការរៀបចំផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុ ដើម្បីប្រែក្លាយខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគម្រូពហុបំណង”។

ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែង១៨៧គីឡូម៉ែត្រ មាន៤គន្លង សាងសង់ផ្លូវប្តូរទិស៩កន្លែង សាងសង់តំបន់ផ្តល់សេវាកម្ម៣កន្លែង ចំណតរថយន្ត១កន្លែង និងមណ្ឌលប្រតិបត្តិការនិងថែទាំផ្លូវ៤កន្លែង វិនិយោគដោយក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន មានតម្លៃវិនិយោគសរុប ចំនួន២ពាន់លានដុល្លារសហរដ្ឋអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here