Golden Fortune Derivatives Exchange ទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនសមភាគីកណ្ដាល ពីនិយ័តករមូលបត្រកម្ពុជា

ដោយ៖ សុផារី

ភ្នំពេញ៖ ក្រុមហ៊ុន Golden Fortune (Cambodia) Securities ទទួលបានអាជ្ញាបណ្ណជាក្រុមហ៊ុនពាណិជ្ជករមូលបត្រជាលើកដំបូងពីគណៈកម្មការមូលបត្រកម្ពុជា ក្រោយការវាយតម្លៃដ៏ល្អិតល្អន់របស់គណៈកម្មការមូលបត្រកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា ការទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនសមភាគីកណ្ដាល របស់ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន ឌីវីវេធីវ អ៊ិកឆេន ឯ.ក Golden Fortune Derivatives Exchange ជាសាក្ខីភាពនៃការអភិវឌ្ឍន៍ ឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក ស៊ូ សុជាតិ អញ្ជើញចូលរួម ក្នុងពិធីអបអរសាទរការទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនសមភាគីកណ្ដាល របស់ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន ឌីវីវេធីវ អ៊ិកឆេន ឯ.ក នាយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។

ពិធីនេះ ធ្វើឡើងក្រោមអធិបតីភាព លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា និងព្រឹទ្ធសភា, លោក ឯក សំអុល ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានសមាគមមិត្តភាព កម្ពុជា-ចិន និងលោកមាស សុភា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងលោកស្រី ឈរ បូរី ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។

លោក ស៊ូ សុជាតិ តាំងនាមឱ្យនិយ័តករមូលបត្រកម្ពុជា បានសម្ដែងនូវការអបរអរសារទរ ចំពោះក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន ឌីវីវេធីវ អ៊ិកឆេន ឯ.ក មិនត្រឹមតែជាក្រុមហ៊ុនមូលបត្រ ចូលរួមក្នុងការជួញដូរ ពាក់ព័ន្ធជាមួយនឹងភាគហ៊ុន ឬអាជ្ញាបណ្ណទេ តែពេលនេះ ក្លាយជាប្រតិបត្ដិករមួយ ដែលផ្ដល់វេទិកាជួយដូរ សម្រាប់ឧបករណ៍និស្សន្ទទៀត។

អគ្គនាយកនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា «ជាការពិតណាស់ការទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុនសមភាគីកណ្ដាល របស់ក្រុមហ៊ុន ហ្គោលដេន ហ្វ័រឈូន ឌីវីវេធីវ អ៊ិកឆេន ឯ.ក (Golden Fortune Derivatives Exchange) គឺជាសាក្ខីភាពនៃការអភិវឌ្ឍន៍ ឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា»។

លោក ស៊ូ សុជាតិ បានឲ្យដឹងផងដែរថា វេទិកាជួញដូរសម្រាប់ឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា បានចាប់ផ្ដើមទីផ្សារដំបូង នៅឆ្នាំ២០១៦ ហើយនៅឆ្នាំ២០១៧ ទំហំទីផ្សារក្បែរ៥លានដុល្លារ ប៉ុន្ដែរហូតដល់ឆ្នាំ២០១៩ ឡើងដល់ក្បែរ៥០០លានដុល្លារ ហើយនៅក្នុងឆ្នាំ២០២០ ដោយសារតែកូវីដ-១៩ វាថយបន្ដិច ប៉ុន្ដែវានៅក្នុងទំហំក្បែរ៤០០លានដុល្លារ។ លោកជឿជាក់ថា នៅក្នុងឆ្នាំ២០២១នេះ ទំហំនៃទីផ្សារឧបករណ៍និស្សន្ទ នៅក្នុងប្រទេសកម្ពុជា មិនខុសអំពីអ្វីដែលសម្រេចបាន នៅក្នុងឆ្នាំ២០២០ដែរនោះទេ គឺនៅចន្លោះ ពី៤០០លានដុល្លារ ទៅ៥០០លានដុល្លារ ក្នុងមួយឆ្នាំ។

