ការស្ថាបនាផ្លូវជាតិលេខ១០ សម្រេចបានជិត ៥៥ភាគរយហើយ ជាផ្លូវប្រវត្តិសាស្រ្តដែលមិនធ្លាប់មានពីមុនមក

ដោយៈគង់ សិរីជេស៊ីកា

ភ្នំពេញៈ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលជាផ្លូវប្រវត្តិសាស្រ្តតភ្ជាប់តំបន់ ពាយ័ព្យប្រទេស មកកាន់តំបន់ឆ្នេរនៃខេត្តកោះកុងប្រវែង១៩៨,៧១គ.ម សម្រេច បាន៥៤,៨៩ភាគរយហើយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមការងារបច្ចេកទេស ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូនកាលពីថ្ងៃទី៣ វិច្ឆិកាកន្លងមកបាន ធ្វើដំណើរយ៉ាងស្វិតស្វាញក្នុងការត្រួសត្រាយតម្រាយផ្លូវ ឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នង ភ្នំក្រវាញដើម្បីពិនិត្យស្ថានភាពទឹកដីភូមិសាស្ត្រសមស្របសម្រាប់ការសាងសង់
គម្រោងសាងសង់ផ្លូវជាតិលេខ១០ មានប្រវែងសរុបចំនួន ១៩៨,៧១គីឡូម៉ែត្រតភ្ជាប់ពីសំឡូត- វាលវែង-អូរសោមដល់កោះកុង សាងសង់ស្របតាមបទដ្ឋានបច្ចេកទេសកម្រិត៣របស់សាធារណរដ្ឋប្រជាមានិតចិន មានទទឹងតួផ្លូវសរុបចំនួន៩ម៉ែត្រ ជាប្រភេទផ្លូវកៅស៊ូពីរស្រទាប់ (DBST) សាងសង់ស្ពានចំនួន២៣កន្លែង ប្រវែង១៧២១,៤៦ម៉ែត្រដែលក្នុងនោះ មានស្ពានខ្ពស់ជាងគេមួយ ដែលមានកម្ពស់៧៥ម៉ែត្រ បណ្តោយ៥៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ ព្រមទាំងមានបំពាក់ផ្លាកសញ្ញាចរាចរណ៍ គំនូសចរាចរណ៍ បង្គោលគីឡូម៉ែត្រ និងបង្គោលសុវត្ថិភាពផងដែរ។

គម្រោងផ្លូវនេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

គម្រោងផ្លូវនេះមានការជ្រើសរើសគន្លងផ្លូវថ្មី ប្រវែងសរុប៦៥,៨៩គីឡូម៉ែត្រ ដើម្បីធ្វើផ្លូវពង្វាងពីភ្នំក្រវាញ ព្រោះតែមិនចង់វះកាត់ភ្នំក្រវាញជាពីរ នាំឱ្យប៉ះពាល់ដល់បរិស្ថាននិងជម្រកសត្វព្រៃធ្ងន់ធ្ងរ ដែលនេះជាការបង្ហាញឱ្យឃើញ ពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលលើការថែរក្សាបរិស្ថាន។

ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានដឹកនាំក្រុមការងារបច្ចេកទេសធ្វើដំណើរយ៉ាងស្វិតស្វាញបំផុត ក្នុងការត្រួសត្រាយតម្រាយផ្លូវជាតិលេខ១០ ពុះពារគ្រប់ឧបសគ្គ ឆ្លងកាត់ជ្រោះជ្រោងជ្រលងដងអូរ កាត់ខ្នងភ្នំក្រវាញដើម្បីពិនិត្យស្ថានភាពទឹកដីភូមិសាស្ត្រសមស្របសម្រាប់ការសាងសង់។

គម្រោងផ្លូវនេះ គ្រោងចំណាយថវិកាសរុប ប្រមាណ ១៨៨,៣៨លានដុល្លារសហអាមេរិក ជាហិរញ្ញប្បទាន ពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផលប៉ះពាល់ ការបោសសម្អា​តគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ សាងសង់ដោយក្រុមហ៊ុន សាជីវកម្មស្ពានថ្នល់ចិន (CRBC) ត្រួតពិនិត្យបច្ចេកទេសសាងសង់ ដោយក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសក្វាងចូវ វ៉ានអាន និងគ្រោងចំណាយពេលសាងសង់ចំនួន៤៨ខែ ចាប់ពីខែធ្នូ ឆ្នាំ២០១៩ ដល់ខែធ្នូ ឆ្នាំ២០២៣។

ផ្លូវជាតិលេខ១០ គឺជាសរសៃឈាមសេដ្ឋកិច្ចជាតិ ដ៏មានសក្តានុពលរបស់កម្ពុជា អាចជួយសម្រួល ដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ ធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស និងជាមួយតំបន់ រួមចំណែកក្នុងការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះដូរពាណិជ្ជកម្ម វិនិយោគ ដំណាំកសិផល កសិ-ឧស្សាហកម្ម និងទេសចរណ៍បានឆាប់រហ័ស និងចំណាយតិច ជាពិសេសជាមួយប្រទេសជិតខាង។

នៅសម័យសង្គ្រាមតំបន់វាលវែងនេះ គឺជាសមរភូមិប្រយុទ្ធយ៉ាងក្តៅគគុក ប៉ុន្តែតាមរយៈ ការអនុវត្តនយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី តំបន់នេះត្រូវបានធ្វើសមាហរណកម្ម ទាំងស្រុង និងបានប្រែក្លាយទៅជាដែនដីរដ្ឋបាលតែមួយនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានអភិវឌ្ឍ គ្រប់វិស័យជាបន្តបន្ទាប់ក្រោមម្លប់សន្តិភាព និងសេរីភាពពេញលេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here