ក្រុមហ៊ុនសេវាហិរញ្ញវត្ថុសឹង្ហបុរី និងកម្ពុជានឹងចាប់ដៃគ្នា ដើម្បីជំរុញការទូទាត់ប្រាក់ឆ្លងកាត់ព្រំដែន

ដោយៈ ម៉ាណេត

ភ្នំពេញៈ ក្រុមហ៊ុន Liquid Group ដែលជាក្រុមសេវាទូទាត់តាមទូរស័ព្ទចល័តក្នុងតំបន់មានទីស្នាក់ការនៅប្រទេសសឹង្ហបុរី នឹងធ្វើជាដៃគូជាមួយធនាគារឯកទេសវីង (ខេមបូឌា) ដែលជាក្រុមហ៊ុនផ្តល់សេវាធនាគារចល័តឈានមុខគេនៅកម្ពុជាដើម្បីបើកការទូទាត់ប្រាក់ឆ្លងកាត់ព្រំដែនសម្រាប់ប្រតិបត្តិការក្នុងប្រទេសមកកម្ពុជា។

ថ្លែងក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Liquid Group នៅថ្ងៃ១០ ខែកញ្ញា ឆ្នាំ២០២០ លោក Manu Rajan នាយកប្រតិបត្តិក្រុមហ៊ុនវីង បានមានប្រសាសន៍ថា យើងមានក្តីរំភើប និងពិតជាទន្ទឹងរងចាំការសហការនេះជាមួយក្រុមហ៊ុន Liquid Group ដែលជាក្រុមសេវាទូទាត់ប្រាក់តាមប្រព័ន្ធ QR ឈានមុខគេ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា ការសហការនេះឆ្លុះបញ្ចាំង ពីវិធីសាស្រ្តយុទ្ធសាស្រ្តរបស់យើង ក្នុងការផ្តល់ភាពងាយស្រួលក្នុងសេវាកម្មហិរញ្ញវត្ថុចល័ត ដែលមានសុវត្ថិភាព និងរហ័សដល់អតិថិជនទាំងអស់ តាមរយៈប្រព័ន្ធអេកូឡូស៊ី និងដៃគូដ៏រឹងមាំរបស់យើងនៅទូទាំងតំបន់។ វីងតែងតែបង្កើនកិច្ចខំប្រឹងប្រែង ដើម្បីផ្តល់ភាពងាយស្រួលដល់អតិថិជនរបស់យើង។

ជាមួយនឹងភាពជាដៃគូនេះ ក្រុមហ៊ុន Liquid Group និងវីង នឹងគាំទ្រដល់ប្រតិបត្តិការទូទាត់ប្រាក់តាមប្រ័ន្ធ QR Code ដោយអនុញ្ញាតឱ្យដៃគូពាណិជ្ជកម្មរបស់វីង នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ទទួលយកកម្មវិធីទូទាត់ QR របស់ក្រុមហ៊ុនLiquid Group និងដៃគូរបស់ខ្លួន។

ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ វីងគឺជាស្ថាប័ន ដែលត្រូវបានទទួលស្គាល់ និងទុកចិត្តបំផុតមួយ នៅក្នុងទីផ្សារសេវាទូទាត់ប្រាក់តាមទូរស័ព្ទ និងអេឡិចត្រូនិក ដែលមានបណ្តាញភ្នាក់ងារវីងជាង៨០០០ កន្លែងនៅទូទាំងប្រទេស ដែលបម្រើអតិថិជនចំនួន ៥លាននាក់នៅកម្ពុជា។

លោក Jeremy Tan ស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Liquid Group បានថ្លែងថា បន្ទាប់ពីការបង្កើតបណ្តាញទូទាត់ តាមតំបន់រួមបញ្ចូលគ្នារបស់យើងនៅឆ្នាំ ២០១៩ យើងមានការរំភើបក្នុងការឈានចូលឆ្នាំទី២របស់យើង ក្នុងការបើកច្រករបៀងថ្មីនៅទូទាំងតំបន់ ដើម្បីជួយសម្រួលដល់ការទូទាត់ឆ្លងកាត់ព្រំដែនតាមប្រព័ន្ធ QR នៅទូទាំងប្រទេសសឹង្ហបុរី ហុងកុង ឥណ្ឌូនេស៊ី ហ្វីលីពីន តៃវ៉ាន់ ថៃ និងប្រទេសកម្ពុជា។

លោកបានបន្តថា យើងមានសេចក្តីរីករាយ ក្នុងការធ្វើជាដៃគូជាមួយវីង ដែលជាអ្នកឯកទេស ក្នុងការទូទាត់ចល័តឈានមុខគេរបស់ប្រទេសកម្ពុជា ដែលអនុញ្ញាតឱ្យយើងគាំទ្របរិយាប័នហិរញ្ញវត្ថុនៅកម្ពុជា ដោយផ្សារភ្ជាប់ជាមួយនឹងគោលដៅរបស់យើងក្នុងការជម្រុញការទូទាត់គ្មានសាច់ប្រាក់នៅទូទាំងតំបន់

ក្រុមហ៊ុន Liquid Group ក៏នឹងចាប់ដៃគូជាមួយវីង ដើម្បីផ្តល់ជូននូវសេវាកម្មបន្ថែមតម្លៃប្រកបដោយភាពច្នៃប្រឌិតដល់អតិថិជនរបស់ខ្លួន តាមរយៈការទូទាត់ប្រាក់រួមគ្នានិងវេទិកាទីផ្សារឆ្លងដែន៕

LEAVE A REPLY

Please enter your comment!
Please enter your name here