ភ្នំពេញៈ ឥណទានគេហដ្ឋាន គឺជាប្រភេទផលិតផលឥណទាន មានរយៈពេលវែង របស់ធនាគារ ដែលបានបង្កើតឡើងដើម្បីផ្តល់ជូនសាធារណជន ដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ សម្រាប់ទិញគេហដ្ឋានដែលកំពុងតែសាងសង់ ឬសាងសង់រួច ធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន ឬក៏សម្រាប់យកទៅសាងសង់គេហដ្ឋាន លើដីកម្មសិទ្ធិដែលមានស្រាប់ ។
១) ប្រភេទប្រាក់ ទំហំឥណទាន និងរយៈពេលឥណទាន
- ឥណទានគេហដ្ឋាន ត្រូវបានផ្តល់ជូនអតិថិជនជាប្រាក់ដុល្លារអាមេរិក និងមិនត្រូវលើសពី៧០ភាគរយ នៃតម្លៃសរុបរបស់គេហដ្ឋានដែលត្រូវទិញ ឬសាងសង់គេហដ្ឋានលើដីកម្មសិទ្ធិដែលមានស្រាប់នោះឡើយ។
- រយៈពេលខ្ចីអតិបរមា ១០ឆ្នាំ ចំពោះ ៖
អតិថិជនជាកម្មករ និយោជិតកំពុងបម្រើការងារ ក្នុងស្ថាប័នសាធារណៈ និងទីភ្នាក់ងារជាតិ-អន្តរជាតិ ដោយមិនត្រូវលើសពីអាយុចូលនិវត្តន៍ឡើយ។
អតិថិជនផ្សេងទៀត ត្រូវមានកាយសម្បទារឹងមាំ និងមានអាយុចាប់ពីពេលទទួលប្រាក់កម្ចីរហូតដល់កាលវសាន នៃរយៈពេលខ្ចីប្រាក់មិនត្រូវលើសពីអាយុ៦០ឆ្នាំឡើយ ។
២) លក្ខណសម្បត្តិអតិថិជនដែលអាចទទួលឥណទានគេហដ្ឋាន
ជនកម្ពុជាគ្រប់រូបដែលជាពលរដ្ឋសកម្ម ឬជានីតិជន
មានមុខរបរ ប្រាក់បៀវត្សរ៍ ឬប្រភពចំណូលដែលមាននិរន្តរភាព និងមានលទ្ធភាពអាចសងបំណុលបាន។
- មានប្រវត្តិ កេរ្តិ៍ឈ្មោះ អត្តចរិតល្អ និងមានចេតនាសងបំណុល
- មានទីលំនៅអចិន្ត្រៃយ៍ ដោយមានការបញ្ជាក់ដឹងឮពីអាជ្ញាធរ ក្នុងតំបន់របស់ខ្លួនរស់នៅ។
- ធានាផ្តល់ព័ត៌មានត្រឹមត្រូវ ច្បាស់លាស់ គ្រប់គ្រាន់ និងទាន់ពេលវេលាជូនធនាគារ។
- គេហដ្ឋានដែលទិញ ត្រូវស្ថិតក្នុងតំបន់ប្រតិបត្តិការរបស់ធនាគារ ដោយមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរមូលដ្ឋានតាមផ្លូវច្បាប់។
- មិនមានបំណងផ្លាស់ប្តូរទីលំនៅទៅ ក្រៅពីតំបន់ប្រតិបត្តិការរបស់សាខាធនាគារ ដែលខ្លួនបានជំពាក់បំណុលរហូតដល់ពេលសងរួច៕