រដ្ឋាភិបាលដាក់ចេញវិធានការបន្ថែម ដើម្បីលើកកម្ពស់វិស័យ SME

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ស្របពេលវិស័យសហគ្រាសធុនតូច និងមធ្យម បាននិងកំពុងដើរតួនាទីសំខាន់និងឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់លើវិស័យយ៉ាងខ្ជាប់ខ្ជួន ជាក់ស្ដែងកន្លងមករាជរដ្ឋាភិបាលដាក់វិធានការនិងកែទម្រង់លើវិស័យនេះមួយចំនួនរួចហើយ ដើម្បីជំរុញការអភិវឌ្ឍបន្ថែម។

ថ្មីៗនេះដែរ រាជរដ្ឋាភិបាលដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិកា បានដាក់ចេញបន្ថែមនូវវិធានការមួយចំនួនដើម្បីលើកស្ទួយវិស័យនេះអោយកាន់តែមានសន្ទុះនិងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកិច្ចប្រជុំគណៈកម្មាធិការសកម្មភាពនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យមលើកទី២ កាលពីពេលថ្មីកន្លងទៅនេះ ក្រសួងសេដ្ឋកិច្ចបានពិភាក្សាបន្ថែមទៅលើ ការកំណត់និយមន័យសហគ្រាសធុនតូច និងមធ្យម ដើម្បីអោយចំគោលដៅនិងប្រសិទ្ធភាព ដូចជាកំណត់ចំនួនបុគ្គលិក និង ផលរបរប្រចាំឆ្នាំឬក៏ទ្រព្យសកម្មរបស់សហគ្រាសធុនតូចនិងមធ្យម ។ ក្នុងកិច្ចប្រជុំនេះដែរ ក៏បានពិភាក្សាពីការលុបបំបាត់ និងកែសម្រួល ការផ្ដល់អាជ្ញាបណ្ណឬវិញ្ញាបនបត្រដែលត្រួតគ្នា ។

អង្គប្រជុំក៏បានជំរុញអោយក្រសួង ស្ថាប័នពាក់ព័ន្ធពិនិត្យលទ្ធភាព ក្នុងការសម្រួល ពន្លឿននីតិវិធីរដ្ឋបាល និងភ្ជាប់ការផ្ដល់អាជ្ញាប័ណ្ណ ឬវិញ្ញាបនបត្រពាក់ព័ន្ធផ្សេងៗ ទៅក្នុងថ្នាលអនឡាញ CamDX ដែលរាជរដ្ឋាភិបាលបានដាក់អោយដំណើរការពេលថ្មីកន្លងទៅនេះ ។ ចំណុចពិភាក្សាមួយទៀតនោះ គឺការកែសម្រួលមុខងារអធិការកិច្ចដែលត្រួតគ្នារវាងក្រសួងស្ថាប័ន ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ ការលើកកម្ពស់ប្រសិទ្ធភាពក្នុងការអនុវត្តវិធានការដែលបានអនុម័ត និងជំរុញការងារបន្តក្នុងការជួយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម គឺត្រូវការសម្របសម្រួល និងកិច្ចសហការអន្តរក្រសួង ស្ថាប័ន ជាអន្តរវិស័យក្នុងការតាមដាននិងអនុវត្តន៍ ។

លោកតែ តាំងប៉ ប្រធានសម្ព័ន្ធសហគ្រាសធុនតូច និងមធ្យមកម្ពុជា បានមានប្រសាសន៍កន្លងមកថា ក្រសួងស្ថាប័នពាក់ព័ន្ធ គួរតែកាត់បន្ថយនូវការនាំចូលទំនិញទាំងឡាយណាដែល សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាអាចផលិតបាន ដើម្បីទុកលទ្ធភាពអោយពួកគេអាចផលិតផលដើម្បីផ្គត់ផ្គង់ក្នុងស្រុក ។ ហើយលោកឧកក៏ធានាអះអាងថា នឹងផ្គត់ផ្គង់អោយគ្រប់ទៅតាមតម្រូវការ បើសិនជារដ្ឋាភិបាលអាចទប់ស្កាត់បាននូវការនាំចូលពីខាងក្រៅ ។

បើតាមក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនុវានុវត្តន៍ កន្លងមកអោយដឹងថា សហគ្រាសធុនតូចនៅកម្ពុជាមានច្រើនដល់ជាងកន្លះលានសហគ្រាសក៏ប៉ុន្តែមានសហគ្រាសតិចតួចប៉ុណ្ណោះ ដែលចុះបញ្ជីត្រឹមត្រូវ ដូច្នេះក្រសួងមិនអាចជួយពួកគេបានតាមតម្រូវការនោះឡើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here