ដោយ ម៉ាលីនណា
ភ្នំពេញៈ ទោះជាបើកដំណើរការជាច្រើនឆ្នាំមកហើយក្តី ប៉ុន្តែផ្សារហ៊ុននៅកម្ពុជាហាក់នៅតែជាវិស័យថ្មីមួយនៅកម្ពុជា ដែលប្រជាពលរដ្ឋហាក់មិនទាន់បានស្វែងយល់ ឬយល់ក្នុងសភាពស្រពេចស្រពិលនៅឡើយ។
គេហទំព័រ Cambodiafinancialtimes.com និង Facebook Page ឈ្មោះ Cambodia Financial Times សូមលើកយកចំណេះដឹងថ្មីៗលើប៉ុន្មានចំណុច ដើម្បីឲ្យអ្នកអានបានសិក្សាស្វែងយល់។
លក្ខណៈនៃផ្សារមូលបត្រកម្ពុជា
មានច្បាប់និងបទប្បញ្ញត្តិជាច្រើន ដែលបង្កើតឡើងសម្រាប់ការគ្រប់គ្រង និងដំនើរការនៃវិស័យមូលបត្រនៅកម្ពុជា។ វិនិយោគិនគួរចំណាយពេលស្វែងយល់ តែបទប្បញ្ញតិ្តណា ដែលពាក់ព័ន្ធនឹងការវិនិយោគ ដូចជា របៀបដំណើរការទីផ្សារ ម៉ោងបើកនិងបិទផ្សារ លក្ខណៈនៃការជួញដូរ ទង្វើហាមឃាត់ក្នុងការជួញដូរ ។ល។ ដើម្បីទទួលបាននូវចំណេះដឹងទាំងនេះ វិនិយោគិនក៏អាចទៅពិគ្រោះជាមួយក្រុមហ៊ុនមូលបត្រណាមួយដែលខ្លួនជ្រើសរើសផងដែរ។
គោលការណ៍គ្រឹះមួយចំនួននៃសេដ្ឋកិច្ចនិងដំណើរការអាជីវកម្ម
ការទិញភាគហ៊ុននៃក្រុមហ៊ុនចុះបញ្ជីមួយ គឺដូចគ្នាទៅនឹងការចូលហ៊ុន ធ្វើអាជីវកម្មទូទៅដែរ។ ដូច្នេះក្នុងនាមជាម្ចាស់ភាគហ៊ុនម្នាក់ (បើទោះបីជាមិនបានគ្រប់គ្រងអាជីវកម្មនោះដោយផ្ទាល់ក៏ដោយ) វិនិយោគិនគួរមានចំណេះដឹង ឬបទពិសោធន៍ខ្លះទាក់ទងនឹងការគ្រប់គ្រងឬដំណើរការអាជីវកម្មទូទៅ ស្គាល់អំពីមូលដ្ឋានគ្រឹះនៃគណនេយ្យ ព្រមទាំងគោលការណ៍គ្រឹះមួយចំនួននៃសេដ្ឋកិច្ច ដូចជាទំនាក់ទំនងរវាងតម្រូវការ ផ្គត់ផ្គង់ និងថ្លៃជាដើម។
ស្គាល់ចរិតលក្ខណៈរបស់ទីផ្សារភាគហ៊ុន
វិនិយោគិនគួរស្វែងយល់ អំពីប្រវត្តិឡើងចុះនៃផ្សារហ៊ុន អំពីចរិតលក្ខណៈរបស់ផ្សារហ៊ុន ដែលអាចមានការប្រែប្រួលខ្លាំងនិងរហ័ស អំពីកត្តាផ្សេងៗដែលអាចធ្វើឱ្យផ្សារនេះប្រែប្រួលខ្លាំង (volatile) ជាដើម។
ស្គាល់ខ្លួនឯង
សំដៅដល់ការដឹង និងត្រៀមធនធានដែលខ្លួនមាន ព្រមទាំងស្គាល់បុគ្គលិកលក្ខណៈរបស់ខ្លួនឯង (style) មុននឹងចូលប្រឡូកក្នុងការវិនិយោគ។ ដួច្នេះ វិនិយោគិនគួរ៖
- វិនិយោគតែជាមួយលុយដែលខ្លួនឯង អាចទទួលយកការខាតបង់បាន។ លុយនោះទៀតសោត គួរតែជាលុយដែលអាចកប់ទុក ក្នុងការវិនិយោគរយៈពេលវែង(អប្បបរមាបីឆ្នាំ ឬយកល្អប្រាំឆ្នាំឡើង)។
- ត្រៀមពេលវេលាមួយចំនួន (ក្នុងមួយសប្តាហ៍) ដើម្បីសិក្សាឬតាមដានព័ត៌មាន អំពីក្រុមហ៊ុនដែលខ្លួនចង់វិនិយោគជាមួយ ព្រមទាំងព័ត៌មានដទៃទៀត ដែលអាចប៉ះពាល់ដល់ក្រុមហ៊ុននិងភាគហ៊ុននោះ។
- ស្គាល់ពីភាពរហ័សរហួន ក្នុងការសម្រេចចិត្ត និងសមត្ថភាពកេងចំណេញ ពីបម្រែប ម្រួលថ្លៃភាគហ៊ុនរបស់ខ្លួន ប្រសិនបើវិនិយោគិននោះ មិនមានបំណងធ្វើជាម្ចាស់ក្រុមហ៊ុនចុះបញ្ជីណាមួយយូរអង្វែង ។ល។
ដើម្បីអាចទទួលបានចំណេះដឹងទាំងនេះ និងកាន់តែពេញលេញ វិនិយោគិនគួរអានឱ្យបានច្រើន ពិគ្រោះជាមួយអ្នកមានបទពិសោធន៍ក្នុងវិស័យនេះ ហើយនិងត្រូវការពេលវេលាសមស្របមួយ ទម្រាំមានមូលដ្ឋានចំណេះដឹងមួយសមល្មម មុននឹងអាចចូលប្រឡូកក្នុងការវិនិយោគភាគហ៊ុនប្រកបដោយទំនុកចិត្ត៕