រដ្ឋាភិបាលអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ”

ដោយៈម៉ាណេត

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុម័តទាំងស្រុងលើ “សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ” នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២០។

ការអននុម័តនេះធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោកផៃ ស៊ីផានបានមានប្រសាសន៍ឱ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុ មិនមែនធនាគារ ដើម្បីធ្វើសមាហរណកម្មយន្តការ នៃការគ្រប់គ្រង និងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍ វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្តិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យ និងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្នុងគោលបំណងពង្រឹង និងធានាប្រសិទ្ធិភាពនៃការគ្រប់គ្រងត្រួតពិនិ ត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ លើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

អត្ថប្រយោជន៍ នៃការតាក់តែងសេចក្តីព្រាងច្បាប់នេះ មានជាអាទិ៍

– ឆ្លើយតបនឹងការវិវឌ្ឍនៃវិស័យហិរញ្ញវត្ថុ មិនមែនធនាគារ ដែលទាមទារឱ្យមានការពង្រឹងយន្តការស្ថាប័ន- បញ្ញត្តិករតែមួយអាចមើលឃើញពីទិដ្ឋភាពរួម នៃការអភិវឌ្ឍវិស័យហិរញ្ញវត្ថុទាំងមូល ជាពិសេសនៅពេលស្ថាប័នហិរញ្ញវត្ថុ ធ្វើពិពិធកម្មសេវាហិរញ្ញវត្ថុទៅកាន់វិស័យហិរញ្ញវត្ថុផ្សេងៗទៀត អាចធានាបាននូវសង្គតិភាពនៃការដាក់ចេញបទប្បញ្ញត្តិ និងអាចកាត់បន្ថយភាពចន្លោះប្រហាងក្នុងបទប្បញ្ញត្តិ (Regulatory Arbitrage)។

– បង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការ រវាងវិស័យនីមួយៗ ដែលនឹងស្ថិតក្រោមស្ថាប័នតែមួយ តាមរយៈការបែងចែកព័ត៌មាន និងការសម្របសម្រួលក្នុងការដាក់ចេញបទ   ប្បញ្ញត្តិឆ្លងវិស័យ។

– អាចកាត់បន្ថយចំណាយ (បុគ្គលិក ពេលវេលា សម្ភារ) តាមរយៈការទាញយកអត្ថប្រយោជន៍ពីសហថាមភាព (Synergy) នៃការដាក់ស្ថាប័ននិយ័តករ ឱ្យស្ថិតនៅក្រោមបញ្ញត្តិករតែមួយ។

លោក ផៃ ស៊ីផាន បានឱ្យដឹងថា សេចក្តីព្រាងច្បាប់នេះត្រូវបានអនុម័ត និងចូលជាធរមានរាជរដ្ឋាភិបាល នឹងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពង្រឹង និងធានាបាននូវប្រសិទ្ធិភាព នៃការគ្រប់គ្រងត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍ និងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ លើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ។

LEAVE A REPLY

Please enter your comment!
Please enter your name here