ដោយៈសុខុម
ភ្នំពេញ: ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិ Hilton ដែលមានការិយាល័យកណ្ដាលនៅសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុក GFC Company Limited ដើម្បីបើកដំណើរការសណ្ឋាគារទី១ របស់ខ្លួននៅប្រទេសកម្ពុជា។
សណ្ឋាគារដែលមានឈ្មោះថា Hilton Phnom Penh ខាងលើនេះមានបន្ទប់ចំនួន២៨០បន្ទប់ ហើយវាជាផ្នែកនៃគម្រោងអភិវឌ្ឍន៍មួយ សម្រាប់គោលបំណងប្រើប្រាស់ចម្រុះនៅរាជធានី ប្រទេសកម្ពុជា ដែលគ្រោងបើកដំណើរការនៅឆ្នាំ២០២២។
លោកស្រី Vera Manoukian ដែលជាអនុប្រធានក្រុមហ៊ុន Hilton និងជាប្រធាន ប្រ៊ែនទូទាំងពិភពលោករបស់ក្រុមហ៊ុននេះ បានចេញសេចក្ដីថ្លែងការណ៍ថា “នៅពេលយើងពង្រីកប្រ៊ែនដ៏មានកត្យានុភាពនេះ យើងផ្តោតខ្លាំងលើការណែនាំសណ្ឋាគារ នៅទីតាំងផ្សេងៗ ដែលភ្ញៀវទេសចរចង់ទៅ ហើយចំណាប់អារម្មណ៍របស់ភ្ញៀវទេសចរទូទាំងពិភពលោកមកលើកម្ពុជា នៅតែបន្តកើនឡើងក្នុងល្បឿនលឿនមិនធ្លាប់មាន”។
សណ្ឋាគារនេះ នឹងផ្តល់ជូននូវកន្លែងទទួលទានអាហារជាច្រើន រួមមានទាំងភោជនីយដ្ឋានបើកពេញមួយថ្ងៃ ភោជនីយដ្ឋានប្រណីត ហាងកាហ្វេ និងបារផងដែរ។ ក្រៅពីនេះសណ្ឋាគារនេះក៏មានបន្ទប់សាលធំ (Ballroom) ដែលមានទំហំ៨៧៥ម៉ែត្រការ៉េ ក្លឹបហាត់ប្រាណ អាងហែលទឹក និងបន្ទប់រង់ចាំផងដែរ។
ស្ថិតនៅចម្ងាយប្រមាណ៩គីឡូម៉ែត្រ ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សណ្ឋាគារនេះ នឹងមានទីតាំងនៅជិតសំណង់អគារសំខាន់ៗមួយចំនួន ក្នុងរាជធានីភ្នំពេញ រួមទាំងផ្សារធំថ្មី និងអគារវឌ្ឍនៈ ផងដែរ។
បច្ចុប្បន្ន ក្រុមហ៊ុនបដិសណ្ឋារកិច្ច Hilton បើកដំណើរការសណ្ឋាគារចំនួន៤០ក្នុងទីផ្សារចំនួន៩នៅអាស៊ីអាគ្នេយ៍។ នៅរយៈពេលពី៣ទៅ៥ឆ្នាំខាងមុខ ក្រុមហ៊ុននេះមានគោលដៅបើកដំណើរសណ្ឋាគារ ចំនួន៥៤បន្ថែមទៀត រួមទាំងសណ្ឋាគារ Canopy ដំបូងរបស់ខ្លួននៅក្នុងតំបន់ផងដែរ។ ប៊្រែនសណ្ឋាគារ Hilton Hotels & Resorts របស់ក្រុមហ៊ុននេះមានសណ្ឋាគារចំនួន៥៨៥នៅទូទាំងទ្វីបចំនួន៦៕