ដោយៈសុខុម
បាងកក: ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Property Perfect Plc (PF) ដែលចុះបញ្ជីនៅប្រទេសថៃ គ្រោងចាប់ផ្តើមគម្រោងលំនៅដ្ឋានម្ដង រហូតដល់ទៅ១៤គំរោង នៅឆ្នាំ២០២២។
យោងតាមកាសែត Bangkok Post ចុះផ្សាយនៅថ្ងៃទី២២ វិច្ឆិកា នេះឱ្យដឹងថា គម្រោងលំនៅដ្ឋានទាំង១៤នេះ មានតម្លៃសរុបប្រមាណ៦០០លានដុល្លារអាមេរិក ហើយក្រុមហ៊ុនមានគោលបំណងលក់មុនបញ្ចប់គម្រោង (Presale) និងប្រាក់ចំណូលឱ្យបាន៤៥៦លានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំ២០២១។
ការប្រកាសត្រៀមចាប់ផ្ដើមគម្រោងម្ដង ដល់ទៅជាង១០សម្រាប់ឆ្នាំក្រោយនេះ ឆ្លុះបញ្ចាំងពីស្ថានភាពប្រសើរឡើងគួរឱ្យអបអរសាទរ នៅក្នុងទីផ្សារអចលនទ្រព្យក្នុងប្រទេសថៃ ក៏ដូចជាទីផ្សារអចលនទ្រព្យក្នុងតំបន់ផងដែរ។
លោក Wongsakorn Prasitvipat នាយកគ្រប់គ្រងក្រុមហ៊ុន PF បានថ្លែងថា ទីផ្សារលំនៅដ្ឋានបានដំណើរការឡើងវិញហើយ បន្ទាប់ពីវិធានការរឹតបន្តឹងលើឥណទានត្រូវបានបន្ធូរបន្ថយកាលពីខែមុន ស្របពេលស្ថានភាពសេដ្ឋកិច្ចប្រសើរឡើង ហើយអ្នកទិញមានទំនុកចិត្តជាងមុន។
លោកបានបន្ថែមថា “ការលក់ និងចំនួនអតិថិជន ដែលចូលមើលទីតាំងគម្រោងរបស់យើងក្នុងខែតុលា បានកើនឡើង បន្ទាប់ពីធ្លាក់ចុះក្នុងខែមិថុនា។ ទោះជាយ៉ាងណា យើងប្រហែលជានៅតែមិនអាចសម្រេចបាន តាមគោលដៅដែលបានកំណត់នៅឆ្នាំនេះ ព្រោះទំនុកចិត្តក្នុងទីផ្សារ ទើបតែចាប់ផ្តើមត្រលប់មកវិញក្នុងត្រីមាសទី៤នេះ”។
នៅក្នុងត្រីមាសទី៣ ប្រាក់ចំណូលពីការលក់ផ្ទះរបស់ក្រុមហ៊ុន PF បានធ្លាក់ចុះ២៨%មកនៅត្រឹមប្រមាណ៦០លានដុល្លារអាមេរិក ខណៈប្រាក់ចំណូលពីអាជីវកម្មសណ្ឋាគារ បានធ្លាក់ចុះរហូតដល់ទៅ៦៨% មកនៅត្រឹមប្រមាណ៣លានដុល្លារអាមេរិក ជាមួយនឹងការខាតបង់ប្រមាណ៥លានដុល្លារអាមេរិក។
ក្រុមហ៊ុននេះរំពឹងថា ការលក់មុនបញ្ចប់គម្រោង (Presale) និងប្រាក់ចំណូលរបស់ខ្លួននឹងទទួលបានចន្លោះ ពីប្រមាណ៣៦៥ពាន់លានដុល្លារអាមេរិក ទៅប្រមាណ៣៩៥លានដុល្លារអាមេរិក នៅត្រឹមដំណាច់ឆ្នាំនេះ មុនពេលបង្កើនចំណូលទាំង២នេះឱ្យឈានដល់ប្រមាណជាង៤៥៥លានដុល្លារអាមេរិក នៅឆ្នាំ២០២២៕ Bangkok Post៕