ក្នុងឱកាសនោះ លោក សួន សាង នាយកប្រតិបត្តិក្រុមហ៊ុន ហ្គោលដេន ហ្វ័រឃុន ឌីរីវេធីវ អ៊ិកឆេន ឯ.ក ក៏បានរាយការណ៍អំពីសាវតា និងសមិទ្ធផលមួយចំនួន របស់ក្រុមហ៊ុន Golden Fortune (Cambodia) Securities និង ក្រុមហ៊ុន Golden Fortune Derivatives Exchange។

ក្រោយពីទទួលបានអាជ្ញាបណ្ណនេះ ក្រុមហ៊ុន GoldenFortune (Cambodia) Securities បានដើរតួនាទីយ៉ាងសំខាន់ក្នុងជួយសម្រួលនូវការជួញដូរមូលបត្រក្នុងទីផ្សារមូលបត្រកម្ពុជា រវាងអ្នកវិនិយោគិនដែលមានចំណាប់អារម្មណ៍លើការវិនិយោគមូលបត្រ រហូតមកដល់ពេលបច្ចុប្បន្ន មានអ្នកវិនិយោគិនជាច្រើន បានបើកគណនីជួញដូរមូលបត្រជាមួយក្រុមហ៊ុនរួចជាស្រេចហើយ នេះជាសមិទ្ធផលមួយដ៏ធំធេងក្នុងការចូលរួមចំណែកក្នុងវិស័យមូលបត្រកម្ពុជា។

ក្នុងឆ្នាំ២០១៦ គឺជាឆ្នាំនៃការដាក់ឱ្យដំណើរការជាលើកដំបូងនៃទីផ្សារឧបករណ៍និស្សន្ទនៅព្រះរាជាណាចក្រកម្ពុជា និងដោយមើលឃើញនូវវឌ្ឍនភាព ដ៏ធំធេងនៃទីផ្សារនេះ និងចង់ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍លើវិស័យនេះផង ក្រុមហ៊ុន Golden Fortune (Cambodia) Securities ក៏បានស្នើសុំអាជ្ញាបណ្ណ
ឈ្មួញជើងសាឧបករណ៍និស្សន្ដបន្ថែមមួយទៀត លើអាជ្ញាបណ្ណពាណិជ្ជករមូលបត្រដែលមានស្រាប់ពីគណៈកម្មមូលបត្រកម្ពុជា។

យោងតាមការវាយតម្លៃដ៏ល្អិតល្អន់របស់គណៈកម្មការមូលបត្រកម្ពុជា និងសមិទ្ធផលកន្លងមករបស់ ក្រុមហ៊ុនGolden Fortune (Cambodia) Securities អាជ្ញាបណ្ណឈ្មួញជើងសាឧបករណ៍និស្សន្ទត្រូវបានផ្តល់ដោយគណៈកម្មការមូលបត្រកម្ពុជាក្នុងឆ្នាំ២០១៨ ជាមួយគ្នានេះដែរ ក្រុមហ៊ុនក៏ទទួលបានអាជ្ញាបណ្ណបន្ថែមមួយទៀត ជាក្រុមហ៊ុនចែកចាយមូលបត្រក្នុងដំណាក់កាលបោះផ្សាយមូលបត្រជាសាធារណៈ។

ក្រោយពីទទួលបានអាជ្ញាបណ្ណ ក្រុមហ៊ុន Golden Fortune (Cambodia) Securities បានបន្តតួនាទីថ្មីមួយទៀតជាអ្នកជួយសម្រួលដល់អ្នកវិនិយោគិនក្នុងការជួញដូរឧបករណ៍និស្សន្ទក្នុងព្រះរាជាណាចក្រកម្ពុជា តាមរយៈការផ្តល់ចំណេះដឹងនៃការជួញដូរ ការវិភាគទីផ្សារអន្តរជាតិ និងការផ្តល់វេទិការជួញដូរដល់អ្នកវិនិយោគិន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជួញដូរឧបករណ៍និស្សន្ទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here