សហគ្រិនត្រូវត្រៀមលក្ខណៈផ្លាស់ប្តូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មីៗ

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ នៅក្នុងសម័យបច្ចេកវិទ្យាកាន់តែទំនើប អ្វីៗត្រូវការផ្លាស់ប្តូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាទំនើប ឌីជីថលដូចគ្នា ខណៈមន្ត្រីជាន់ខ្ពស់នៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា សហគ្រិនកម្ពុជាទាំងអស់ ត្រូវត្រៀមខ្លួននិងត្រៀមលក្ខណៈ ផ្លាស់ប្តូរទៅរកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលថ្មី និងត្រូវចេះចាប់ឱកាសក្នុងពេលដែលវិស័យនេះ ក្នុងដំណាក់វិបត្តិនៃជំងឺសកលនេះ។

លោកពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍កាលពីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០នេះថា ដំណើរការអភិវឌ្ឍរបស់កម្ពុជាបានឈានមកដល់ដំណាក់កាល ដែលតម្រូវអោយធ្វើអន្តរកម្មជាចាំបាច់ចេញពីកំណើនដែលជំរុញដោយកត្តាផលិតកម្ម ទៅកាន់កំណើនដែលជំរុញដោយប្រសិទ្ធភាពព្រមទាំងការកសាងមូលដ្ឋានរឹងមាំសម្រាប់ត្រៀមឆ្ពោះទៅកាន់ដំណើរកាលកំណើនដែលជំរុញដោយនវានុវត្តន៍ដើម្បីធានាអោយយើងអាចបន្តរក្សាបានឧត្តមភាពប្រកួតប្រជែង កំណើនខ្ពស់និងការបង្កើតឱកាសការងារ និងសហគ្រិនភាពកាន់តែប្រសើរ ឆ្លើយតបបានទៅនឹងក្ដីប្រាថ្នាកាន់តែខ្ពស់របស់ប្រជាពលរដ្ឋ។

ទន្ទឹមនឹងនេះ ដំណើរការរីកចម្រើនយ៉ាងឆាប់រហ័សនូវបច្ចេកវិទ្យា និងនវានុវត្តន៍ថ្មីៗនេះបដិវត្តន៍ឧស្សាហកម្មទី៤ កំពុងបង្កើតចេញជាបញ្ហាប្រឈមថ្មី តាមរយៈការផ្លាស់ប្តូរចរិតលក្ខណៈនៃដំណើរការធុរកិច្ចរបៀបរបបរស់នៅ និងចំណង់ចំណូលចិត្តរបស់អតិថិជនដែលជាបង្កការបង្អាក់រំខានដល់អ្វីដែលយើងធ្លាប់ចេះដឹងច្បាស់ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា ការរីករាលដានៃជំងឺកូវីដ១៩ នាពេលនេះកំពុងបង្កការផ្លាស់ប្តូរ និងហានិភ័យ ដែលមិនធ្លាប់ជួបពីមុនដល់ទិដ្ឋភាពអាជីវកម្មធុរកិច្ច និងកំណើនសេដ្ឋកិច្ច ។ទោះជាប្រឈមនឹងបញ្ហាដ៏លំបាកនេះ ក្រុមហ៊ុន សហគ្រាសក្នុងប្រទេសកម្ពុជា បានប្រឹងប្រែងតស៊ូបន្តដំណើរការអាជីវកម្ម ដោយបានដាក់អោយអនុវត្តនូវវិធានការអនាម័យ សុខាភិបាល និងសុវត្ថិភាពតាមការណែនាំ ។ លោកថា “ដើម្បីគ្រប់គ្រងហានិភ័យដ៏លំបាកនេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍ ផ្នែកសេដ្ឋកិច្ចសង្គមប្រកបដោយការថ្លឹងថ្លែងតុល្យការគ្រប់ជ្រុងជ្រោយ ដើម្បីជួយទ្រទ្រង់ទាំងសកម្មភាពអាជីវកម្ម ធុរកិច្ចនិងទាំងលំនឹងជីវភាពរបស់កម្មករ និយោជិត ទទួលរងផលប៉ះពាល់”។

លោកបន្ថែមថា ទន្ទឹមនឹងការបង្កបញ្ហាប្រឈម ស្ថានភាពថ្មីនិងការប្រែប្រួលទាំងនេះ ក៏នាំមកនូវឱកាសសហគ្រិនភាព និងអាជីវកម្មថ្មីៗ និងជាសក្ដានុពលជាច្រន ដែលមិនត្រូវបានធ្លាប់នឹកស្មានពីមុន ជាពិសេសលទ្ធភាពក្នុងការប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថលថ្មីៗ ដើម្បីបង្កើតម៉ូដែលអាជីវកម្មថ្មី ដើម្បីឆ្លើយទៅនឹងការផ្លាស់ប្តូរតម្រូវការអតិថិជនរបស់អតិថិជន ដូចដែលសហគ្រិនមួយចំនួននៅក្នុងប្រទេសយើងបានដាក់ចេញនៅក្នុងដំណាក់កាលរីករាលដាលជំងឺកូវីដ១៩នេះ។

ដើម្បីចាប់យកឱកាសសម្រាប់ការរីកចម្រើនបាន សហគ្រិនត្រូវចាត់វិធានការអោយបានលឿនដើម្បី នវានុវត្តន៍ ប្រកាន់ខ្ជាប់ការប្ដេជ្ញាចិត្តខ្ពស់ដើម្បីប្រឈមផ្ទាល់នឹងឧបសគ្គ ទាញយកបច្ចេកវិទ្យាចុងក្រោយមកប្រើដើម្បីរកដំណោះស្រាយពង្រឹងសមត្ថភាពជំនាញរបស់បុគ្គលិក និងកែប្រែដំណើរការអាជីវកកម្មព្រមទាំងប្រកាន់យកភាពងាយបត់បែន និងការសម្របខ្លួនជាដរាបទៅនឹងតម្រូវការ និងបញ្ហាប្រឈមថ្មីក្នុងប្រតិបត្តិការ ក៏ដូចជាចំណង់ចំណូលរបស់អតិថិជន ។

លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ បានមានប្រសាសន៍ថាតាមរយៈគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មនៃរដ្ឋាភិបាល មានសហគ្រាសខ្នាតតូចនិងមធ្យមជាង ៧ម៉ឺន ៦ពាន់ ដែលកំពុងដំណើរការអាជីវកម្ម និងចូលរួមចំណែកផ្តល់ការងារជាង ៥៥ម៉ឺននាក់ ដល់ប្រជាជនកម្ពុជា។

លោកបន្តថា ក្នុងរយៈពេលចុងក្រោយនេះ កម្ពុជាបានរងនៅការឆ្លងជំងឺកូវីដ១៩ ដែលជាហេតុធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សហគ្រាសធុនតូចនិងមធ្យម ជាពិសេសបង្អាក់ដល់ដំណើរការរីកចម្រើនរបស់សេដ្ឋកិច្ចកម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here