ទំហំឥណទានរបស់មីក្រូហិរញ្ញវត្ថុកម្ពុជាបានកើនឡើងដល់៨,៧២ពាន់លានដុល្លារអាមេរិក

ដោយៈលក្ខិណា

ភ្នំពេញៈ វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបាន និងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្ដល់ទុនសម្រាប់អាជីវកម្ម និងការលើកស្ទួយកំណើនជីវភាពរបស់ប្រជាពលរដ្ឋ។

ជាក់ស្តែងវិស័យនេះ បានពង្រីកទំហំឥណទាន កើនឡើងជាបន្តបន្ទាប់។ ជាក់ស្ដែងគិតត្រឹមដំណាច់ឆ្នាំ២០២១ កន្លងទៅនេះ វិស័យមីក្រូហិរញ្ញវត្ថុបានផ្ដល់ឥណទាន សរុបជាង៨,៧២ពាន់លានដុល្លារអាមេរិក ដោយផ្តល់ជូនអតិថិជនជិត២លាននាក់ ។ នេះបើតាមរបាយការណ៦របស់សមាគ​មមីក្រូហិរញ្ញវត្ថុកម្ពុជា។

ក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរ ពីកំណើនប្រាក់បញ្ញើរបស់អតិថិជនក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ដោយកាន់ទំហំដល់ទៅ ៤,៣៥លានដុល្លារអាមេរិក ពីអតិថិជនដាក់ប្រាក់បញ្ញើចំនួជាង២,៩លាននាក់ នៅតាមការិយាល័យតំណាងសរុបចំនួន១.១៧៣កន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

វិស័យមីក្រូហិរញ្ញវត្ថុ ក៏បាននិងកំពុងផ្តល់ការងារដល់បុគ្គលិកជាង៣ម៉ឺននាក់នៅទូទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។

របាយការណ៍នេះឱ្យដឹងថា បើទោះជាវិស័យហិរញ្ញវត្ថុ ត្រូវបានគេមើលឃើញថា បានផ្តល់អត្ថប្រយោជន៍ និងឱកាសអភិវឌ្ឍខ្ពស់យ៉ាងណាក្តី ក៏វិស័យនេះ ហាក់នៅប្រឈមនឹងកង្វះបុគ្គលិកបំរើការ ដោយសារការរីកចម្រើនឆាប់រហ័ស ការស្រូបទាញធនធានពីវិស័យផ្សេងៗទៀត ការប្រែប្រួ​លនៃទំនោរសង្គម អតុល្យភាពកម្មវិធីសិក្សា នឹងតម្រូវការទីផ្សារជាក់ស្តែង ព្រមទាំងកត្តាប្រឈមផ្សេងៗទៀតផងដែរ ។

លោកគា បូរាណប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាក៏បានឱ្យដឹងថា វិស័យដែលមីក្រូហិរញ្ញវត្ថុ បានផ្ដល់ឥណទាន ជូនវិស័យកសិកម្ម និងវិស័យសហគ្រាសធុនតូច និងមធ្យម ហើយវិស័យទាំងពីរនេះ ក៏ឃើញថាបានរួមចំណែកធំដល់សេដ្ឋកិច្ច ជាពិសេសវិស័យកសិកម្ម នៅក្នុងបរិបទកូវីដ១៩នេះ ឃើញរឹតតែបានរួមចំណែកកាន់តែធំ។ ជាក់ស្ដែងតួលេខនៃការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិក្នុងឆ្នាំ ២០២១ កន្លងទៅឃើញថាមានកំណើនខ្ពស់ធៀបនឹងឆ្នាំមុនៗ៕

LEAVE A REPLY

Please enter your comment!
Please enter your name here