សម្តេចតេជោអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា

ដោយ៖ សុធារី

ភ្នំពេញ៖ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា មានកម្ពស់៣៥ជាន់ នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះហើយ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចាប់ផ្តើមសាងសង់នៅខែកុម្ភៈ ឆ្នាំ២០១៧ បញ្ចប់នៅខែកក្កដា ឆ្នាំ២០២០ មានកម្ពស់ ៣៥ជាន់ ដោយមិនគិតជាន់ក្រោមដី២ជាន់ កម្ពស់១២០ម៉ែត្រ មានបណ្តោយប្រវែង៥៤ម៉ែត្រ ទទឹងប្រវែងជាង២៦ម៉ែត្រ។

អគារនេះត្រូវបានរៀបចំឡើងដោយបានចែកចេញជាផ្នែកជាច្រើន សម្រាប់សម្រួលដល់ការបំពេញការងាររបស់មន្ត្រី និងការផ្តល់សេវា។ អគារនេះមានចំណត៨ជាន់ (រួមទាំងជាន់ក្រោមដី២ជាន់) អាចចតរថយន្តបាន១៤២គ្រឿង និងទោចក្រយានយន្ត ១០២គ្រឿង បញ្ជរព័ត៌មាន (ជាន់ទី១) ច្រកចេញ-ចូលតែមួយ (ជាន់ទី៦) សាលប្រជុំ និងបន្ទប់ប្រជុំ សាលប្រជុំធំ២ សម្រាប់ផ្ទុកអ្នកចូលរួម ១៩៨នាក់ និងសម្រាប់ ១២៨នាក់ និងបន្ទប់ប្រជុំតូចមួយចំនួន ការិយាល័យ ២៣ជាន់ ការិយាល័យអគ្គនាយក បន្ទប់ទទួលភ្ញៀវ ការិយាល័យអគ្គនាយករង ការិយាល័យថ្នាក់ដឹកនាំនាយកដ្ឋាន និងការិយាល័យមន្រ្តី អាហារដ្ឋាន (ជាន់ទី២០) ក្លឹបហាត់ប្រាណ ស្ទីម និងសោណា (ជាន់ទី៣១) ស្កាយបារ (ជាន់ទី៣៣ និង៣៤)។

ក្រៅតែពីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលហើយនោះ នៅក្នុងកម្មវិធីក៏ភ្ជាប់ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់អគារសាលាជាតិគយ និងអគារសារមន្ទីរគយផងដែរ។ អគារសាលាជាតិគយ ចាប់ផ្តើមសាងសង់នៅខែតុលា ឆ្នាំ២០១៩ ហើយបញ្ចប់នៅខែតុលា ឆ្នាំ២០២១។ អគារនេះសាងសង់លើលើផ្ទៃដីទំហំ១០.០២៦,៣១ ម៉ែត្រក្រឡា មានកម្ពស់១២ជាន់ ស្ថិតនៅតំបន់អភិវឌ្ឍន៍ OCIC សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជារដ្ឋបាលសាធារណៈស្ថិតក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាស្ថាប័នមួយដ៏សំខាន់ក្នុងកៀរគរចំណូលសម្រាប់ទ្រទ្រង់សេដ្ឋកិច្ចជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here