ផលប៉ះពាល់ពីCOVID-19 លើវិស័យមីក្រូហិរញ្ញវត្ថុ បង្ហាញពីសញ្ញាថមថយ

ដោយ៖ ម៉ាណេត
ភ្នំពេញ៖ អតិថិជនជាង២៦ម៉ឺននាក់បានស្នើរៀបចំឥណទានឡើងវិញជាមួយនឹងទំហំទឹកប្រាក់ប្រមាណ១២០០លានដុល្លារ ចាប់តាំងពីខែមីនារហូតមកដល់ខែសីហានេះ។ នេះបើយោងតាមរបាយការណ៍របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ចេញផ្សាយកាលពីពេលថ្មីៗនេះ

នៅក្នុងរយៈពេលនេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាសង្កេតឃើញថា ការស្នើរៀបចំឥណទាននេះ មានអត្រាធ្លាក់ចុះនៅចន្លោះខែមិថុនាមកដល់ខែសីហា។ មន្ត្រីជាន់ខ្ពស់របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានឱ្យដឹងថា នេះជាសញ្ញាល្អដែលឆ្លុះបញ្ចាំងឱ្យឃើញថា ផលប៉ះពាល់ ដែលបណ្ដាលមកពីកូវីដ១៩លើវិស័យមីក្រូហិរញ្ញវត្ថុបានថមថយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានថ្លែងប្រាប់គេហទំព័រ Cambodiafinancialtimes.com នៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២០ថា ការស្នើរៀបចំឥណទានឡើងវិញមានអត្រាធ្លាក់ចុះមកវិញនៅចន្លោះខែមិថុនាមកដល់ខែសីហា ដោយសារកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល និងអាជីវកម្មចាប់ផ្តើមបើកដំណើរឡើងវិញ។

លោក បានថ្លែងថា ការផ្តល់ឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គិតមកដល់បច្ចុប្បន្ន ស្ថានភាពមីក្រូហិរញ្ញវត្ថុនៅមានសុខភាពល្អជាធម្មតា នៅបន្តអនុវត្តន៍គ្រប់សេវាទាំងអស់, ក្នុងនោះសម្រាប់ការផ្តល់សេវា ប្រាក់កម្ចីជូនអតិថិជន នៅបន្តផ្តល់ប្រាក់កម្ចីជាធម្មតាផងដែរ ទោះជាស្ថិតនៅក្នុងដំណាក់កាលកូវីដ–១៩ ឬក្រោយដំណាក់កាលនេះក៏ដោយ។

លោក បានបន្តថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅតែបន្តផ្តល់ជូនអតិថិជន ដោយត្រូវការសិក្សាជាលម្អិតអំពីសមត្ថភាពរបស់អតិថិជន ក្នុងការសងត្រឡប់មកវិញ ព្រោះយើងមិនចង់ឲ្យអតិថិជនណាមួយរងគ្រោះ នៅក្នុងការទទួលបានឥណទាន នឹងមិនមានលទ្ធភាព ក្នុងការសងត្រឡប់មកវិញនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here