ដោយៈម៉ាលីនណា
ភ្នំពេញៈ ក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ពិនិត្យពិភាក្សាបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដោយផ្លូវថ្នល់ ក្រោយពីបានបញ្ចប់កិច្ចពិភាក្សាជុំទីមួយ។
ជាលទ្ធផលអង្គប្រជុំបានឯកភាពកែសម្រួល និងបំពេញបន្ថែមខ្លឹមសារ លើមាត្រា២០ដែលចែងអំពី គោលការណ៍ក្នុងការកំណត់ដីចំណីផ្លូវនៅតាមបណ្តាញផ្លូវថ្នល់ មាត្រា២២ចែងអំពី៖ការកំណត់ដី ចំណីផ្លូវលើផ្ទៃរាបនៅតាមបណ្តាញផ្លូវល្បឿនលឿន និងផ្លូវជាតិនៅក្រៅរាជធានី ក្រុង និងទីប្រជុំជន និងមាត្រា២៣ចែងអំពី ការកំណត់ដីចំណីផ្លូវលើផ្ទៃរាប នៅតាមបណ្តាញផ្លូវខេត្តបីលេខ និងបួនលេខ។ នៅមានចំនុចពាក់ព័ន្ធមួយចំនួន អង្គប្រជុំឯកភាពដាក់ស្នើសុំយោបល់ និងការសម្រេចពីថ្នាក់ដឹកនាំក្រសួង។
លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ក្រុមការងារជំនាញរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យពិភាក្សាបន្ថែម លើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវ នៅតាមបណ្ដោយផ្លូវថ្នល់ ក្រោយពីបានបញ្ចប់កិច្ចពិភាក្សាជុំទីមួយ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក និងមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួង។
សេចក្តីព្រាងអនុក្រឹត្យស្ដីពី ការគ្រប់គ្រងលើការប្រើប្រាស់ដីចំណីផ្លូវនៅតាមបណ្ដាញផ្លូវថ្នល់ ដែលទើបបានបញ្ចប់ការពិភាក្សានាពេលថ្មីៗ កន្លងទៅនេះ ត្រូវបានក្រុមការងាររៀបចំ សេចក្តីព្រាងអនុក្រឹត្យនេះ លើកយកមកពិនិត្យពិភាក្សាបន្ថែម តាមអនុសាសន៍ណែពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឱ្យខ្លឹមសារកាន់តែមានសុក្រឹត្យភាព។
ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ លោករដ្ឋលេខាធិការបានជំរុញ ឱ្យសមាជិកអង្គប្រជុំទាំងអស់ យកចិត្តទុកដាក់ឱ្យម៉ត់ចត់លើការផ្ដល់មតិយោបល់ និងធាតុចូល ដើម្បីឱ្យការរៀបចំសេចក្តីព្រាងអនុក្រឹត្យនេះ អាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ និងការពារផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