កម្ពុជារកឃើញសហគ្រិនថ្នាក់ជាតិ៣រូបឈ្នះពានរង្វាន់ប្រចាំឆ្នាំ២០២០

ដោយ៖ លក្ខិណា
ភ្នំពេញ ៖ តាមរយៈការប្រកួតប្រជែងដ៏ស្វិតស្វាញនៃពានរង្វាន់សហគ្រិនថ្នាក់ជាតិឆ្នាំ ២០២០ ទីបំផុតរកឃើញសហគ្រិនឆ្នើមថ្នាក់ជាតិ៣រូប ដែលទទួលបានពានរង្វាន់ពីការប្រកួតប្រជែងនេះ។

ក្នុងការប្រកួតប្រជែងនេះ លេខ១បានទៅលើអ្នកស្រីចេន សុភាព ម្ចាស់សហគ្រាសកីតម្បាញខ្មែរ ខេធីខេ នៅភ្នំពេញ លេខ២បានទៅលើកញ្ញា ថូង ធីតា ម្ចាស់សហគ្រាសផលិតអំបិលធម្មជាតិខេត្តកំពត និងលេខ៣បានទៅលើលោកឈឹម ច័ន្ទឆាយា ម្ចាស់កសិដ្ឋានហង្សម៉ាច ខេត្តតាកែវ ។

សេចក្តីប្រកាសរបស់វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានឱ្យដឹងថា រៀងរាល់ឆ្នាំនៅចុងខែសីហានេះ ត្រូវបានកំណត់ជាទិវាសហគ្រិនពិភពលោក ដែលមានបំណងដើម្បីលើកកម្ពស់ការយល់ដឹងអំពីសហគ្រិនភាព ការច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ របស់សហគ្រិន ឬម្ចាស់អាជីវកម្មនៅលើពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ដោយឡែកសម្រាប់ពានរង្វាន់សហគ្រិនថ្នាក់ជាតិ២០២០របស់កម្ពុជាវិញ បានបង្កើតឡើងក្នុងគោលបំណង ៣សំខាន់ទី១ អបអរសាទរទិវាសហគ្រិនពិភពលោក ទី២ លើកកម្ពស់ការយល់ដឹងអំពីតួនាទីរបស់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និងទី៣ពង្រឹងនិងពង្រីកភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន និងទំនួលខុសត្រូវសង្គមតាមរយៈការកសាងអនាគតសហគ្រិននៅកម្ពុជា ។

លោក ពេជ សោភ័ន រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីប្រគល់ពានរង្វាន់សហគ្រិនថ្នាក់ជាតិកាលពីល្ងាចថ្ងៃទី២៧ សីហានៅសណ្ឋាគារហ៊ីម៉ាវារីថា ពានរង្វាន់សហគ្រិនថ្នាក់ជាតិប្រចាំឆ្នាំ២០២០នេះ គឺជាការចូលរួមបន្ថែមទៅលើការគាំទ្ររបស់រាជរដ្ឋាភិបាល សំដៅមិនត្រឹមតែ ដើម្បីទទួលស្គាល់សមិទ្ធិផលឆ្នើមរបស់សហគ្រិនប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីបង្កើតបណ្ដាញតភ្ជាប់សម្រាប់សហគ្រិនធ្វើការផ្លាស់ប្តូរគំនិត បទពិសោធន៍និងការអនុវត្តន៍ល្អ ឱកាសក្នុងការបង្កើតភាពជាដៃគូសហការគ្នា ការបង្កើនការយល់ដឹង និងបណ្ដុះស្មារតីសហគ្រិនភាពសម្រាប់យុវជនជំនាន់ក្រោយផងដែរ។

លោកបន្តថា ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងពេលបច្ចុប្បន្ននេះកំពុងបង្កការផ្លាស់ប្តូរ និងហានិភ័យដែលមិនធ្លាប់ជួបពីមុនដល់ទិដ្ឋភាពអាជីវកម្ម ធុរកិច្ច និងកំណើនសេដ្ឋកិច្ចនៃប្រទេសកម្ពុជា ក៏ដូចជាប្រទេសនានាលើពិភពលោក។ ដើម្បីគ្រប់គ្រងហានិភ័យនេះ រាជរដ្ឋាភិបាលបានដាក់ចេញជាបន្តបន្ទាប់នូវវិធានការអន្តរាគមន៍ផ្នែកសេដ្ឋកិច្ចសង្គម ប្រកបដោយការថ្លឹងថ្លែងតុល្យភាពគ្រប់ជ្រោយជ្រោយ ដើម្បីជួយទ្រទ្រង់ទាំងសកម្មភាពអាជីវកម្ម ធុរកិច្ច និងទាំងលំនឹងជីវភាពរបស់កម្មករ និយោជិតដែលទទួលរងផលប៉ះពាល់ចំពោះមុខ ។

លោកថា “កូវីដ១៩ បានបង្កើនល្បឿននៃការផ្លាស់ប្តូរជាច្រើននៅក្នុងសេដ្ឋកិច្ច និងសង្គម ហើយអ្វីៗនឹងមិនវិលត្រលប់ទៅរកសភាពធម្មតាដូចដើមនោះទេ”។

លោកបន្ថែមថា ដើម្បីចាប់យកឱកាសសម្រាប់ការរីកចម្រើនបាន សហគ្រិនត្រូវចាត់វិធានការឱ្យបានលឿនដើម្បិធ្វើនវានុវត្តន៍ ប្រកាន់ខ្ជាប់ការប្ដេជ្ញាចិត្តខ្ពស់ដើម្បីប្រឈមផ្ទាល់នឹងឧបសគ្គ ទាញយកបច្ចេកវិទ្យាចុងក្រោយមកប្រើដើម្បីរកដំណោះស្រាយពង្រឹងសមត្ថភាពជំនាញរបស់បុគ្គលិក និងកែប្រែដំណើរការអាជីវកម្មព្រមទាំងប្រកាន់យកភាពងាយបត់បែន និងការសម្របខ្លួនជាដរាបទៅនឹងបញ្ហាប្រឈមថ្មីក្នុងប្រតិបត្តិការក៏ដូចជាចំណង់ចំណូលចិត្តរបស់អតិថិជន ៕

LEAVE A REPLY

Please enter your comment!
Please enter your name here